Thursday, April 25, 2024
Homeព័ត៌មានជាតិថើបបានតែថ្ពាល់និងដៃ ស្រីថ្លៃចោទចាប់រំលោភបានម្តង ប្តឹងប៉ូលិសចាប់បងដាក់គុក

ថើបបានតែថ្ពាល់និងដៃ ស្រីថ្លៃចោទចាប់រំលោភបានម្តង ប្តឹងប៉ូលិសចាប់បងដាក់គុក

ភ្នំពេញ ៖ យុវវ័យ២នាក់រស់នៅក្បែរផ្ទះគ្នា បានទាក់ទងស្នេហាគ្នាស្ងាត់ៗ ដោយព្យាយាមលាក់បាំងមិនឱ្យចាស់ទុំទាំងសងខាងបានដឹងនោះទេ លុះក្រោយមក ភាគីខាងស្រីបានប្តឹងចោទប្រកាន់ខាងប្រុសថា បានចាប់រំលោភនាងបានសម្រេចម្តង ប៉ុន្តែខាងប្រុសបានប្រកែកដាច់អហង្ការថា មិនដែលបានប៉ះពាល់រាងកាយស្រីឡើយ តែធ្លាប់ថើបដៃ និងថើបថ្ពាល់តិចតួចប៉ុណ្ណោះ ធ្វើជីដូនខាងស្រីកើតទុក្ខមិនសុខចិត្ត ក៏នាំចៅស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនខាងប្រុស យកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ប្រុសប្រកែកស្រីប្រកាន់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុន លីម៉េត អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកនារីរងគ្រោះ មានឈ្មោះទ.ណ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

យុវជនសង្ស័យបានរៀបរាប់ប្រាប់ថា ខ្លួននិងនារីរងគ្រោះ គឺជាអ្នកជិតខាងគ្នា ស្នាក់នៅផ្ទះរំលងគ្នាតែ៣ខ្នងប៉ុណ្ណោះ ហើយពួកគេបានទាក់ទងស្រលាញ់គ្នាជាគូអនាគត រយៈពេលជាង១ឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែស្រលាញ់ចិត្តនិងចិត្ត មិនបានធ្វើអ្វីឱ្យលើសពីប្រពៃណីទេ ហើយក៏មិនធ្លាប់ដើរលេងដាច់យប់មិនចូលផ្ទះដែរ គ្រាន់តែដើរលេងតាមមាត់ទន្លេ ឬកោះពេជ្រ បង្កើតអនុស្សាវរីយ៍ធម្មតាៗប៉ុណ្ណោះ។ ក្រោយមកក៏ឮសូរថា ស្ត្រីជាជីដូនបង្កើតក្មេងស្រីរងគ្រោះបាននាំចៅស្រីទៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ប្តឹងថារូបគេបានចាប់រំលោភចៅស្រីគាត់ និងគំរាមមិនឱ្យប្រាប់អ្នកណាទៅវិញ។ នៅពេលទទួលបានព័ត៌មាននេះភ្លាម ខ្លួនក៏ឱ្យឪពុកម្តាយជូនមកនគរបាលប៉ុស្តិ៍នគរបាល ដើម្បីតទល់មុខគ្នា ដោយរូបគេជាមាសទឹកដប់ មិនខ្លាចភ្លើង តែពេលមកដល់ប៉ុស្តិ៍រៀបរាប់ប្រាប់សមត្ថកិច្ចរួច ក៏ត្រូវនគរបាលចាប់វាយខ្នោះ និងប្រាប់ថា នារីរងគ្រោះក៏បានប្តឹងដែរថា រូបគេបានចាប់រំលោភនាងបានសម្រេចម្តងកាលពីថ្ងៃមុន។

យុវជនជាជនសង្ស័យបានបញ្ជាក់ថា តាំងពីស្រលាញ់គ្នាមក រូបគេមិនដែលបានចាប់រំលោភនាងឡើយ ហេតុនេះរូបគេសុំប្រកែក និងបដិសេធដាច់ខាតថា មិនធ្លាប់ប្រព្រឹត្តដូចអ្វីដែលនារីរងគ្រោះប្តឹងចោទប្រកាន់នោះទេ ប៉ុន្តែខ្លួនទទួលស្គាល់ថា កន្លងមកធ្លាប់បានថើបដៃ និងថ្ពាល់របស់នាងតែប៉ុណ្ណឹងទេ លើសពីនេះ គឺរូបគេមិនហ៊ានទេ និងគិតថាទុកជាគូអនាគត ចាំសន្សំលុយបាននឹងចូលស្តីដល់ឪពុកម្តាយតាមប្រពៃណី មិនឱ្យរំលង តែដោយមួយរយៈពេលចុងក្រោយនេះ រូបគេបានសុំចែកផ្លូវគ្នា ព្រោះនារីរងគ្រោះជាសង្សារតែងតែប្រើមាត់ខាំចំកខ្លួន ហើយរូបគេមិនចូលចិត្តឱ្យនារីជាសង្សាធ្វើបែបនេះ តែប្រាប់ច្រើនដងនៅតែមិនស្តាប់ និងក្រុមគ្រួសារខាងស្រីមិនសូវពេញចិត្តទៀត ក៏សុំចែកផ្លូវគ្នា សង្ស័យបែបនេះហើយ ទើបនារីរងគ្រោះខឹង រួចមកប្តឹងថាចាប់រំលោភ។

ចំណែកនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នាងបានស្គាល់គ្នាជាមួយឈ្មោះលីម៉េត តាំងពីខែធ្នូ ឆ្នាំ២០១៧ ស្គាល់គ្នាដោយជនសង្ស័យបានមកពីខេត្ត ស្នាក់នៅជាមួយពូជាជាងប៉ះកង់ម៉ូតូ ហើយចៃដន្យថ្ងៃមួយ ម៉ូតូខ្លួនបានបែកកង់ រួចយកទៅប៉ះក៏បានជួបលីម៉េត ហើយបាននិយាយគ្នា ក្រោយមកក៏ឧស្សាហ៍បានជួបគ្នាច្រើនដង រហូតរាប់អានគ្នាជាមិត្តភក្តិធម្មតា បន្ទាប់មកឈានដល់ស្រឡាញ់គ្នាជាសង្សារ ចាប់ផ្តើមដោយជនសង្ស័យតែងយកម៉ូតូមកដឹកនាងទៅរៀន សឹងរាល់ថ្ងៃ តែមិនបានឱ្យយាយបង្កើតរបស់នាងដឹងទេ។

នារីរងគ្រាះបន្តថា លុះមកដល់វេលាម៉ោង៤និង៣០នាទីរសៀល មិនចាំថ្ងៃ នាងនិងជនសង្ស័យបាននាំគ្នាទៅដើរលេង និងអង្គុយនៅសួនច្បារនៅក្រុងតាខ្មៅ ហើយក៏ត្រឡប់មកវិញ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ម៉ោង៣និង២០នាទីរសៀល នាងបានដើរទៅរកទិញតែជ្រក់ផឹក តែមិនទាន់បានទិញផង មកដល់មុខផ្ទះជនសង្ស័យក៏បានបក់ដៃឱ្យចូលផ្ទះគេលេងសិន លុះចូលដល់ក្នុងផ្ទះជនសង្ស័យឃើញស្ងាត់មនុស្ស នាងបានសួរថា ចុះពូមីងទៅណាអស់ហើយ ពេលនោះជនសង្ស័យបានឆ្លើយប្រាប់ថា គាត់ទៅក្រៅអស់ហើយ។ បន្ទាប់មកជនសង្ស័យជាសង្សារបានដឹកដៃនាងឱ្យចូលទៅលេងខាងក្នុងផ្ទះ លុះដើរដល់មុខបន្ទប់របស់ជនសង្ស័យ ក៏ត្រូវជនសង្ស័យហៅឱ្យចូលបន្ទប់របស់គេ ស្រាប់តែពេលចូលដល់ក្នុងបន្ទប់ ជនសង្ស័យក៏បានចាក់គន្លឹះសោជាប់ និងបានសារភាពថា បងស្រឡាញ់អូន និងមិនបោះបង់ចោលអូនទេ រួចក៏បានឱបថើបនាង រហូតទាល់តែមានអារម្មណ៍រួមភេទទាំង២នាក់ ក៏ចាប់ផ្តើមរួមរ័កបានសម្រេចតែម្តង។

នារីរងគ្រោះបានឱ្យដឹងទៀតថា បន្ទាប់ពីរួមរ័កជាមួយគ្នារួច នាងក៏បានសួរទៅខាងប្រុសថា បើខ្ញុំមានផ្ទៃពោះគិតយ៉ាងម៉េច? ពេលនោះ ជនសង្ស័យបានឆ្លើយតបមកវិញថា នឹងឱ្យឪពុកម្តាយចូលសួរនាំ និងរៀបការជាមួយគ្នា តែសូមកុំប្រាប់យាយបង្កើតឱ្យសោះ កុំឱ្យគាត់ដឹងរឿងនេះ ខ្លាចគាត់ខឹងមិនឱ្យយើងរៀបការជាមួយគ្នា។ បន្ទាប់មកនាងក៏បានដើរទៅផ្ទះវិញ ពេលមកដល់ផ្ទះម្តាយមីង និងលោកយាយសួរថា ទើបមកពីណា នាងក៏បានឆ្លើយប្រាប់ថា ទើបមកពីផ្ទះមិត្តភក្តិស្រីរៀនជាមួយគ្នា។

នារីរងគ្រោះបានបញ្ជាក់ជាចុងក្រោយថា លុះដល់យប់ថ្ងៃដដែលនោះ ក្រុមគ្រួសារបានហៅនាងទៅដើរលេងពិធីបុណ្យទន្លេ នៅក្រុងតាខ្មៅ លុះពេលជិះតាមផ្លូវ យាយរបស់នាងចេះតែជជីកសួរនាំដដែលៗ ទើបនាងដាច់ចិត្តប្រាប់ជីដូនតាមត្រង់ថា កាលពីថ្ងៃនាងមិនមែនទៅលេងផ្ទះមិត្តភក្តិស្រីទេ គឺត្រូវជនសង្ស័យហៅចូលក្នុងផ្ទះលេង និងលួងលោមចាប់រំលោភរហូតបានសម្រេច ហើយជនសង្ស័យបានប្រាប់មិនឱ្យនាងនិយាយរឿងនេះប្រាប់អ្នកផ្ទះទេ។ លុះពេលដឹងរឿងនេះ ជីដូនក៏បាននាំនាងត្រឡប់មកផ្ទះវិញ ដោយមិនបានទៅលេងបុណ្យទន្លេទេ និងថែមទាំងបាននាំនាងដើរទៅផ្ទះជនសង្ស័យ ដើម្បីសួរនាំឱ្យច្បាស់ តែត្រូវជនសង្ស័យគេចមិននៅផ្ទះ ទើបធ្វើឱ្យជីដូនរបស់នាងខឹង ក៏នាំនាងទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ក្រោយពីស្ត្រីជាយាយបាននាំចៅស្រីមកដាក់ពាក្យបណ្តឹងប្តឹងចោទយុវជនម្នាក់ថា បានចាប់រំលោភចៅស្រីរបស់គាត់បានសម្រេចមួយលើកមក សមត្ថកិច្ចបានធ្វើការសាកសួរនាំនារីរងគ្រោះមិនទាន់ចប់ផង ក៏លេចមុខបុរសជាសង្សារដែលទទួលរងការប្តឹងចោទប្រកាន់ និងក្រុមគ្រួសារចូលមកប៉ុស្តិ៍ និងបានព្យាយាមឆ្លើយបដិសេធថា មិនបានប្រព្រឹត្តដូចការចោទប្រកាន់ភាគីនារីរងគ្រោះជាមិត្តស្រីឡើយ។

ក្រោយមកសមត្ថកិច្ច បានសាកសួរភាគីទាំងសងខាង ដោយក្នុងនោះខាងស្រីបានចោទថា ខាងប្រុសបានចាប់រំលោភ ចំណែកខាងប្រុសបានបដិសេធថា គ្រាន់តែថើបថ្ពាល់ និងដៃប៉ុណ្ណោះ។ ដោយសារតែភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES