Thursday, March 28, 2024
Homeព័ត៌មានជាតិជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ឡើងសុីទែនទឹក លោតសម្លាប់ខ្លួន

ជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ឡើងសុីទែនទឹក លោតសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ ជនត្រូវចោទម្នាក់ ដែលផឹកស្រាថ្នាំស្រវឹង រួចនឹកឃើញគំនុំចាស់កាលពី១០ឆ្នាំមុន ក៏ទាញដុំថ្មគប់ផ្ទះគូទំនាស់​ បណ្តាលឱ្យធ្លុះ៥កន្លែង និងកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តកណ្តាល បានធ្វេស្វីកម្មភាពឡើងទៅលើស៊ីទែនផ្ទុកទឹកនៅក្នុងបរិវេណពន្ធនាគារ រួចលោតទម្លាក់ខ្លួនចុះក្រោម បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីអំឡុងចុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ នៅក្នុងបរិវេណពន្ធនាគារខេត្តកណ្តាល។

ជនត្រូវចោទដែលលោតសម្លាប់ខ្លួន មានឈ្មោះមុត លីណាន អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ជាប់ចោទពីបទ “ធ្វើឱ្យខូចខាតដោយចេតនា” ប្រព្រឹត្តនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ជននេះត្រូវបានលោកគឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ឃុំខ្លួនកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមរបាយការណ៍របស់ពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះមុត លីណាន បានលោតសម្លាប់ខ្លួនពីលើស៊ីទែនផ្ទុកទឹកដ៏ធំក្នុងពន្ធនាគារ បណ្តាលឱ្យស្លាប់។ ប៉ុន្តែប្រភពខ្លះបានបង្ហើបប្រាប់ថា ករណីនេះមិនមែនជាករណីលោតសម្លាប់ខ្លួននោះទេ តែជាករណីវាយតប់គ្នាក្នុងពន្ធនាគារទៅវិញទេ។

យ៉ាងណាក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ករណីនេះ អយ្យការកំពុងធ្វើការស៊ើបអង្កេត និងពុំទាន់សម្រេចថាយ៉ាងណានៅឡើយ។

គួររំលឹកថា កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ជនត្រូវចោទឈ្មោះមុត លីណាន ក្រោយពីផឹកស្រាថ្នាំស្រវឹង នឹកឃើញគំនុំចាស់កាលពី១០ឆ្នាំមុន ក៏ក្តៅឆួលក្នុងចិត្តទប់មិនជាប់ស្ទុះទៅទាញដុំឥដ្ឋ ដុំថ្ម គប់ចូលផ្ទះគូទំនាស់ឈ្មោះព្រុំ សុវណ្ណ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បណ្តាលឱ្យធ្លុះធ្លាយចំនួន៥កន្លែង នៅចំណុចភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កខាងលើបានផឹកស្រាថ្នាំរហូតដល់ស្រវឹងជោកជាំ រួចក៏ស្រាប់តែនឹកឃើញគំនុំចាស់ រវាងខ្លួននិងឈ្មោះព្រុំ ភារម្យ ដែលត្រូវជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះខាងលើ ដែលធ្លាប់បានប្រព្រឹត្តហិង្សាមកលើខ្លួន (ជនបង្ក) កាលពី១០ឆ្នាំមុន ទើបធ្វើឱ្យជនបង្កផ្ទុះកំហឹងទាញដុំថ្ម និងដុំឥដ្ឋគប់សំដៅផ្ទះរបស់ឈ្មោះព្រុំ សុវណ្ណ បណ្តាលឱ្យរងការខូចខាត ធ្លុះធ្លាយជញ្ជាំងផ្ទះធ្វើអំពីស័ង្កសីចំនួន៥កន្លែង និងទ្វារបង្គន់ធ្វើអំពីជ័រ១កន្លែង តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះមុត លីណាន ទៅកាន់សាលាដំបូងខេត្តកណ្តាល និងត្រូវបានចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ លុះមកដល់ចុងខែធ្នូ ពោលគឺក្រោយពីជាប់ពន្ធនាគារបានប្រមាណកន្លះខែ ស្រាប់តែមានព័ត៌មានមកថា ជនត្រូវចោទរូបនេះបានលោតសម្លាប់ខ្លួនក្នុងពន្ធនាគារតែម្តង៕

RELATED ARTICLES