Wednesday, April 24, 2024
Homeបរិយាយរបបណាក៏មានចារកម្ម

របបណាក៏មានចារកម្ម

ការឆ្លើយឆ្លងចោទប្រកាន់គ្នា រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ពាក់ព័ន្ធដល់រឿងចារកម្ម ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតាមដាន និងបញ្ចោញទស្សនៈខុសៗគ្នា តាម និន្នាការនយោបាយ។ ទោះយ៉ាងណា របបណា សង្គមណា ឥស្សរជនណា ក៏មានចារបុរស ចារនារី ជួយផ្តល់ការសម្ងាត់ដែរ ព្រោះបើចារកម្មខ្លាំង នយោបាយខ្លាំង បើចារកម្មខ្សោយ នយោបាយខ្សោយ ដែល “នគរធំ” សូមលើកពី “របបណាក៏មាន ចារកម្ម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ចារកម្ម” មានន័យថា ការស៊ើបអង្កេត ស៊ើបការណ៍ ឈ្លបយកការសម្ងាត់។ អ្នកធ្វើចារកម្ម បើជាប្រុស ហៅថា “ចារបុរស” បើជាស្រី ហៅថា “ចារនារី” មានតួនាទីស៊ើបការណ៍ ឬជាអ្នកស៊ើបសួរ អ្នកឈ្លបយកការសម្ងាត់ពីទីតាំង ឬរដ្ឋណា មួយ ទៅឱ្យរដ្ឋមួយទៀត ដែលជាអ្នកជួលខ្លួនឱ្យបំពេញការងារនេះ។

ជាទូទៅ របបណា សង្គមណា ឬព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី មេទ័ព មេបន្ទាយ សុទ្ធតែមានចារបុរស ចារនារី បញ្ជូនទៅធ្វើការសម្ងាត់នៅទីតាំងបច្ចាមិត្ត ដើម្បីយកប្រៀបលើយុទ្ធសាស្ត្រនយោបាយ។ នៅក្នុងរឿង “មហោសថ ជាតក” ព្រះពោធិសត្វ ជាតួឯកនៃរឿង ក៏បានបញ្ជូន “អនុកេវដ្តព្រាហ្មណ៍” ចូលទៅស៊ើបការណ៍ក្នុងវាំងស្តេចចូឡនី ព្រហ្មទត្ត និង “សោកសោមបណ្ឌិត” ទៅយកការណ៍ពី “នាងសារិកា”។ ពេលស៊ើបដឹងពីការសម្ងាត់អ្វីមួយ អនុកេវដ្តព្រាហ្មណ៍ តែងសរសេរសារសម្ងាត់ ចងភ្ជាប់នឹងចុងព្រួញ រួចបាញ់រំលងកំពែងវាំង ទៅធ្លាក់នៅខាងក្រៅ ដែលកាន់កាប់ដោយកងទ័ព ព្រះមហោសថ រួចពួកសេនាក៏យកសារសម្ងាត់នោះ ទៅជូនមហាសថ ជាមេទ័ពបានដឹងពីកិច្ចការផ្ទៃក្នុងរាជវាំងស្តេចជាសត្រូវ គ្មានសល់។ ចំណែកសេកសោមបណ្ឌិត បានទៅលួងលោមយកនាងសារិកា ជាគូស្នេហ៍ រួចសួរដឹងខ្ទេចខ្ទីពីសកម្មភាពស្តេច ចូឡនីព្រហ្មទត្ត និងមហេសី។ បន្ទាប់មក សេកចារកម្មនោះ ក៏ហើរទៅប្រាប់មហោសថ ជាម្ចាស់របស់ខ្លួន។

ដោយឡែកនៅក្នុងឯកសារមហាបុរសខ្មែរ ក៏បានចារទុកយ៉ាងពិស្តារពី “ព្រះបាទពញាយ៉ាត” បានចាត់ចារបុរស១២ នាក់ ឱ្យប្លមខ្លួនចូលបម្រើ “ព្រះឥន្ទរាជា” ដែលជាបុត្រស្តេចសៀម ពេលឈ្លានពានទឹកដីខ្មែរ បានគ្រងរាជ្យនៅក្រុងអង្គរ។ ចារបុរសទាំង១២នាក់នោះ ជា “កំពូលដាវឯក” បានចូលលុកធ្វើគុតព្រះឥន្ទរាជា សុគតទៅ ទើបព្រះពញាយ៉ាត លើកទ័ព ចូលរំដោះបានក្រុងអង្គរ មកវិញ បានទាំងយក “អ្នកម្នាងស្រងៀម” ដ៏បវរ ទុកជាស្នំឯកទៀតផង​ (អ្នកម្នាងស្រងៀម ជាស្រី សៀម ដែលគេនាំមកថ្វាយព្រះឥន្ទរាជា ប៉ុន្តែ ព្រះបាទពញាយ៉ាត សព្វព្រះទ័យ ក៏យកអ្នកមេម៉ាយនោះ ជាស្នំឯក បង្កើត បានបុត្រ ព្រះនាម “ធម្មរាជា” ក្រោយមកបានក្លាយជាព្រះមហាក្សត្រខ្មែរ)។

ចំណែកស្តេចកន ក៏បានប្រើ “ឧកម៉ឺនសុរិន្ទកែវ” និងបក្ខពួកមួយចំនួន ប្លមខ្លួនចូលបម្រើព្រះបាទស្រីសុគន្ធបទ ដោយ ជួលដាច់ថ្លៃ។ ក្នុងឯកសារសរសេរជាអាទិ៍ថា “មហាឧបរាជកន ក៏យកមាសពីររយជញ្ជីង ប្រាក់ស្លឹងបុរាណ ៤០ជញ្ជីង ប្រគល់ ទៅឱ្យឧកម៉ឺនសុរិន្ទកែវ ឱ្យយកទុកជាស្បៀងតាមផ្លូវ ហើយតាំងឧកម៉ឺនសុរិន្ទកែវ ឱ្យគ្រងទីយមរាជ” ឃ្លានេះបានសេចក្តីថា ស្តេចកន ពេលកំពុងធ្វើសង្គ្រាមជាមួយបងថ្លៃ (ព្រះបាទស្រីសុគន្ធបទ) ក៏អូសទាញបាននាយកែវ ដែលជាកូនមន្ត្រីមួយរូប ខាងព្រះបាទស្រីសុគន្ធបទ មកធ្វើការបម្រើ ដោយមុនដំបូងឱ្យបុណ្យស័ក្តិត្រឹម “ឧកម៉ឺន” (ស័ក្តិ៣ហ៊ូពានើ)។ ស្តេចកន សន្យា ប្រទានបុណ្យស័ក្តិជា “ឧកញ៉ាយមរាជ” បើនាយកែវ ធ្វើការបានសម្រេច ហើយមុននឹងបញ្ជូនទៅ ស្តេចកន បានធ្វើឧបាយកលចាត់មនុស្សជំនិតឱ្យចាប់ឧកម៉ឺនសុរិន្ទកែវ វាយ៣០ខ្វាប់​ (វាយនឹងរំពាត់ក្តគោ វេញនឹងដែកលួស) បែកឈាមពេញខ្លួន លុះព្រះបាទស្រីសុគន្ធ បានឃើញស្នាមរបួស ជឿស្លុង ក៏យល់ព្រមទទួលឱ្យនៅធ្វើការបម្រើ ហើយទីបំផុត ឱកម៉ឺនសុរិន្ទកែវ ក៏នាំបក្ខពួកចូលលុកធ្វើគុតព្រះបាទស្រីសុគន្ធបទ បាន។

នៅក្នុង “សង្គ្រាមលោកលើកទី២” ហ៊ីត្លែរ មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ ក៏បានបញ្ជូនចារបុរស ចារនារី ចូលទឹកដីសហភាពសូវៀត និងទ្វីបអឺរ៉ុប ជាហេតុនាំឱ្យជនផ្តាច់ការនោះ ធ្វើសង្គ្រាមវាតទីយកបានទឹកដីមួយចំហៀងទ្វីបអឺរ៉ុប ព្រោះតែ ចារកម្មខ្លាំងនេះឯង។ លុះសូវៀត បារាំង អង់គ្លេស បញ្ជូនចារកម្មទៅយកការសម្ងាត់ពីអាល្លឺម៉ង់ វិញ ជាហេតុនាំឱ្យហ៊ីត្លែរ និងសម្ព័ន្ធមិត្តមូសូលីនី (អ៊ីតាលី) ក៏ដូចសម្ព័ន្ធមិត្តជប៉ុន ចុះចាញ់សង្គ្រាម។

កាលពីសម័យសង្គមរាស្ត្រនិយម ក៏មានពាក្យចចាមអារ៉ាមថា លោកសម សារី ឪពុកលោកសម រង្ស៊ី ជាចារបុរសរបស់ សម្តេចឪ ដែរ ដោយគាត់បានចូលទៅធ្វើការក្នុងចលនាខ្មែរសេរី របស់សឺង ង៉ុកថាញ់ ប៉ុន្តែ ដោយធ្លាយការសម្ងាត់ លោកសម សារី ក៏ត្រូវភ្នាក់ងារ CIA បញ្ឆោតយកទៅសម្លាប់ចោលនៅព្រំដែនកម្ពុជា-លាវ។ ទោះយ៉ាងណា សម័យនោះ គេជេរលោក សម សារី ថា “អាក្បត់ជាតិ” សូម្បីតែសិស្សបឋមសិក្សា ក៏ចេះជេរដែរ ដូចទំនុកច្រៀងមួយថា “ឱស្វាយចន្ទី អាសម សារី អាសឺង ង៉ុកថាញ់ កុំជេរសម្តេចឪអញ ប្រយ័ត្នអញបាញ់ដូចអាព្រាប អ៊ិន” រឿងនេះ ពុំដឹងជាពិត ឬពុំពិតទេ ព្រោះសម្តេចឪ ក្រោយឆ្នាំ១៩៧០ មានរដ្ឋប្រហារកើតឡើង មិនដែលមានព្រះបន្ទូលពីករណីលោកសម សារី ប៉ុន្តែ ព្រះអង្គបានយកលោក សម រង្ស៊ី ជាកូនប្រុសលោកសម សារី មកធ្វើការជាមួយ ក្នុង “ចលនាត្រីភាគី”។

ជាទូទៅ ចារបុរស ចារនារី លុះត្រាតែជួលដាច់ថ្លៃ ឬអ្នកជួលនោះហ៊ានធានាអាយុជីវិតគេ ប្រពន្ធកូនគេ ទើបគេហ៊ាន ទទួលការងារនោះ ព្រោះបើភ្លាត់ស្នៀត នឹងត្រូវភាគីម្ខាងទៀតសម្លាប់ចោល ឬចាប់ដាក់គុក។ នៅពេលបំពេញភារកិច្ចសម្ងាត់ បានសម្រេច ស្រាប់តែអ្នកជួលនោះ បំភ្លេចពាក្យសន្យា មិនផ្គត់ផ្គង់ជីវភាព មិនឱ្យបុណ្យស័ក្តិ ឬស្រវាអ្នកថ្មី ភ្លេចអ្នកចាស់ ដែលជាអតីតចារបុរស ចារនារីនោះ ជួនកាលភ្នាក់ងារសម្ងាត់នោះ នឹង “ក្បត់អ្នកជួល” ដោយបញ្ជូនព័ត៌មានសម្ងាត់ទៅឱ្យ បច្ចាមិត្រមិនខានឡើយ។ បើអ្នកជួលនៅតែបន្តឱ្យលុយកាក់ ដំឡើងបុណ្យស័ក្តិ មិនភ្លេចគុណបំណាច់នោះ អតីតចារបុរស ចារនារីនោះ មិនអាចក្បត់បានឡើយ ព្រោះ “លុយជាដើមចមនៃអំពើល្អ និងអំពើអាក្រក់”។

ករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់លោកជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ថា ជាចារបុរសរបស់សម្តេច ពីមុន ប៉ុន្តែ ត្រូវបានលោកជុន ច័ន្ទបុត្រ បដិសេធនោះ បើពិចារណាទៅ “ការពិតដឹងតែមនុស្ស ពីរនាក់” ពោលគឺរឿងចារកម្ម ដឹងឮតែសម្តេចនាយករដ្ឋមន្ត្រី និងលោកជុន ច័ន្ទបុត្រ ដូចរឿង “នាងចិញ្ចា” ចោទប្រកាន់ ព្រះពុទ្ធអង្គ ថា បានសហាយស្មន់ជាមួយនាង ទើបព្រះពុទ្ធអង្គ ឆ្លើយតបថា “រឿងសម្ងាត់ដឹងតែយើងពីរនាក់” ដូច្នេះបើ បែកធ្លាយដឹងដល់អ្នកទី៣ អាចមិនមែនជារឿងសម្ងាត់។ ទោះយ៉ាងណា របបណា សង្គមណា ឥស្សរជនណា ក៏មានបណ្តាញ ចារកម្ម ផ្តល់ព័ត៌មានសម្ងាត់ឱ្យដែរ បើគ្មានចារកម្ម យុទ្ធសាស្ត្រនយោបាយនឹងចាញ់ប្រៀបគេមិនខានឡើយ។

សរុបទៅ “របបណាក៏មានចារកម្ម” គឺចារបុរស ចារនារី គេលាក់ជិតឈឹង ដែលមុននឹងបញ្ជូនទៅធ្វើការ អ្នកជួល តែង ចោទប្រកាន់អ្នកស៊ីឈ្នួលថាក្បត់ ឬដូចស្តេចកន ឱ្យចាប់ឧកម៉ឺនសុរិន្ទកែវ វាយនឹងរំពាត់លិង្គគោ ៣០ខ្វាប់ មុននឹងបញ្ជូនទៅ។ លុះកិច្ចការបានសម្រេច ស្តេចកន បានធ្វើតាមសន្យា ដោយតែងតាំងឧកម៉ឺនសុរិន្ទកែវ ជាឧកញ៉ាយមរាជ រួចឡើងជា “ឧកញ៉ា ចក្រី” ហៅកាត់ថា “ចក្រីកែវ” មិនភ្លេចគុណបំណាច់នេះទេ ដែលជាបរិបទនយោបាយសម្រាប់អ្នកជួល និងអ្នកស៊ីឈ្នួល ពិចារណា…៕

ដោយ អាចារ្យថាំ

RELATED ARTICLES