Friday, April 26, 2024
Homeព័ត៌មានជាតិម៉ែចុងមធ្យម ងំឪបង្កើត!!! វ៉ៃដំធ្វើទារុណកម្មរាល់ថ្ងៃ កូនស្រី២នាក់មកផ្ទះម្តាយបង្កើត លែងចង់ទៅវិញ

ម៉ែចុងមធ្យម ងំឪបង្កើត!!! វ៉ៃដំធ្វើទារុណកម្មរាល់ថ្ងៃ កូនស្រី២នាក់មកផ្ទះម្តាយបង្កើត លែងចង់ទៅវិញ

ខេត្តតាកែវ ៖ ក្មេងស្រីតូចៗ២នាក់ បានអះអាងថា ពួកនាងទាំង២នាក់បងប្អូន ដែលសព្វថ្ងៃកំពុងរស់នៅជាមួយឪពុកបង្កើត​និងម្តាយចុង ត្រូវបានពួកគាត់ទាំង២នាក់ វាយដំធ្វើបាប ដាក់ទារុណកម្មជារៀងរាល់ថ្ងៃ គ្មានត្រាប្រណីអ្វីសោះ ពិសេសឪពុករបស់ពួកនាងដែលងប់ស្រលាញ់ប្រពន្ធចុងខ្លាំងពេក គ្រាន់តែប្រពន្ធចុងទូលពិតតិចតួច មិនបានសួរនាំរកខុសត្រូវទេ បែរជាស្ទុះមកវាយដំពួកនាងថែម ធ្វើឱ្យពួកនាងទាំង២នាក់បងប្អូនរស់នៅក្រោមការភ័យខ្លាចយ៉ាងខ្លាំង។

ករណីស្ត្រីជាម្តាយចុង និងបុរសជាឪពុកបង្កើត រួមដៃគ្នាធ្វើទារុណកម្មលើកូនស្រី២នាក់នេះ ត្រូវបានស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីទាំង២ អំពាវនាវឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ជូនកូនស្រីរបស់នាងផង។

ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនបង្កើត ដែលទទួលរងទារុណកម្មពីសំណាក់ឪពុកបង្កើតនិងម្តាយចុង រួមមាន ទី១-ឈ្មោះង.ស.ម អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ និងទី២-ឈ្មោះង.ស.ណ អាយុ៩ឆ្នាំ រៀននៅសាលាបឋមសិក្សាវត្តស្ទឹង។ ក្មេងស្រីទាំង២នាក់ សព្វថ្ងៃស្នាក់នៅជាមួយឪពុកបង្កើតឈ្មោះង៉ែត សាវី អាយុជាង៣០ឆ្នាំ មុខរបររត់តាក់ស៊ី និងម្តាយចុងឈ្មោះរ៉ង ស្រីលីន អាយុ២៦ឆ្នាំ មុខរបរលក់ដូរក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ រីឯស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីទាំង២ មានឈ្មោះង៉ែត ចិន្តា មុខរបរលក់ខោអាវ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។

 

តាមសម្តីស្ត្រីជាម្តាយបង្កើតក្មេងស្រីរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ថា ក្រោយពីបានលែងលះជាមួយប្តីឈ្មោះង៉ែត សារី នាងក៏បានមករស់នៅជាមួយនឹងម្តាយបង្កើតឯខេត្តតាកែវ ដោយប្រកបរបរលក់ខោអាវចិញ្ចឹមជីវិត។ ចំណែកកូនស្រីទាំង២នាក់ខាងលើ ត្រូវប្តីយកទៅរស់នៅផ្ទះជាមួយនឹងប្រពន្ធចុងនៅខេត្តកំពត ហើយក៏រួមដៃគ្នាប្រើអំពើហិង្សាធ្វើទារុណកម្មលើកូនស្រីទាំង២នាក់នេះ ដោយគ្មានត្រាប្រណីសោះ។ ចំណែករឿងរ៉ាវបានបែកធ្លាយ ក្រោយពីកូនស្រីទាំងពីរនាក់បានសុំឱ្យឪពុកជូនមកលេងផ្ទះរបស់នាងជាម្តាយបង្កើត ហើយក៏ក្រាញននៀលមិនព្រមត្រឡប់ទៅរស់នៅជាមួយឪពុកវិញ ដោយអះអាងថា ពួកនាងត្រូវឪពុកបង្កើតនិងម្តាយចុងធ្វើបាបខ្លាំងណាស់។

តាមសម្តីក្មេងស្រីរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ថា ពួកនាងទាំងពីរនាក់សព្វថ្ងៃរស់នៅជាមួយឪពុកបង្កើតនិងម្តាយចុង និងត្រូវម្តាយចុង ប្រើធ្វើការសព្វបែបយ៉ាង ទាំងការងារធ្ងន់ ទាំងការងារស្រាល ពេលធ្វើខុស ក៏ត្រូវម្តាយចុងវ៉ៃ ធ្វើត្រូវក៏វ៉ៃ ពោលគឺត្រូវម្តាយចុងវ៉ៃដំតាមកំហឹងរបស់គាត់។ ហើយជារឿយៗ ម្តាយចុងតែងដាស់ពួកគេទាំង២នាក់បងប្អូន ឱ្យក្រោកនៅម៉ោង៣ឬ៤ទៀបភ្លឺ ដើម្បីធ្វើការងារផ្ទះ ហើយបើហ៊ានតែក្រោកយឺត ច្បាស់ជាត្រូវម្តាយចុងវ៉ៃមិនរើសមុខ ប្រទះអីវ៉ៃហ្នឹង។ ចំណែកឪពុកបង្កើតដែលរវល់ចេញទៅរត់តាក់ស៊ីបាត់ៗ ពេលត្រឡប់មកវិញ ត្រូវម្តាយចុង ទៅទូលពិតថា ពួកនាងមិនស្តាប់បង្គាប់ រឹងរូស ស្រាប់តែឪពុកស្ទុះមកវ៉ៃពួកនាងទាំង២នាក់ថែម ដោយមិនបានសួរបញ្ជាក់ពីហេតុផលអ្វីទាំងអស់។

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូន បានក្រាញននៀលមិនព្រមទៅរស់នៅជាមួយឪពុកបង្កើត និងម្តាយចុងឯស្រុកឈូក វិញទេ ព្រោះខ្លាចម្តាយចុង និងឪពុកវ៉ៃធ្វើបាបទៀត ហើយថ្មីៗនេះ ឪពុកថែមទាំងបានគំរាមពួកនាងទៀតថា ប្រយ័ត្នអញវ៉ៃទៀត ពេលដែលអញទៅយកមកវិញ។

ដោយសារតែទទួលរងការវាយដំធ្វើបាបខ្លាំងពេកហេតុនេះ សភាពរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ហាក់ភាំងៗ និងមានអារម្មណ៍ភ័យខ្លាច ព្រមទាំងស្រែកថាឈឺក្បាលមិនដាច់ទៀតផង។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីបុរសជាឪពុកបង្កើត ព្រមទាំងស្ត្រីជាម្តាយចុងដែលត្រូវបានក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើ ចោទប្រកាន់ថា បានវាយធ្វើបាប និងធ្វើទារុណកម្មមកលើពួកនាងបាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES