Friday, March 29, 2024
Homeបរិយាយជម្លោះក្នុងគ្រួសារ និងសង្គម

ជម្លោះក្នុងគ្រួសារ និងសង្គម

ពាក្យស្លោកបុរាណ ជាឃ្លោងឃ្លា ១ល្បះថា “ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ”។ មានខ្លឹមសារអប់រំមនុស្សគ្រប់ជាតិសាសន៍ ជាពិសេស ជនជាតិខ្មែរហ្នឹងតែម្តង កុំយកជម្លោះ មកដាក់ខ្លួន នាំឱ្យគេមើលងាយ។ គូស្វាមីភរិយាជាមេគ្រួសារ បើឈ្លោះគ្នា ដូចស្រាតសំពត់បង្ហាញកេរ្តិ៍ខ្មាសឱ្យគេឃើញ រីឯ អ្នកនយោបាយ ជាអ្នកនាំដឹកនាំបក្ស ឬសង្គម បើមានជម្លោះផ្ទុះឡើង ដូចប្រាប់កំណប់មាស ឱ្យចោរទៅជីកយកដែរ ដែល “នគរធំ” សូមលើករឿងជម្លោះទាំងពីរប្រភេទខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ៖ ឃ្លោងឃ្លានេះ សំដៅដល់គូស្វាមីភរិយា ឬបងប្អូន រស់ក្រោមដំបូលតែមួយ តែងជួបភាពរកាំរកូសខ្លះៗ បើមិនច្រើនក៏តិចតួចដែរ មិនអត់សោះនោះទេ ព្រោះធម្មតា “ចានក្នុងរាវ លែងអីនឹងទង្គិចគ្នា”។ ចំពោះប្តីប្រពន្ធរៀបការពេញច្បាប់ បើកើតវិវាទទាស់ទែងខ្វែងគំនិតគ្នា អាចនឹងឈានដល់អំពើហិង្សា វាយតប់ ជេរបញ្ចោរគ្នា ផ្អើលអ្នកជិតខាងទៅឈរស្តាប់មិនខាន។ ពេលនៅល្អូកល្អិននឹងគ្នា ពួកគេប្រើពាក្យ “អូន-បង អូនសម្លាញ់ បងសម្លាញ់” ឱ្យផ្អែមរលួយ លុះផ្ទុះជម្លោះ ពាក្យពីរោះទាំងនោះក៏រលាយបាត់អស់ នៅសល់តែពាក្យ “អ្ហែង អ្ងែង ហង អានេះ” ជួនកាលប្តីជេរប្រពន្ធ “មីសំផឹង” ក៏សឹងមាន។ បើប្តីហ៊ានជេររបៀបនេះ អ្នកជិតខាងស្តាប់ឮ នឹងម៉ៃថា មកពីប្រពន្ធ ហ្នឹងមានសហាយស្មន់ ឬលក់ខ្លួនឱ្យប្រុសបន្តពី ម្នាក់ទៅម្នាក់ដូចស្រីពេស្យាផ្កាមាស បានជាប្តីជេរធ្ងន់ៗយ៉ាងនេះ។ កាលបើមានឈ្មោះថា “មីសំផឹង” មានន័យស្មើនឹង “ដូចស្រាតកាយា បង្ហាញញាតិ” នេះឯង ព្រោះធម្មតាស្រីខូច ទាល់តែស្រាត ទើបគេឱ្យលុយ។ តាមពិតទៅ នាងប្រពន្ធនោះស្មោះត្រង់នឹងប្តីទេ ប៉ុន្តែ លោកប្តីនោះប្រចណ្ឌពេក លុះត្រូវអាការសាហាវចូលពោះ ក៏ជេរប្រពន្ធអត់អាសូរ លុះស្វាងស្រវឹង កំហឹងរសាយ ក៏ដេក ឱបគ្នាទល់ភ្លឺ ប៉ុន្តែ កិត្តិយសដែលពួកគេខំរកបាន ត្រូវវិនាសអន្តរាយ ដោយសារតែជម្លោះនេះឯង។

-ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ ៖ នៅក្នុងប្រទេសមួយក៏ដូចជាសង្គមមួយដែរ មានមនុស្សរាប់ លាននាក់រស់នៅ ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ឬរាជានុសិទ្ធិ ដែលកាន់ “អំណាចនីតិប្រតិបត្តិ”។ ក្នុងសង្គមបុព្វកាល តែងតែមានជម្លោះដណ្តើមរាជ្យគ្នា កើតជាសង្គ្រាមឈាមដាបធរណី ដែលពេលកើតសង្គ្រាម នោះ ភាគីម្ខាងៗជេរបញ្ចោរគ្នាទល់មុខ ព្រោះគ្មានវិទ្យុ ទូរទស្សន៍ ឬមីក្រូ ដូចសព្វថ្ងៃ។ ការជេរគ្នានោះ ជួនកាលឆ្កឹះឆ្កៀលពីករណីអ្នកកាន់អំណាចបន្លំយកប្រាក់ពន្ធ ទៅជីកកប់ទុក ឬចោទប្រកាន់ថា បានរឹបអូសយកទ្រព្យសម្បត្តិប្រជារាស្ត្រ ទៅលាក់ទុកជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ធម្មតានៅក្នុងជួរកងទ័ព តែងតែមាន “ខ្មាំងបង្កប់” មិនខាន លុះពួកបង្កប់ស្តាប់ឮ ក៏ បញ្ជូនសារទៅប្រាប់អ្នកដឹកនាំប្រទេសខ្លួនឱ្យទៅជីកកំណប់នោះខ្ទេច ដែលជាខ្លឹមសារឃ្លោងឃ្លា “ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ” នេះឯង ព្រោះជាតិសាសន៍ឯងឈ្លោះគ្នា អត់គិតពីកម្លាំងបង្កប់របស់ប្រទេសជិតខាង បណ្តាលឱ្យបាត់បង់ផលប្រយោជន៍ទាំងទ្រព្យសម្បត្តិរដ្ឋ និងបែកធ្លាយយុទ្ធសាស្ត្រនយោបាយឱ្យគេដឹងគ្មានសល់។

បច្ចុប្បន្ន “ឈ្លោះគ្នាក្នុងគ្រួសារ” ថ្ងៃណាក៏ឃើញកាសែតចុះផ្សាយដែរ ចាត់ទុកជារឿងធម្មតា ប៉ុន្តែ “ឈ្លោះគ្នាក្នុងសង្គម ជាតិ” មិនមែនជារឿងធម្មតានោះឡើយ ដែលគួរពិនិត្យពិចារណា។ បន្ទាប់ពីតុលាការកំពូល ចេញសាលដីកា “រំលាយគណបក្សសង្គ្រោះជាតិ” មក អតីតមន្ត្រីបក្សប្រឆាំងក្នុងស្រុក សំងំឱ្យឈឹង ប៉ុន្តែ អ្នកនៅក្រៅប្រទេស “ជេរប្រទេចបក្សកាន់អំណាច” គ្មានលស់ថ្ងៃ តាមរយៈយូធូប ហ្វេសប៊ុក និងវិទ្យុបរទេស។ ចំណែកអ្នកគាំទ្របក្សកាន់អំណាច ក៏ជេរបកវិញ ចាត់ទុកគ្នាជា សត្រូវស៊ីសាច់ រហូតដល់បំផុសចលនាដុតរូបទីងមោងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអាណិកជននៅអូស្ត្រាលី-កាណាដា។ រីឯអ្នកគាំទ្របក្សកាន់អំណាច ក៏មានដុតរូបថតលោកសម រង្ស៊ី ជាកិច្ចឆ្លើយតបវិញដែរ ជាហេតុនាំឱ្យអន្តរជាតិ បាំងដៃមើល និងយល់ថា “ខ្មែរតែប៉ុណ្ណឹង” តាំងពីលួតលាមក។

