ប្តីកំណាចវ៉ៃប្រពន្ធទម្លាក់ពីលើឡាន រលូតកូនភ្លោះ ខឹងសុំលុយ៣មុឺនដុល្លារ រៀបការស្រីថ្មីមិនបាន

ភ្នំពេញ ៖ ស្ត្រីម្នាក់នេះមានវាសនាអភ័ព្វខុសគេ កំពុងមានផ្ទៃពោះកូនភ្លោះជិតគ្រប់ខែ ស្រាប់តែប្តីហេងស៊យសុំលុយយកទៅរៀបការប្រពន្ធថ្មី លុះប្រពន្ធអត់លុយឱ្យ ស្រាប់តែប្តីកំណាចផ្ទុះកំហឹងវ៉ៃប្រពន្ធដែលកំពុងពពោះកូនភ្លោះក្នុងផ្ទៃជិតគ្រប់ខែ ទម្លាក់ពីលើឡាន បណ្តាលឱ្យកូនភ្លោះត្រូវរលូតស្លាប់ ចំណែកប្រពន្ធត្រូវធ្លាក់ខ្លួនពិការដើរមិនរួចដល់សព្វថ្ងៃ។

អ្នកស្រីវង្ស ធារី

អ្នកស្រីវង្ស ធារី អាយុ៥០ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ បានរៀបរាប់ប្រាប់ថា គាត់ជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ មានឪពុកឈ្មោះយិន ស្រូយ ម្តាយឈ្មោះយី មួយ។ កាលពីក្មេងគាត់មិនសូវបានរៀនសូត្រនោះទេ ព្រោះជីវភាពគ្រួសារក្រីក្រពេក លុះពេលធំពេញវ័យក្រមុំ ក៏ត្រូវឪពុកម្តាយផ្សំផ្គុំឱ្យមានប្តីឈ្មោះយស់ រិទ្ធ និងបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល ត្បិតថា ជីវភាពក្រីក្របន្តិចមែន តែប្តីមិនដែលធ្វើឱ្យប្រពន្ធទាស់ចិត្តឡើយ មើលថែថ្នាក់ថ្នម ការងារអ្វីធ្ងន់ស្រាលមិនសូវឱ្យប្រពន្ធធ្វើឡើយ សុខចិត្តនឿយលំបាកតែម្នាក់ឯង ធ្វើឱ្យជីវិតគាត់រស់នៅមានសុភមង្គលល្អណាស់។

ប្តីកំណាចលឹម ថន

អ្នកស្រីវង្ស ធារី បន្តថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធគាត់ចាប់យករបរដឹកអុសលក់តាមរថយន្ត ដោយប្រឹងពួតដៃគ្នារកស៊ីទាំងពីរនាក់ ដោយគ្មានរួញរាអ្វីឡើយ លុះពេលកំពុងតែរួមរស់យ៉ាងមានសេចក្តីសុខ នៅអំឡុងឆ្នាំ២០០០ គ្រាដែលគាត់មានកូន៣នាក់ ជាចំណងនិស្ស័យនឹងគ្នាទៅហើយ ស្រាប់តែថ្ងៃមួយ ប្តីរបស់គាត់បានជួបគ្រោះអកុសល គ្រោះថ្នាក់ចរាចរណ៍ស្លាប់ចោលគាត់ និងកូនៗបាត់ទៅ បន្សល់ទុកកូន៣នាក់ ឱ្យគាត់រ៉ាប់រងចិញ្ចឹមយ៉ាងលំបាកលំបិន។

អ្នកស្រីវង្ស ធារី និងលោកលឹម ថន

អ្នកស្រីធារី បានឱ្យដឹងទៀតថា ក្រោយពីប្តីស្លាប់ចោលទៅ គាត់ត្រូវរកស៊ីដឹកអូសដើរលក់តែម្នាក់ឯង ប៉ុន្តែដោយសារខ្វះអ្នកបើកឡាន ទើបគាត់បានរកតៃកុងឡានមកជួយបើកឡានដឹកគាត់ដើរលក់។ ក្រោយមក គាត់ក៏បានទទួលកំលោះម្នាក់ ឈ្មោះលឹម ថន អាយុប្អូនគាត់ជាង១០ឆ្នាំ ឱ្យមកបើកឡានដឹកអុសលក់ជាមួយគាត់ ហើយតាំងពីនោះមក នៅពេលទៅណាមកណាជិតឬឆ្ងាយ ពួកគាត់ទាំងពីរនាក់តែទៅជាមួយគ្នាឱ្យត្រសងដូចលលកញីឈ្មោល ហើយប៉ះចំកំលោះនោះមានសម្តីផ្អែម ពូកែលួងលោម ធ្វើឱ្យគាត់រំសាយអារម្មណ៍លែងកើតទុក្ខ នឹកគិតដល់ខ្មោចប្តី និងថែមទាំងមានអារម្មណ៍ថាបាត់មុខកំលោះនេះមិនបានទៀតផង។

អ្នកស្រីវង្ស ធារី ពេលធ្លាក់ខ្លួនពិការ ដោយសារប្តីវាយទម្លាក់ពីលើឡាន

អ្នកស្រីធារី បានបន្ថែមថា ធម្មតាស្រមោចនិងស្ករនៅក្បែរគ្នាយូរទៅ លែងអីនឹងរួមរឹតគ្នា ជាក់ស្តែងកំលោះនោះពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែផ្តោះផ្តងព្រលយពាក្យស្នេហាដាក់គាត់មិនឈប់ រហូតដល់គាត់ទន់ចិត្តត្រូវរ៉ូវគ្នា ទាក់ទងស្នេហាអូនបងឱ្យរលួយ។ ត្បិតថា គាត់ជាមេម៉ាយកូន៣ និងថែមទាំងមានវ័យចាស់ជាងគេ ដល់ទៅជាង១០ឆ្នាំ ប៉ុន្តែកំលោះលឹម ថន នៅតែផ្តល់តម្លៃលើកកិត្តិយសគាត់ ដោយឱ្យម្តាយរបស់គេចូលស្តីដណ្តឹងគាត់រៀបការពេញច្បាប់ទៀតផង។ លុះចាប់តាំងពីក្លាយជាប្តីប្រពន្ធគ្នាមក សេចក្តីសុខរបស់គាត់មានតែមួយឆាវដំបូងប៉ុណ្ណោះ ព្រោះតែប្តីក្មេងហាក់បែកគំនិតរំសាយចិត្តស្រលាញ់ចំពោះប្រពន្ធចាស់ ចេះតែលួចលាក់ទាក់ទងស្រីថ្មីរាប់មិនអស់ និងឧស្សាហ៍ដើរចោលផ្ទះបាត់ៗ។

អ្នកស្រីធារី បានបញ្ជាក់ថា លុះក្រោយមក គាត់ក៏ចាប់ផ្តើមមានផ្ទៃពោះ លុះពេលទៅពិនិត្យ ឃើញថា ជាកូនភ្លោះទៀតផង ធ្វើឱ្យគាត់សប្បាយចិត្តយ៉ាងខ្លាំង ប៉ុន្តែប្តីហាក់មិនសប្បាយរីកថ្លើមជាមួយគាត់សោះ ព្រោះគេកំពុងវក់នឹងស្រីក្មេងម្នាក់ទៀតទៅហើយ។ តាំងពីនោះមក ប្តីនេះចេះតែរករឿងកោសរូសគាត់ជាប្រពន្ធមិនឈប់ ដោយចេះតែទាមទារយកស្រីម្នាក់នោះជាប្រពន្ធថែមម្នាក់ទៀត តែគាត់មិនព្រម។ លុះពេលកូនក្នុងផ្ទៃគ្រប់ខែ នៅសល់តែ១៩ថ្ងៃទៀត ដល់ថ្ងៃសម្រាលទៅហើយ បែរជាប្តីបានមកទាររកលុយពីគាត់ជាប្រពន្ធចំនួន៣ម៉ឺនដុល្លារ យកទៅរៀបការជាមួយនឹងស្រីថ្មី លុះពេលគាត់ប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែពេលដែលកំពុងបើករថយន្តដឹកគ្នាចេញទៅលក់អុសដូចសព្វដង ប្តីកំណាចនេះក៏បានវ៉ៃគាត់ដែលកំពុងមានផ្ទៃពោះកូនភ្លោះ ទម្លាក់ពីលើឡាន បណ្តាលឱ្យរងរបួសធ្ងន់ស្ទើរស្លាប់ស្ទើររស់ លុះពេលបញ្ជូនទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់ថា កូនភ្លោះក្នុងផ្ទៃរបស់គាត់បានស្លាប់ទៅហើយ ហេតុនេះមានតែវះកាត់យកចេញ ដើម្បីស្រោចស្រង់ជីវិតគាត់ជាម្តាយ។ ចំណែកគាត់ ត្បិតថាបានរួចពីសេចក្តីស្លាប់ ប៉ុន្តែត្រូវធ្លាក់ខ្លួនពិការដើរមិនរួចរហូតមកដល់សព្វថ្ងៃ រស់នៅយ៉ាងលំបាកវេទនា តែសំណាងបានកូនៗជួយមើលថែ និងបានអ្នកជិតខាងចិត្តបុណ្យចិត្តធម៌ ចេះតែជួយយកអាសាររហូតមក។ ដោយឡែកប្តីកំណាចរូបនោះ តាំងពីប៉ងសម្លាប់គាត់មិនបានសម្រេចមក ក៏គេចខ្លួនបាត់ស្រមោល មិនដែលឃើញអើតឈ្ងោកមករកគាត់ទេ មិនដឹងជាស្លាប់រស់នៅឯណាក៏មិនដឹង៕

