Friday, April 19, 2024
Homeសង្គម និងជីវិតខឹងមិត្តភក្តិទាក់យកប្រពន្ធមិនទាន់លែងដាច់ ហើយឌឺដងផ្លែផ្កាឲ្យទៀត ទ្រាំលែងបានចាប់អាករសម្លាប់

ខឹងមិត្តភក្តិទាក់យកប្រពន្ធមិនទាន់លែងដាច់ ហើយឌឺដងផ្លែផ្កាឲ្យទៀត ទ្រាំលែងបានចាប់អាករសម្លាប់

ភ្នំពេញ ៖ ករណីឃាតកម្មដ៏ព្រៃផ្សៃ អារកសម្លាប់យុវជនម្នាក់ បណ្តាលឱ្យដេកឱបគល់ត្នោត និងត្រូវបានគេប្រទះឃើញកាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ បំបែកសំណុំរឿងក្តីបានហើយ ដោយចាប់ខ្លួនជនសង្ស័យជាឃាតករបាន កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសរងគ្រោះឈ្មោះហែម សុជាតិ ហៅវិត អាយុ២៣ឆ្នាំ ស្រុកកំណើតនៅភូមិព្រៃរំដួល ឃុំសេដ្ឋកិច្ច ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ធារី អាយុជាង២០ឆ្នាំ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ប្រតិបត្តិការចុះចាប់ខ្លួនជនដៃដល់ខាងលើ ធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

លោកអធិការបន្តថា ក្រោយកើតមានករណីឃាតកម្ម អារកសម្លាប់យុវជនម្នាក់ដេកស្លាប់ឱបជាប់នឹងគល់ត្នោត កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រួចមក កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់បំបែកសំណុំរឿងក្តីឃាតកម្មដ៏ឃោរឃៅមួយនេះបាន និងឈានដល់ការចាប់ខ្លួនជនសង្ស័យ នៅវេលារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពថា រវាងរូបគេ និងជនរងគ្រោះ គឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា ហើយនៅមុនពេលដែលឈានដល់ការអារសម្លាប់ជនរងគ្រោះ គឺរូបគេ បានលែងលះជាមួយនឹងប្រពន្ធ តែមិនទាន់ដាច់ស្រេចនៅឡើយ ស្រាប់តែជនរងគ្រោះ ដែលជាមិត្តភក្តិ បានទៅយកអតីតប្រពន្ធរបស់គេ មកធ្វើជាប្រពន្ធវិញ និងថែមទាំងចេះតែតាមមកនិយាយឌឺដង ផ្លែផ្កាពាក្យសម្តីដាក់រូបគេមិនឈប់ ទើបធ្វើឱ្យរូបគេអត់ទ្រាំមិនបាន ក៏ល្បួងជនរងគ្រោះមកជួប រួចចាប់អាការសម្លាប់ចោលតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចដីឡូតិ៍មួយកន្លែង ក្បែរការដ្ឋានសង់ផ្ទះល្វែង ស្ថិតនៅខាងក្រោយរោងចក្របឺរី ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយយុវជនម្នាក់ ត្រូវឃាតករដៃឆៅអារកសម្លាប់យ៉ាងឃោរឃៅ បណ្តាលឱ្យដេកស្លាប់ឱបជាប់គល់ត្នោតយ៉ាងអាណោចអាធ័ម។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតមានការភ្ញាក់ផ្អើលនេះឡើយ មានអ្នកភូមិ និងកម្មករ បានធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រួចក៏ប្រទះឃើញសាកសពជនរងគ្រោះខាងលើ ដេកស្លាប់ក្នុងថ្លុកឈាម ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ជូននគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចុះទៅពិនិត្យតែម្តង។

ដោយឡែក តាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ គេបានឮសូរសំឡេងម៉ូតូជិះមកកន្លែងកើតហេតុ ក្រោយមករយៈពេលប្រមាណ២០នាទី ក៏លាន់ឮសំឡេងម៉ូតូបើកចេញពីកន្លែងកើតហេតុវិញបាត់ទៅ ស្រាប់តែព្រឹកព្រលឹមឡើង ក៏កើតមានការភ្ញាក់ផ្អើល ថាឃើញសពរបស់ជនរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាមបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពដែលស្ថិតក្នុងសម្លៀកបំពាក់ ខោជើងវែងពណ៌ស្ករ អាវដៃវែងពណ៌ស ពាក់ស្បែកជើងផ្ទាត់ពណ៌ខៀវ បានដេកស្លាប់ក្នុងសភាពផ្កាប់ឱបគល់ត្នោត និងងើយមុខឡើងលើ ព្រមទាំងមានស្លាកស្នាមអារកទៀតផង។ ដោយឡែកនៅក្បែរខ្លួនសាកសព មានចានបបរ ឆាខ្វៃ និងកំប៉ុងភេសជ្ជៈគោជល់ ព្រមទាំងទូរស័ព្ទដៃ១គ្រឿងផងដែរ។ ចំណែកជនដៃដល់ជាឃាតករ បានរត់គេចចេញបាត់ពីកន្លែងកើតហេតុភ្លាមៗ តែទីបំផុត ឈាមស្រែកស្បែកហៅ ជនជាឃាតករក៏ត្រូវបានសមត្ថកិច្ចជំនាញវែកមុខចាប់ខ្លួនបាន និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES