Friday, April 19, 2024
Homeបរិយាយបើគ្មានប្រាក់ជួល ស្យង់ក៏គ្មានដែរ

បើគ្មានប្រាក់ជួល ស្យង់ក៏គ្មានដែរ

សុភាសិតក្រិក ១ឃ្លាថា “បើគ្មានប្រាក់សម្រាប់ជួលទេ ស្យង់ក៏គ្មានដែរ” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់ដង្ខៅ ថៅកែ ឧកញ៉ា មេការ ប្រធានក្រុមហ៊ុន ជាពិសេស អ្នកនយោបាយ យកទៅអនុវត្ត។ ប្រទេសណា របបណា ក៏ចាយវាយប្រាក់កាស ដែរ វៀរលែងតែរបបប៉ុល ពត ប៉ុន្តែ ប៉ុល ពត មិនឱ្យមានការចាយវាយលុយកាក់តែក្នុងប្រទេសប៉ុណ្ណោះ បើមានគណៈប្រតិភូកម្ពុជាប្រជាធិបតេយ្យ ចេញទៅក្រៅប្រទេស សុទ្ធតែ “ចាយដុល្លារ” ដូចគ្នា។ ហេតុនេះហើយ ទើបបុរាណាចារ្យក្រិក បង្ហាញផ្លូវថា “បើគ្មានប្រាក់សម្រាប់ជួល ស្យង់ក៏គ្មានដែរ” ដែល “នគរធំ”

សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ក្រិក” ជាប្រទេសនៅទ្វីបអឺរ៉ុបខាងត្បូង ជាប់នឹងសមុទ្រមេឌីទែររ៉ាណេ មានទីក្រុង “អាថែន” ជារដ្ឋធានី។ ប្រទេស នេះមានអរិយធម៌ចាស់វស្សា នៅលើពិភពលោក ដោយមានទស្សនវិទូល្បីៗបន្សល់ទុកទ្រឹស្តី និងទស្សនវិជ្ជា សម្រាប់មនុស្ស ជាតិរៀនសូត្រតាម ដែលក្នុងនោះ ទស្សនវិទូ សូក្រាត ប្លាតុង អារីស្តូត លេចធ្លោជាងគេ។ ចំពោះសុភាសិតក្រិក ថា “បើគ្មាន ប្រាក់សម្រាប់ជួល ស្យង់ក៏គ្មានដែរ” ទំនងជាកើតឡើងនៅសម័យក្រោយៗនេះទេ ព្រោះមានពាក្យ “ស្យង់” នៅលាយឡំ ជាមួយ។ “ស្យង់” (Science) ជាភាសាបារាំង មានន័យថា “វិទ្យាសាស្ត្រ” ឬជា “ផ្លូវលោក” បានសេចក្តីថា បើអ្នកដឹកនាំ គ្មានលុយកាក់សម្រាប់ជួលគេទេនោះ សូម្បីតែវិទ្យាសាស្ត្រ ក៏មិនអាចកើតឡើងបានដែរ។

“ស្យង់ ឬវិទ្យាសាស្ត្រ” ចែកមែកធាងជាច្រើនទៀត ដូចជា “វិទ្យាសាស្ត្រនយោបាយ”, “វិទ្យាសាស្ត្រសេដ្ឋកិច្ច” ជាដើម ដែលតម្រូវឱ្យមានការសិក្សាដល់កម្រិតឧត្តមសិក្សា ក្លាយទៅជា “បណ្ឌិតវិទ្យាសាស្ត្រនយោបាយ”, “បណ្ឌិតសេដ្ឋកិច្ច ឬសេដ្ឋា បណ្ឌិត” ជាដើម។ នៅមានវិទ្យាសាស្ត្រមួយបែបទៀត បែកទៅខាងគីមី រូបវិទ្យា គណិតវិទ្យា តក្កវិជ្ជា ធ្វើឱ្យអ្នកសិក្សា ក្លាយទៅជាអ្នកប្រាជ្ញ ឬ “តក្កវិទូ” ដែលមានសមត្ថភាពបង្កើតយានអវកាសទៅភពព្រះចន្ទ ភពព្រះអង្គារ បាន ឬបង្កើតឧបករណ៍អេឡិចត្រូនិក ក៏ដូចជាអាវុធនុយក្លេអ៊ែរ ឬអាវុធបរមាណូ សម្រាប់ប្រល័យលោក។

