Thursday, April 25, 2024
Homeព័ត៌មានជាតិព្យាយាម២ដងមិនសម្រេច លើកទី៣បានសម្រេច បញ្ចប់វិបត្តិផ្លូវចិត្ត

ព្យាយាម២ដងមិនសម្រេច លើកទី៣បានសម្រេច បញ្ចប់វិបត្តិផ្លូវចិត្ត

ខេត្តកណ្តាល ៖ យុវជនម្នាក់សង្ស័យកើតមានវិបត្តិផ្លូវចិត្តរឿងស្នេហាមិនសមបំណង ទើបធ្វើឱ្យខូចចិត្ត រហូតមានគំនិតខ្លីព្យាយាមចងកបញ្ចប់ជីវិត២ដងរួចមកហើយ តែមិនបានសម្រេច ដោយសារមានអ្នកជួយទាន់ លុះលើកទី៣ ក៏បានសម្រេចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅក្នុងផ្ទះម្តាយបង្កើតរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសេង តាក់ អាយុ២៤ឆ្នាំ មុខរបរជាអ្នករត់តុការ សព្វថ្ងៃស្នាក់នៅផ្ទះជាមួយម្តាយ ឈ្មោះយឺន ណា ក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេសង្ស័យថា បានកើតមានវិបត្តិរឿងស្នេហា ទើបធ្វើឱ្យខូចចិត្តក្នុងដំណាក់កាលធ្ងន់ធ្ងរ រហូតដល់ព្យាយាមចងកសម្លាប់ខ្លួនចំនួន២លើករួចមកហើយ ប៉ុន្តែត្រូវបានបងប្អូនសាច់ញាតិ អ្នកជិតខាង ប្រទះឃើញជួយសង្គ្រោះទាន់ពេលរហូត។ ស្រាប់តែលើកទី៣ ដោយសារតែគ្មានអ្នកនៅផ្ទះ ទើបធ្វើឱ្យជនរងគ្រោះមានឱកាសចងកសម្លាប់ខ្លួន រហូតសម្រេចបំណង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ជុំវិញករណីចងកសម្លាប់ខ្លួនរបស់យុវជនខាងលើនេះ ក្រុមគ្រួសារបានបញ្ជាក់ប្រាប់ថា ពួកគាត់មិនដឹងថា ជនរងគ្រោះខូចចិត្តពីរឿងអ្វីនោះទេ គ្រាន់តែដឹងថា មួយរយៈមុននេះ ជនរងគ្រោះធ្លាប់ព្យាយាមចងកសម្លាប់ខ្លួន២ដងហើយ តែត្រូវក្រុមគ្រួសារជួយទាន់ និងបានព្យាយាមពន្យល់ណែនាំយ៉ាងច្រើន និងនឹកស្មានថា ជនរងគ្រោះលែងមានគំនិតខ្លីបែបនេះទៀតហើយ ស្រាប់តែភ្លេចខ្លួន ជនរងគ្រោះបានចងកសម្លាប់ខ្លួនទាល់តែបាន។

ដោយឡែក តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានបង្ហើបប្រាប់ថា ជនរងគ្រោះបានខូចចិត្តនឹងរឿងស្នេហាមិនសមបំណង ទើបបានជាមានគំនិតខ្លីបែបនេះ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញស្រុកនិងប៉ុស្តិ៍ មេភូមិ និងគ្រូពេទ្យ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការចងកប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES