Tuesday, April 23, 2024
Homeព័ត៌មានជាតិខូចខាតខ្ទង់លានដុល្លារ!!! អគ្គិភ័យឆេះផ្សារច្បារអំពៅ ខូចខាតតូប៦៤៦ 

ខូចខាតខ្ទង់លានដុល្លារ!!! អគ្គិភ័យឆេះផ្សារច្បារអំពៅ ខូចខាតតូប៦៤៦ 

ភ្នំពេញ ៖ តូបលក់ដូររបស់អាជីវករផ្សារច្បារអំពៅចំនួនជាង៦០០តូប ក្នុងចំណោមជិត១៥០០តូប ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញគ្មានសល់ទាំងកណ្តាលយប់ ដែលគិតជាទឹកប្រាក់មានទំហំដល់ទៅរាប់លានដុល្លារឯណោះ រីឯមូលហេតុត្រូវបានសន្និដ្ឋានជាជំហានដំបូងថា ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ គ្រោះអគ្គិភ័យដ៏កំណាចខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចបរិវេណផ្សារច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

 

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ គេឃើញអគ្គិភ័យបានឆាបឆេះឡើងចេញពីម្តុំដើមស្រស់ ខាងជើងឈៀងខាងកើតផ្សារច្បារអំពៅ ហើយភ្លាមៗនោះក៏មានការផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ច និងកម្លាំងជំនាញអគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកបាត់ទឹកពន្លត់ រហូតដល់រលត់ភ្លើងអស់វិញទៅហើយ។ ស្រាប់តែបន្តិចក្រោយមក នៅវេលាម៉ោងប្រមាណ១១ និង៣០នាទីយប់ ថ្ងៃដដែល អគ្គិភ័យក៏ចាប់ផ្តើមឆាបឆេះឡើងសារជាថ្មីចេញពីកន្លែងដដែល រួចក៏បានរាលដាលឆេះឆ្លងចូលតូបផ្សារតែម្តង ទើបធ្វើឱ្យកើតមានជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅតែម្តង។

ចំណែកប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គីភ័យនេះគឺផ្តើមចេញតូបលក់អង្ករ ម្តុំដើមស្រល់ តែមិនដឹងថាមានមូលហេតុអ្វីឱ្យប្រាកដ ដោយនៅសុខៗក៏ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យទុស្សេខ្សែភ្លើង រួចក៏ផ្ទុះ កំប៉ុងហ្គាសក្នុងតូប បណ្តាលឱ្យឆេះរាលដាលដល់តូបផ្សេងៗជាច្រើន រហូតឆេះផ្សារស្ទើពាក់កណ្តាលតែម្តង ធ្វើឱ្យក្រុមអាជីវករខ្លះបានមកឈរ ស្រែកទ្រហោយំពេញផ្សារទាំងកណ្តាលយប់ ព្រោះតែសោកស្តាយតូបលក់ដូរ និងទំនិញដែលជាកម្លាំងញើសឈាមរបស់ខ្លួនប្រឹងរកស៊ីជាយូរឆ្នាំ បែរជាមកត្រូវអគ្គិភ័យឆេះបំផ្លាញគ្មានសល់ត្រឹមតែមួយប៉ព្រិចភ្នែក។

លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថា គ្រោះអគ្គិភ័យដែលបានឆាបឆេះផ្សារច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រហូតដល់ទៀបភ្លឺថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានបំផ្លាញអស់តូបចំនួន៦៤៦តូប នៅក្នុងចំណោម១៤៤៧តូប។ សម្រាប់គ្រោះអគ្គិភ័យ ដ៏កំណាចនេះ បើទោះបីមិនទាន់អាចបញ្ជាក់ពីទំហំនៃការខូចខាតក៏ដោយ ប៉ុន្តែតាមការប៉ាន់ស្មានវិញ គឺមានតម្លៃខ្ទង់លានដុល្លារឯណោះ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា មិនទាន់អាចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យឆេះផ្សារច្បារអំពៅនេះ មានរថយន្តពន្លត់អគ្គិភ័យប៉ុន្មានគ្រឿង ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការចុះជួយពន្លត់អគ្គិភ័យខាងលើនេះទេ ចំណែកមូលហេតុ ដែលនាំឱ្យកើតមាន អគ្គិភ័យនេះ ក៏ពុំទាន់ដឹងច្បាស់ដែរ ព្រោះកំពុងស្ថិតក្រោមការស្រាវជ្រាវនៅឡើយ។

ដោយឡែកបើតាមអាជ្ញាធរមូលដ្ឋានវិញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើទឹកអស់មិនក្រោម២៥០រថយន្តនោះទេ ដោយរថយន្តពន្លត់អគ្គិភ័យ បានបញ្ជូនមកបាញ់ទឹកពន្លត់តាំងពីកើតមានអគ្គិភ័យដំបូង រហូតមកដល់វេលាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ក៏នៅតែមានរថយន្តពន្លត់អគ្គិភ័យឡោមព័ទ្ធជុំវិញផ្សារ និងបានចេញចូលបាញ់ទឹកបន្ថែមទៀត ព្រោះតែអគ្គិភ័យនៅមិនទាន់រលត់ទាំងស្រុងនៅឡើយ មូលហេតុដោយសារតូបដែលត្រូវភ្លើងឆេះ សុទ្ធតែជាតូបលក់របស់របរធ្វើឡើងពីជ័រ និងកំណាត់ កៅស៊ូតង់ ដែលនាំឱ្យភ្លើងឆេះងំ ពិបាកពន្លត់។

អាជ្ញាធរមូលដ្ឋាន បានឱ្យដឹងទៀតថា គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ អណ្តាតភ្លើងស្ទើរតែ១០០ភាគរយ ត្រូវបានស្ងប់ទៅវិញហើយ ប៉ុន្តែនៅមានកម្ទេចភ្លើងខ្លះ ងំពីខាងក្រោមគំនរដែលឆេះនៅឡើយ និងនៅមានផ្សែងហុយចេញមកក្រៅ។ យ៉ាងណា អាជ្ញាធរបានសម្រេចប្រើគ្រឿងចក្រ (អាអិច) វាយកម្ទេចរបងនៅខាងជើងផ្សារ ដើម្បីងាយស្រួលឱ្យរថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ទឹក ពន្លត់ភ្លើងដែលមិនទាន់រលត់ទាំងស្រុងនោះ។ ចំណែករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង នៅតែត្រូវបានដាក់ពង្រាយជុំវិញផ្សារច្បារអំពៅដដែល ដើម្បីបង្កាការពាររង់ចាំបាញ់ទឹកពន្លត់ជាបន្ទាន់ ក្នុងករណីអាចមានអណ្តាតភ្លើងឆាបឡើងវិញ។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា តូបលក់ដូរដែលត្រូវបានឆេះបំផ្លាញទាំងអស់ តូបនៅខាងក្នុងផ្សារ គឺជាប្រភេទតូបធំៗ ចំណែកតូបនៅខាងក្រៅផ្សារជាប្រភេទតូបតូចៗ មានទំហំ១ម៉ែត្រកន្លះ គុណ២ម៉ែត្រ និង២ម៉ែត្រ គុណ៣ម៉ែត្រ សង់ឡើងពីឈើប្រក់ស័ង្កសី ហើយសង់ឡើង ជាប់គ្នារដឹក និងជាតូបលក់ដូរចម្រុះ មានម្ហូបអាហារ សម្ភារផ្ទះបាយ និងប៊ិច សៀវភៅ…ជាដើម។

លោកគ្រី ហ៊ុច អនុប្រធានផ្សារច្បារអំពៅ បានបញ្ជាក់ថា ចំពោះតូបក្នុងផ្សារច្បារអំពៅទាំងអស់ មានចំនួនសរុប១៤៤៧តូប ហើយលោកអាចប៉ាន់ស្មាន និងវាយតម្លៃបឋមថា ការឆាបឆេះទាំងមូល គឺទាំងអីវ៉ាន់របស់បងប្អូនអាជីវករ និងតូបលក់ដូរ បើគិតជាសាច់ប្រាក់ គឺមិនក្រោមខ្ទង់លានដុល្លារឡើយ។ នេះបើតាមលោកដឹងពីតម្លៃទំនិញ និងការលក់ដូររបស់បងប្អូននៅក្នុងផ្សារប្រចាំថ្ងៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។

នៅអំឡុងកើតមានអគ្គិភ័យខាងលើ គេឃើញវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ និងចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះបញ្ជា និងដឹកនាំដោយផ្ទាល់ក្នុង ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ហើយក្នុងនោះក៏មានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះ រួមនឹងមហាជនជាច្រើនផងដែរ។

ដោយឡែក នៅអំឡុងពេលភ្លើងកំពុងឆាបឆេះទាំងកណ្តាលយប់ ចំណែកបងប្អូនដែលជាអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅជាច្រើន បាននាំគ្នាមកប្រមែប្រមូល ជញ្ជូនអីវ៉ាន់ពីក្នុងតូបរបស់ខ្លួននៅក្នុងផ្សារ ចេញទៅខាងក្រៅ ដើម្បីការពារកុំឱ្យមានការឆាបឆេះនោះ ក៏ស្រាប់តែមានជនឆ្លៀតឱកាសចំនួន២នាក់ បានបន្លំខ្លួនចូលមកប្រមូលយកឥវ៉ាន់របស់បងប្អូនអាជីវករបម្រុងគេចខ្លួនដែរ ប៉ុន្តែត្រូវបានក្រុមអាជីវករចាប់ក្របួចជាប់ និងប្រគល់ទៅឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ជនឆ្លៀតឱកាសទាំង២នាក់ រួមមាន ទី១-ឈ្មោះភិន វាសនា អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះលេខ១២៤ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះសុខ វណ្ណា អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បាននាំគ្នាចូលមកបន្លំលួចរបស់របរក្រុមអាជីវកររួមមាន ឡេលាបខ្លួនចំនួន២០ប្រអប់ ម្សៅលាបខ្លួនកូនក្មេងចំនួន៤ដប សាប៊ូ៤ដុំ និងថ្នាំលាបសក់ចំនួន៧ដប រួចបានប្រមូលដាក់ចូលទៅក្នុងបាវពណ៌ស បម្រុងនឹងគេចខ្លួន តែត្រូវក្រុមអាជីវករប្រទះឃើញទាន់ ក៏ចាប់ប្រគល់ ឱ្យសមត្ថកិច្ចតែម្តង៕

RELATED ARTICLES