រាល់ទម្រង់វិទ្យាសាស្ត្រ ឬស្យង់ ទាំងអស់នេះ “បើគ្មានលុយសម្រាប់ជួល” ពិតជាមិនអាចកើតឡើងបានឡើយ ព្រោះ ប្រាក់ ឬលុយនេះ មាន “ឥទ្ធិពលខ្លាំងជាងស្យង់” ទៅទៀត ពោលគឺបើគ្មានលុយសម្រាប់ជួលមន្ត្រីរាជការ អ្នកវិទ្យាសាស្ត្រ កម្មករ ពលករ ឬសូម្បីតែព្រះសង្ឃ និងអាចារ្យវត្ត បើជួលមិនដល់ថ្លៃ អាចធ្វើឱ្យអ្នកគ្មានលុយបាត់បង់ផលប្រយោជន៍ ដែល “នគរធំ” សូមបង្ហាញដោយត្រួសៗដូចខាងក្រោម 

-មន្ត្រីរាជការ ៖ សំដៅដល់អ្នកធ្វើការងាររដ្ឋ មានបៀវត្សតាមជាន់ថ្នាក់ ដែលប្រទេសណាក៏មានមន្ត្រីដែរ តម្រូវឱ្យ រដ្ឋាភិបាលបើកប្រាក់ខែ ឱ្យយ៉ាងទៀងទាត់ ប៉ុន្តែ បើយឺតយ៉ាវ “១ខែ មាន៦០ថ្ងៃ” ដូចនៅកម្ពុជា កាលពីសម័យរដ្ឋកម្ពុជា នឹងធ្វើឱ្យមន្ត្រីរាជការ រអ៊ូរទាំ មួម៉ៅ អត់លុយទិញអង្ករ ត្រីសាច់ ក៏ឆ្លៀតរត់ម៉ូតូឌុប រកលុយមកទប់ទល់ ដូចធ្លាប់ឃើញស្រាប់។

-កម្មករ-ពលករ ៖ ជាអ្នកលក់កម្លាំង ធ្វើការបម្រើរោងចក្រ សហគ្រាស ការដ្ឋាន កសិដ្ឋាននានា តម្រូវឱ្យថៅកែបើក ប្រាក់ឈ្នួលឱ្យយ៉ាងទៀងទាត់ ចៀសវាងការកេងប្រវ័ញ្ច។ ក្នុងករណីថៅកែក្បាលខូច ក្រឡេចក្រឡុច មិនបើកលុយឱ្យ ច្បាស់ជា កម្មករផ្ទុះបាតុកម្ម កូដកម្មមិនខាន។

-អ្នកវិទ្យាសាស្ត្រ ៖ សំដៅដល់មនុស្សជាន់ខ្ពស់ មានចំណេះដឹងជ្រៅដូចមហាសមុទ្រ អាចបង្កើតគ្រាប់បែកបរមាណូ យានអវកាស ឧបករណ៍អេឡិចត្រូនិក ដូចជា ទូរទស្សន៍ ទូរស័ព្ទ រថយន្តទំនើបៗបាន ប៉ុន្តែ បើប្រធានក្រុមហ៊ុន ឬស្ថាប័ន គ្រប់គ្រង គ្មានលុយជួលអ្នកប្រាជ្ញទាំងនោះទេ ច្បាស់ណាស់ថា “ស្យង់ក៏គ្មានដែរ” ឬថា “បើអត់លុយជួល នឹងគ្មានយាន អវកាស គ្មានគ្រាប់បែកបរមាណូ គ្មានទូរស័ព្ទទំនើបប្រើ”។

-ព្រះសង្ឃ និងអាចារ្យវត្ត ៖ គ្មានវិន័យសិក្ខាបទណា ឬច្បាប់រដ្ឋណា តម្រូវឱ្យ “ជួលព្រះសង្ឃ ឬតាអាចារ្យ” ទៅសូត្រមន្ត លើករាសីនោះទេ ប៉ុន្តែ ឧបមាថា មានជនអនាថាម្នាក់ខ្យល់គរដួលស្លាប់កណ្តាលផ្លូវ រួចក៏មានអ្នកសង្គ្រោះរត់ទៅនិមន្ត ព្រះសង្ឃ តាអាចារ្យ មកបង្សុកូល ដោយប្រាប់ថា “អត់លុយប្រគេនទេ” ជួនកាលព្រះសង្ឃដែល “មានរាគៈមិនទាន់ប្រាស ទៅ” ឆ្លើយតបទៅអ្នកទៅនិមន្តនោះថា “អាត្មារវល់ណាស់! សូមញោមទៅនិមន្តព្រះសង្ឃឯទៀតទៅ” ចំណែកតាអាចារ្យ ក៏ប្រាប់ថា “ខ្ញុំក៏រវល់ដែរ ទៅរកអាចារ្យផ្សេងទៀតទៅ!”។ រឿងរវល់នេះ កាសែតធ្លាប់ចុះផ្សាយជាហូរហែ ដោយហេតុថា “ជនអនាថា គ្មានបងប្អូនសាច់ញាតិធ្វើបុណ្យឱ្យ ក៏ដូចជាគ្មានលុយដែរ អ៊ីចឹងបើអត់លុយ លុះត្រាតែមេភូមិ ចៅសង្កាត់ ចេញ ជំនួស ទើបនិមន្តព្រះសង្ឃទៅបង្សុកូលបានលឿនទាន់ចិត្ត”។ ទោះយ៉ាងណា ក៏មានព្រះសង្ឃប្រកបដោយមេត្តាករុណា និមន្ត ទៅបង្សុកូល ដោយមិនគិតពីរឿងបច្ច័យនោះទេ ព្រោះព្រះអង្គធ្វើតាមគំរូ “ព្រះសម្មាសម្ពុទ្ធ បរមគ្រូ”។

នៅមានករណីច្រើនទៀត ដែលស្របនឹងសុភាសិតក្រិក ថា “បើគ្មានប្រាក់សម្រាប់ជួល ស្យង់ក៏គ្មានដែរ” សូម្បីតែរឿង នយោបាយ លុះត្រាតែមានលុយជួលដែរ ទើបទៅរួច។ ឥស្សរជន ឬបណ្ឌិតណាដែលចង់បង្កើតគណបក្សនយោបាយ ដើម្បី ចូលរួមក្នុងការបោះឆ្នោត ប្រជែងយកអំណាចដឹកនាំប្រទេស “លុះត្រាតែមានលុយជួល” តើជួលអ្នកណា? យើងមិនបាច់ឆ្ងល់ ទេ សូម្បីតែប្រើមនុស្សទៅលើកស្លាកគណបក្ស តាមដងផ្លូវ ក៏ត្រូវតែជួល។ ប្រើមនុស្សឱ្យចេញឃោសនារកសំឡេងឆ្នោត ក៏ ត្រូវតែជួល។ អ៊ីចឹងបើប្រធានគណបក្ស អត់លុយ ឬសម្បុកសម្បត្តិអ្វីជាដុំកំភួន ស្រាប់តែមានមហិច្ឆតាបង្កើតគណបក្សនយោបាយ ច្បាស់ជារងការចោទប្រកាន់ ឬការរិះគន់ថា ជា “គណបក្សស៊ីពែ” មិនខានឡើយ។ តាមការកត់សម្គាល់ គណបក្សតូចៗ ដែលមានប្រធានគណបក្សមកពីក្រៅប្រទេស តែងតែមានជំនួយពីអាណិកជនខ្មែរ នៅក្រៅប្រទេស ឬបានមហាអំណាច លួចជួយលុយកាក់ ទើបមានលទ្ធភាពធ្វើនយោបាយបាន វាមិនដែលមានអ្នកនយោបាយអត់លុយ មកធ្វើសកម្មភាពនោះទេ។

ដោយឡែក គណបក្សប្រជាជនកម្ពុជា ឬបក្សកាន់អំណាច ដែលក្តាប់សេដ្ឋកិច្ចជាតិណែនក្នុងដៃ មានអ្វីៗទាំងអស់នោះ លុះត្រាតែចំណាយខ្លះទៅលើការឃោសនា ការលើកស្លាក និងកសាងសមិទ្ធផលនានា ទើបបក្សកាន់អំណាច អាចចាក់គ្រឹះ បានរឹងមាំ មិនរង្គោះរង្គើ។ ការប្រើលុយ ឬប្រាក់ក្នុងការអូសទាញរកសំឡេងគាំទ្រមិនខុសអ្វីទេ ព្រោះវាស្របនឹងសុភាសិតក្រិក ថា “បើគ្មានប្រាក់សម្រាប់ជួល ស្យង់ក៏គ្មានដែរ” នេះឯង ពោលគឺបក្សកាន់អំណាច អាចនឹងឈ្នះគ្រប់អាណត្តិ បើមានប្រាក់ គ្រប់គ្រាន់សម្រាប់ជួលមនុស្ស ប៉ុន្តែ បើមានប្រាក់ហើយ មិនហ៊ានចំណាយ អាចនឹងចាញ់ប្រៀបគេ។ សុភាសិតក្រិក ក៏ស្រដៀង នឹងពុទ្ធភាសិតថា “ចង់ភ្ជាប់គេជាមិត្ត បានដល់ការឱ្យ” ឬស្របនឹងពាក្យស្លោកថា “ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នក ក្លាហានដោយទម្លាយ ឈ្នះអ្នកទាបដោយឱ្យសម្លបាយ ឈ្នះអ្នកស្មើកាយដោយព្យាយាម”។ ចំណែកទ្រឹស្តីដែលថា “លុយ លេខ១ ស្រីលេខ២ បក្សពួកលេខ៣” ក៏សុទ្ធតែបង្ហាញពីឧត្តមភាពរបស់ប្រាក់នេះឯង ព្រោះថា មនុស្សត្រូវការប្រាក់ ឬ “មនុស្ស នឹងប្រាក់ យក្សនឹងសាច់!” ដែលបញ្ហានេះ មនុស្សគ្រប់ជាតិសាសន៍ទទួលស្គាល់គ្រប់គ្នា។ សម្រាប់អ្នកនយោបាយខ្លះ ក៏មិនមើល ឃើញតែប្រាក់នេះដែរ ដូចជាលោកប្រធានាធិបតីអាមេរិក ដូណាល ត្រា់ំ មិនយកប្រាក់ខែរដ្ឋនោះទេ ព្រោះលោកជាមហាសេដ្ឋី។ ចំណែកសម្តេចសឺន សាន ក៏ល្បីថា មិនយកប្រាក់ខែដែរ សុខចិត្តធ្វើការបម្រើជាតិ រហូតទទួលមរណភាព ប៉ុន្តែ អាច ថា មកពីលោកមានប្រភពថវិកាពីកូនចៅជួយចិញ្ចឹម ទើបមិនយកប្រាក់ខែរដ្ឋ។

សរុបទៅ “បើគ្មានប្រាក់ជួល ស្យង់ក៏គ្មានដែរ” មានន័យយ៉ាងនេះឯង បើអ្នកនយោបាយណាអនុវត្តតាមបាន មិនងាយចាញ់ គេទេ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៅសល់តែប៉ុន្មានខែទៀតទេ ហើយក៏មានអ្នកនយោបាយជើងថ្មីខ្លះ សុំបង្កើតគណបក្ស ចូលរួមក្នុងការបោះឆ្នោត។ ចង់បង្កើតគណបក្ស លុះត្រាតែមានលុយជួល សូម្បីតែអ្នកបើករថយន្ត លើកស្លាក ឃោសនិក ក៏សុទ្ធតែជួលទាំងអស់។ ប្រធានាធិបតីដូណាល់ ត្រាំ ឈ្នះឆ្នោត ឮថា អស់លុយរាប់រយលានដុល្លារឯណោះ សម្រាប់ យកមកជួលមនុស្សគ្រប់មុខសញ្ញា អ៊ីចឹងគណបក្សថ្មី “លុយស្តើង” មិនអាចយកឈ្នះបក្សកាន់អំណាច “លុយក្រាស់” បានឡើយ…៕

 ដោយ អាចារ្យថាំ

RELATED ARTICLES