Wednesday, April 24, 2024
Homeនយោបាយលោកកឹម សុខា សាលាឧទ្ធរណ៍សម្រេចមិនដោះលែង

លោកកឹម សុខា សាលាឧទ្ធរណ៍សម្រេចមិនដោះលែង

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ ក្រោយពីបើកសវនាការអស់ពេលមួយព្រឹក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ បានសម្រេចឱ្យឃុំខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុង ពន្ធនាគារបន្តទៀត។

មុននេះ អតីតប្រធាននៃអតីតគណបក្ស សង្គ្រោះជាតិ និងជាអតីតតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម លោកកឹម សុខា ដែលកំពុង ជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទចោទក្បត់ជាតិ សន្ទិដ្ឋភាពជាមួយបរទេស ត្រូវអគ្គព្រះរាជអាជ្ញា អ៊ឹម សុផាន បានធ្វើលិខិត ជម្រាបមកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារថា សុំចាត់ឱ្យនាំជនត្រូវចោទ មកសវនាការ យោងសំណុំរឿងស៊ើបសួរលេខ៧៨ ចុះ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ របស់សាលាឧទ្ធរណ៍ ជាប់ចោទពីបទ សន្ទិដ្ឋភាពជាមួយ បរទេស បង្ហាញមុខក្នុងសវនាការសាលាឧទ្ធរណ៍ ជាលើកទី២ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។

លិខិតចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នោះ បញ្ជាក់ថា សូមឱ្យចាត់នាំជនត្រូវចោទ ឈ្មោះកឹម សុខា ភេទប្រុស អាយុ៦៤ឆ្នាំ ឃុំ ខ្លួនថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ តាមដីកាឃុំ ខ្លួនលេខ (គ) ដ.ឃ.ដ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៧ និងដីកាបង្គាប់ឱ្យឃុំពន្យារពេលឃុំខ្លួន លេខ១៨១ (គ) ដ.ឃ.ដ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅពន្ធនាគារត្រពាំងផ្លុង (ម៣) ទៅកានសាលាឧទ្ធរណ៍ នៅពេលបើសវនាការ ជំនុំជម្រះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលា ម៉ោង៨ៈ០០នាទីព្រឹក នៅបន្ទប់សវនាការទី៣។ នៅពេលចប់សវនាការហើយ ត្រូវនាំជនជាប់ចោទត្រឡប់ទៅពន្ធនាគារវិញ ដើម្បីបន្តអនុវត្ត សេចក្តីសម្រេចរបស់តុលាការពីមុនមក បើ គ្មានសេចក្តីសម្រេចថ្មីទៀតទេ។

ទោះបីយ៉ាងណា ក្នុងសវនាការដែល ដឹកនាំដោយលោកងួន អ៊ីម ចៅក្រមជំនុំជម្រះ សភាស៊ើបសួរសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃ ទី២៧ ខែមីនា ឆ្នាំ២០១៨ មិនមានវត្តមាន លោកកឹម សុខា មកចូលរួមទេ ហើយតុលាការ ក៏បានសម្រេចប្រកាសសាលដីកាបន្តឃុំខ្លួន លោកកឹម សុខា រយៈពេល៦ខែទៀត នៅ ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ នេះបើ តាមការឱ្យដឹងរបស់លោកសំ សុគង់ អ្នកនាំពាក្យក្រុមមេធាវីការពារក្តី លោកកឹម សុខា។

លោកសំ សុគង់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ថា បើទោះបី សាលាឧទ្ធរណ៍ ចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឱ្យលោកកឹម សុខា ជាប់ឃុំរយៈពេល៦ខែ តទៅមុខទៀត គឺជាការ ត្រឹមត្រូវតាមនីតិវិធីក៏ដោយ ក៏ក្រុមមេធាវី យល់ថា ជាការសម្រេចមិនយុត្តិធម៌សម្រាប់ កូនក្តីរបស់លោក ដូច្នេះក្រុមមេធាវី នឹងពិភាក្សា ជាមួយកូនក្តី ដើម្បីដាក់បណ្តឹងសាទុក្ខបន្តទៀត។ ពោលគឺការបន្តឃុំខ្លួនលើសពី៦ខែបែបនេះ គឺ ប៉ះពាល់ដល់សិទ្ធិរបស់លោកកឹម សុខា។

លោកសំ សុគង់ បានមានប្រសាសន៍ថា “បាទ ! លទ្ធផល គឺសាលាឧទ្ធរណ៍ បានសម្រេច ច្រានបណ្តឹងឧទ្ធរណ៍របស់ក្រុមមេធាវី ហើយ និងសម្រេចតម្កល់ដីកាពន្យារពេលឃុំខ្លួនទុក ជាបានការ។ យើងឃើញការលើកហេតុផល របស់ចៅក្រម គាត់ផ្តល់សិទ្ធិថា ការសម្រេច របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងហ្នឹង គឺ មានភ័ស្តុតាង ហើយមានលក្ខណៈគ្រប់គ្រាន់ ហើយ។ អ៊ីចឹងហើយ គាត់សម្រេចតម្កល់ដីកា ហ្នឹងតែម្តង។ ប៉ុន្តែចំពោះក្រុមមេធាវីយើង មិនអាចទទួលយកបានទេ ហើយក្រុមមេធាវី នឹងមានការជួបជុំគ្នា ដើម្បីសិក្សាអំពីផ្លូវច្បាប់ ដើម្បីយើងរៀបចំបណ្តឹងសាទុក្ខ បើសិនកូនក្តី គាត់ឯកភាព។ នៅក្នុងសវនាការនោះ ក្រុមមេធាវី យើងបានលើកបញ្ហាផ្លូវច្បាប់ ជាពិសេស ទាក់ទង នឹងគោលការណ៍នៃសេរីភាព ក៏ដូចជាលក្ខខណ្ឌ មួយចំនួន ដែលអាចឱ្យកូនក្តីនៅក្រៅឃុំជា បណ្តោះអាសន្ន គ្រាន់តែដាក់ឱ្យត្រួតពិនិត្យ តាមផ្លូវតុលាការ គឺយើងលើកឡើងតាមផ្លូវ ច្បាប់សុទ្ធសាធ ដោយសាររឿងនេះ វាកាត់មុន អង្គសេចក្តី”។

លោកសំ សុគង់ បានបន្តថា “មកដល់ ពេលនេះ ក្រុមមេធាវីនៅមិនទាន់បានពិភាក្សា ជាមួយកូនក្តីទេ តែយើងនៅមានច្រើន ដែល នៅក្នុងនីតិវិធី ទោះបីជាយើងសុំនៅក្រៅឃុំ ម្តងហើយ ចៅក្រមគាត់បដិសេធ ប៉ុន្តែនៅក្នុង ច្បាប់ គេអនុញ្ញាតឱ្យជនត្រូវចោទហ្នឹងសុំនៅ ក្រៅឃុំច្រើនដង គឺឱ្យលើសពីមួយដង។ អ៊ីចឹង ពេលយើងសុំលើកដំបូងនេះ ចៅក្រមគាត់យក សំអាងថា ការស៊ើបអង្កេតទើបតែចាប់ផ្តើម។ អ៊ីចឹងរយៈពេលយូរបន្តិចទៅ យើងអាចសុំម្តង ទៀត អ៊ីចឹងអាចសុំច្រើនដងបាន”។

លោកសំ សុគង់ បន្តថាទៀតថា “ប៉ុន្តែ នៅសវនាការហ្នឹង គេអត់ដឹកគាត់មកផង ដោយសារយើងឃើញដីកាបង្គាប់ឱ្យដឹកគាត់មក ប៉ុន្តែ ដល់ពេលសវនាការព្រឹកមិញ អវត្តមាន អត់ មានគាត់មកចូលរួមទេ មានតែមេធាវី ចៅក្រម ហើយនិងព្រះរាជអាជ្ញា នៅក្នុងសវនាការ។ ក្រុមមេធាវី ក៏ដូចជាប្រជាពលរដ្ឋ ក៏ដូចជាក្រុម គ្រួសារ សង្ឃឹមថា សវនាការហ្នឹងមានវត្តមាន ឯកឧត្តមកឹម សុខា ប៉ុន្តែនៅពេលសវនាការ បែរជាអវត្តមានគាត់វិញ។ អ៊ីចឹងវាទៅជាមិន ដូចការរំពឹងទុក ដូច្នេះយើងនឹងជួបជុំក្រុមមេធាវី ហើយនិងរកថ្ងៃដែលត្រូវជួបជាមួយកូនក្តី ដើម្បី ជូនលទ្ធផលនៃសេចក្តីសម្រេចនៅថ្ងៃនេះ ឱ្យ គាត់ ដើម្បីពិភាក្សាជាមួយគាត់ ដើម្បីផ្តល់ លទ្ធភាពក្នុងការប្តឹងសាទុក្ខ”។

គួរបញ្ជាក់ដែរថា ខណៈសាលាឧទ្ធរណ៍ កំពុងដំណើរការសវនាការ មានប្រជាពលរដ្ឋ ជាច្រើន បានមកជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍ ដើម្បីរង់ចាំស្តាប់លទ្ធផលនៃសវនាការនោះ ប៉ុន្តែកម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយ យ៉ាងតឹងរឹង។

ចំពោះអតីតថ្នាក់ដឹកនាំ និងសកម្មជន អតីតគណបក្សប្រឆាំង នៅក្រៅប្រទេស ក៏បាន តាមដានសវនាការសាលាឧទ្ធរណ៍នោះពីនាយសមុទ្រផងដែរ ហើយបានសម្តែងការខកបំណង នៅពេលដែលដឹងលទ្ធផលថា សាលាឧទ្ធរណ៍ នៅបន្តឃុំខ្លួនលោកកឹម សុខា រយៈពេល៦ខែ ទៀត។

លោកយ៉ែម បុញ្ញឫទ្ធិ អតីតអគ្គនាយករដ្ឋបាលនៃអតីតគណបក្សសង្គ្រោះជាតិ និងជា អតីតតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បាន សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា “ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សភា ស៊ើបសួរនៃសាលាឧទ្ធរណ៍ យល់ឃើញថា សេចក្តីសម្រេច និងការសំអាងហេតុរបស់សភា ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកជាបានការនិងសម្រេចតម្កល់សេចក្តីសម្រេច របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។

លោកកឹម សុខា បន្តការឃុំខ្លួនរយៈពេល លើសពី៦ខែទៅហើយ មិនមានអ្វីជាសំអាង ក្នុងការដាក់បន្ទុក ដែលទាំងអ្នកច្បាប់ ទាំង អ្នកនយោបាយ យល់យ៉ាងច្បាស់ថា គាត់គ្មាន កំហុស ហើយត្រូវតែផ្តល់សិទ្ធិសេរីភាព និង នីតិសម្បទាពេញលេញជូនគាត់វិញ”។

លោកអេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា រឿងក្តីលោកកឹម សុខា ជារឿងនយោបាយ ដូច្នេះមិនអាចដោះស្រាយចេញ តាមរយៈ តុលាការ។

លោកអេង ឆៃអ៊ាង បានសរសេរនៅក្នុង គណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០១៨ នោះដែរថា “រឿងក្តីលោក ប្រធានកឹម សុខា ជារឿងនយោបាយ។ ដូច្នេះ រឿងក្តីនេះមិនអាចដោះស្រាយចេញតាមរយៈ តុលាការទេ”។

សវនាការព្រឹកនេះគ្រាន់តែជាការអនុវត្ត នីតិវិធីគម្រប់កិច្ចរបស់សាលាឧទ្ធរណ៍តែប៉ុណ្ណោះ។

ការមកចូលរួមរបស់បងប្អូនជនរួមជាតិ ឃ្លាំមើលដំណើរការក្តី នាព្រឹកនេះ គឺជាការផ្តល់ កម្លាំងចិត្តដល់លោកប្រធាន កឹម សុខា ក្នុងការ តស៊ូដើម្បីសេរីភាព និងយុត្តិធម៌ សម្រាប់សង្គម កម្ពុជាទាំងមូល”។

គួរបញ្ជាក់ថា លោកកឹម សុខា ត្រូវបាន ចាប់ខ្លួនតាំងពី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស”។ បន្ទាប់ពីលោកកឹម សុខា ដែលជាជនត្រូវចោទ បានជាប់ឃុំរយៈពេល៦ខែហើយនោះ ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចជា លើកទី២ ឱ្យលោកកឹម សុខា បន្តជាប់ឃុំរយៈ ពេល៦ខែទៀត។ តាមនីតិវិធី ចៅក្រមស៊ើបសួរ អាចសម្រេចបែបនេះបាន​ បើយល់ថា សំណុំរឿងនៅតែត្រូវការការស៊ើបអង្កេត និងប្រមូល ភ័ស្តុតាងបន្ថែម៕

កុលបុត្រ

RELATED ARTICLES