រឿងដែលអន្តរជាតិថា “ខ្មែរតែប៉ុណ្ណឹង” មកពីគេធ្លាប់ដឹង គឺឱ្យតែមានជម្លោះនយោបាយកើតឡើង តែងបំផុសការជេរ ប្រទេច ដាក់បណ្តាសា បាចអង្ករ បាចអំបិល តាមជំនឿអរូបី ឬ “សិល្ប៍ធ្មប់”។ កាលពីអំឡុងឆ្នាំ១៩៧០-១៩៧៥ បន្ទាប់ពី មានរដ្ឋប្រហារទម្លាក់សម្តេចឪ ព្រះបរមរតនកោដ្ឋ រួចមក “រណសិរ្សរួបរួមជាតិកម្ពុជា” បានបង្កើតឡើង ដែលការដឹកនាំ ខាងនីតិប្រតិបត្តិនៅលើកណ្តាប់ដៃមេខ្មែរក្រហមទាំងអស់។ ខ្មែរក្រហម មានវិទ្យុផ្សាយសំឡេង “ជាប់លេខ១ខាងជេរបញ្ចោរ”។ បើកស្តាប់ពេលណា ឮតែវិទ្យុនោះជេរថា “អាឆ្កែលន់ នល់ អាឆ្កែសិរីមតៈ អាឆ្កែអ៊ិន តាំ” ឬប្រើពាក្យអសុរោះថា “អាខ្នុល អាតាក់ អាតាំ ពួកអាឧត្តមសេនីយ៍ក្បត់ជាតិ” ជាដើម។ ចំណែកវិទ្យុខាងសាធារណរដ្ឋខ្មែរ មិនដែលជេរខ្មែរដូចគ្នាទេ ប៉ុន្តែ បានលាបពណ៌ខ្មែររណសិរ្ស ថាជា “ពួកឈ្លានពានវៀតកុង វៀតណាមខាងជើង” ទោះជាពេលប្រយុទ្ធគ្នាលើសមរភូមិ មាន ស្លាប់យុទ្ធជនកងទ័ពរំដោះ ក៏គេមិនថាខ្មែរដែរ ដោយថតចុះកាសែតថា ជា “ខ្មោចយួនឈ្លានពាន” ទៅវិញ។ ជម្លោះនយោបាយ ក្លាយជាសង្គ្រាមនោះ ដៀមដាម ជេរគ្នាយូរៗទៅ ក៏ធ្លាយបែកការរឿងលោកលន់ នន់ ប្អូនប្រុសលោកសេនាប្រមុខលន់ នល់ កឹបកេងប្រាក់កងទ័ព ចំនួន៩៣លានដុល្លារ យកទៅផ្ញើនៅធនាគារស្វីស ឯណាទៅវិញ ដែលការបែកធ្លាយនេះ ចេញដោយចារកម្ម បរទេស។ ត្រង់ហ្នឹងហើយដែលថា “ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ” ពោលគឺ កំណប់យកទៅលាក់ឯណា ក៏អន្តរជាតិដឹងដែរ ព្រោះតែខ្មែរគ្នាឯងជេរដៀលសម្អុយគ្នាតាមវិទ្យុ សារព័ត៌មាន និងមាត់ក្អែកមាត់ព្រាប។

ឥឡូវអ៊ីចឹងទៀតហើយ យើងឃើញពួកប្រឆាំងនៅក្រៅប្រទេស ជេរប្រទេចបកអាក្រាតមន្ត្រីបក្សកាន់អំណាច យ៉ាង ចាស់ដៃ រីឯអ្នកគាំទ្របក្សកាន់អំណាច ក៏ជេរបកវិញមិនធម្មតា ព្រោះតែនិន្នាការនយោបាយ។ សូម្បីតែតុលាការ ក៏រងការ ជេរប្រទេច និងចោទប្រកាន់ថាជា “អាយ៉ងរបស់បក្សកាន់អំណាច” ដែរ ព្រោះតែអ្នកចាញ់ក្តី “ផ្ទុះភ្នំភ្លើងចេញពីក្នុងទ្រូង”។ “ច្បាប់ក្រមង៉ុយ” ១ល្បះថា “អ្នកក្តីជាភ្លើង កុំកាត់កាន់ជើង អ្នកម្ខាងមើលងាយ ចៅក្រមជាទឹក រំព្ញករំលាយ កុំជេរកុំវាយ បង្ខំនាំខុស” ដែលមានខ្លឹមសារថា អ្នកកើតក្តីក្តាំ សុទ្ធតែក្តៅក្រហាយរៀងខ្លួន តម្រូវឱ្យចៅក្រម តាំងខ្លួនជាទឹករំលត់ភ្លើងនោះ ដោយកាត់ក្តីកុំកាន់ជើង កុំបង្ខំនាំឱ្យខុសច្បាប់ ជាហេតុនាំឱ្យបរទេសមើលងាយ។

រឿងពាក់ព័ន្ធដល់ “ឈ្លោះគ្នាក្នុងសង្គមជាតិ” គឺវា “ជាន់ដានប្រវត្តិសាស្ត្រ” ដោយសារ អ្នកចាញ់ធ្វើអីគេមិនកើត ក៏ អាងជេរ ចំណែកអ្នកឈ្នះមិនសូវជេរពេកទេ ប៉ុន្តែ ពូកែខាងលាបពណ៌។ ដូចលើកឡើងរួចមកហើយ ពីរឿងវិទ្យុខ្មែរក្រហម ជេររបបលន់ នល់ ប៉ុន្តែ វិទ្យុលន់ នល់ មិនជេរតបវិញទេ តែផាត់ពណ៌ឱ្យខ្មែរក្រហម ថាជា “វៀតកុង វៀតណាមខាងជើង សត្រូវសួពូជ” ទៅវិញ។ លុះចូលមកដល់សម័យរដ្ឋកម្ពុជា ឈានដល់រាជាណាចក្រទី២ ខ្មែរក្រហម ដែលក្លាយជា “ឧទ្ទាមក្រៅ ច្បាប់” ក៏នៅតែជេររបបក្រុងភ្នំពេញ ដោយពាក្យអសុរោះ រហូតដល់មានការធ្វើសមាហរណកម្ម ទើបបញ្ឈប់ការជេរ ខណៈ ដែលវិទ្យុពូកែជេរនោះ ត្រូវទុកចោលឱ្យច្រែះស៊ី។ កាលបើខ្មែរជេរគ្នា ឈ្លោះគ្នាមិនឈប់ វាទៅចំណេញឯប្រទេសជិតខាង បាំងដៃមើល ជួនកាល គេរកល្បិច “អូសទាញវិនិយោគឱ្យទៅរកស៊ីនៅស្រុកគេ” ក៏ថាបាន ដូចករណីវៀតណាម បង្ហាញភាព ស្និទ្ធស្នាលជាមួយអាមេរិក ផ្ទុយពីអាមេរិក ដាក់សម្ពាធលើកម្ពុជា អាចនាំផលចំណេញដល់វៀតណាម ឯណោះ។

សរុបទៅ ឃ្លាឃ្លោងថា “ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់ បង្ហាញចោរ” មានខ្លឹមសារអប់រំមនុស្សខ្មែរ អ្នកនយោបាយខ្មែរ កុំឱ្យជាន់ដានប្រវត្តិសាស្ត្រ។ ជម្លោះវាគ្មានបាននាំផលចំណេញ អ្វីឱ្យគ្រួសារ ឬសង្គមនោះទេ បានត្រឹមញាតិជិតខាងសើចចំអក ព្រោះឮប្តីជេរប្រពន្ធដូចមិនស្លៀកសំពត់ រីឯអ្នកគាំទ្រនយោបាយជេរគ្នា បកអាក្រាតពីរឿងពុករលួយ ជាដើមនោះ ដូចបង្ហាញផ្លូវប្រទេសជិតខាង ឱ្យរកល្បិចយកចំណេញពីខ្មែរតែប៉ុណ្ណោះ ដែលជាបរិបទសម្រាប់អ្នកនយោបាយពិចារណា…”៕

ដោយ អាចារ្យថាំ

RELATED ARTICLES