 

 

អត្ថបទមុនៗ

គ្រោះថ្នាក់មើលមិនឃើញទេ លើកក្រោយកុំទៅអង្គុយក្បែរទៀត

ខេត្តប៉ៃលិន ៖ បុរសម្នាក់បានធ្វើការកែច្នៃកាំភ្លើងឆ្នុកមួយដើម សម្រាប់ដើរបរបាញ់សត្វ ចំណែកស្ត្រីជាប្រពន្ធហេតុតែចង់មើលប្តីច្នៃកាំភ្លើងផង ចង់ឱ្យកម្លាំងចិត្តប្តីផង ក៏អង្គុយមើលចំពីមុខកាណុងកាំភ្លើង ដឹងអី! ប្តីធ្វើការកែច្នៃខុសបច្ចេកទេស ស្រាប់តែធ្វើឱ្យផ្ទុះត្រូវចំដៃ និងធ្លាយពោះប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍ប្តីច្នៃកាំភ្លើងភ្លាត់ស្នៀតផ្ទុះចំប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

ស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះមាស គែម អាយុ៥២ឆ្នាំ មុខរបរកសិករ រងរបួសចំដៃ និងពោះធ្ងន់។ ចំណែកជនបង្កជាប្តី មានឈ្មោះខឿង ព្រិច អាយុ៤៩ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរមានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាប្តីបានយកកាំភ្លើងចាស់មកកែច្នៃ ដើម្បីទុកដើរបរបាញ់សត្វ ស្របពេលនោះ ស្ត្រីរងគ្រោះជាប្រពន្ធបានមកអង្គុយពីមុខប្តី ចាំមើលប្តីច្នៃកាំភ្លើងផង និងដើម្បីជាការផ្តល់កម្លាំងចិត្តឱ្យប្តីប្រឹងធ្វើការងារផង ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បុរសជាប្តីធ្វើការកែច្នៃខុសបច្ចេកទេស ក៏បណ្តាលឱ្យផ្ទុះឮសូរផះ ត្រូវចំស្ត្រីរងគ្រោះជាប្រពន្ធដែលអង្គុយពីមុខពេញទំហឹង បណ្តាលឱ្យចំដៃ និងផ្ទៃពោះយ៉ាងធ្ងន់ធ្ងរតែម្តង។

លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការក្រុងប៉ៃលិន បានឱ្យដឹងថា ក្រោយពេលកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានបងប្អួនសាច់ញាតិដឹកបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកជនបង្កជាប្តី ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះធ្វើការឃាត់ខ្លួន ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធី។

គួររំលឹកថា ករណីកែច្នៃកាំភ្លើងនៅខេត្តប៉ៃលិន ហាក់កើតមានច្រើនខ្លាំងណាស់ និងបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាញឹកញាប់ ជាក់ស្តែង ថ្មីៗកន្លងទៅនេះ មានករណីធ្វើអត្តឃាតនៅភ្នំស្រង់ ក្នុងស្រុកសាលាក្រៅ និងការធ្វើអត្តឃាតនៅសង្កាត់អូរតាវ៉ៅ ដែលសុទ្ធតែប្រើប្រាស់កាំភ្លើងច្នៃ។ ហេតុនេះ ប្រជាពលរដ្ឋបានសំណូមឱ្យសមត្ថកិច្ចជួយចុះស្រាវជ្រាវបញ្ហាខាងលើនេះផង ពិសេសក្តាប់ឱ្យបាននូវការគ្រប់គ្រង់អាវុធកែច្នៃ ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៕

http://www.nokorthomdaily.com/2018/01/shooting-59533/