Wednesday, April 24, 2024
Homeព័ត៌មានជាតិកំលោះចិត្តស្មោះស្កាត់ពីខេត្តព្រះវិហារ ទិញខោអាវទ្រនាប់សុំស្នេហ៍នារីភ្នំពេញ តាមពិតជាមេចោរសោះ

កំលោះចិត្តស្មោះស្កាត់ពីខេត្តព្រះវិហារ ទិញខោអាវទ្រនាប់សុំស្នេហ៍នារីភ្នំពេញ តាមពិតជាមេចោរសោះ

ខេត្តកំពង់ចាម ៖ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ អ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកជាច្រើន ច្បាស់ជាធ្លាប់បានដឹង និងភ្ញាក់ផ្អើលចំពោះករណីបុរសម្នាក់តាមស្រឡាញ់ស្រី ខំស្កាត់មកតាំងពីខេត្តព្រះវិហារ ទៅដល់ភ្នំពេញ ដោយថែមទាំងបានទិញកាដូឈុតក្នុង (ខោទ្រនាប់ និងអាវទ្រនាប់) ទៅជូននារីជាទីស្រលាញ់ ដើម្បីបង្ហាញចិត្តស្មោះរបស់ខ្លួន ធ្វើឱ្យមហាជននាំគ្នាពោលសរសើរពីទឹកចិត្តក្លាហានរបស់បុរសនោះយ៉ាងខ្លាំង តែទីបំផុត ៤ខែក្រោយមក បុរសខាងលើបានធ្វើឱ្យកើតមានការភ្ញាក់ផ្អើលសាជាថ្មី ដោយក្លាយខ្លួនទៅជាចោរលួចកាច់កម៉ូតូ និងត្រូវបានប្រជាពលរដ្ឋចាប់បានវាយសល់ដង្ហើមចង្រិត។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Socheat Heang កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានបង្ហោះរូបភាពបុរសស្មោះស្នេហ៍ខាងលើ ព្រមទាំងសរសេរសារខ្លីមួយថា “បុរសចិត្តស្មោះ ស្វែងរកស្មេហ៍ពីខេត្តព្រះវិហារមកដល់ភ្នំពេញ ដែលនារីគ្រប់រូបប្រាថ្នាចង់បាន គូអនាគតស្រលាញ់តែចិត្ត មិនគិតរូបសម្បត្តិដូចគាត់ ហើយចេះទិញរបស់ប្រែនៗ ផ្ញើគូស្នេហ៍ ដូចជា អាវវ៉ែនតា ប៊ីគីនី ថ្លៃៗ ការពិតជាចោរកាច់កម៉ូតូ…”។

គណនីហ្វេសប៊ុកខាងលើ បានបន្ថែមថា  Update ស៉ុខ ពិសិដ្ឋ ហៅសុខ សុភាព មុខសញ្ញាលួចម៉ូតូ និងធ្លាប់ធ្វើសកម្មភាពតាមសាលា និងកន្លែងផ្សេងៗក្នុងខេត្តកំពង់ចាម ទី១-លួចម៉ូតូនៅសាលាបណ្តុះបណ្តាលគរុកោសល្យ ទី២-ចេញពីគុកទៅលួចម៉ូតូនៅសួង (កាលពីមិនទាន់បំបែកខេត្តត្បូងឃ្មុំ) ទី៣-លួចនៅមន្ទីរសាធារណការ និងទី៤-លួចបន្លំម៉ូតូនៅកន្លែងខនសឺត ជិតផ្សាររាត្រី បន្ទាប់មកទៅលួចម៉ូតូនៅស្វាយរៀង…”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ មានករណីកាច់កម៉ូតូមួយបានកើតឡើង នៅចំណុចផ្សារផ្អាវ ស្ថិតក្នុងភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ដោយជនសង្ស័យម្នាក់ “បុរសស្មោះស្នេហ៍” បានធ្វើសកម្មភាពលយចកាច់កម៉ូតូស្ត្រីម្នាក់ តែរត់មិនរួច ក៏ត្រូវបានប្រពលរដ្ឋព្រួតគ្នាវាយរហូតសន្លប់ សល់ដង្ហើមចង្រិត។

ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FH-1251 មានឈ្មោះខុយ ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំ មានលំនៅក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ។ ចំណែកជនសង្ស័យ មានឈ្មោះសុខ ពៅ ហៅភា ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិថ្មី ឃុំថ្មី ស្រុកកោះញែក ខេត្តមណ្ឌលគីរី (បុរសស្មោះស្នេហ៍)។

លោកសំ ណាល់ អធិការនគរបាលស្រុកបាធាយ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នារីរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅផ្សារផ្អាវ ដើម្បីរកទិញម្ហូប ពេលមកដល់ផ្សារ ក៏ទុកម៉ូតូនៅមុខផ្សារ ហើយចូលទៅក្នុងផ្សារទិញម្ហូប។ ពេលនោះក៏មានគេស្រែកថា ចោរលួចកាច់សោរម៉ូតូ លុះនារីរងគ្រោះចេញមកវិញ ឃើញប្រជាពលរដ្ឋជាច្រើននាក់កំពុងវាយមនុស្សប្រុសម្នាក់ក្បែរម៉ូតូរបស់នាង ហើយស្រែករកម្ចាស់ម៉ូតូទៅណាបាត់ហើយ ចោរលួចកាច់សោរម៉ូតូហើយមិនដឹងទៀត។

តាមប្រភពពីបុរសឈ្មោះឡេង មិន អាយុ៤៩ឆ្នាំ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ បានបញ្ជាក់ប្រាប់ថា គាត់បានសង្ស័យ និងតាមដានជនសង្ស័យខាងលើនេះ៣ថ្ងៃហើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ  នៅពេលឃើញនារីរងគ្រោះជិះម៉ូតូមកទុកនៅខាងមុខផ្សារ ជនសង្ស័យក៏ដើរចូលតាមក្រោយនារីរងគ្រាះបន្តិច រួចក៏រចេញមកវិញ ហើយមានថង់ខ្មៅមួយ យកមកដាក់លើម៉ូតូនារីរងគ្រោះ ធ្វើដូចជាម្ចាស់ម៉ូតូ  បន្ទាប់មកក៏លូកដៃក្នុងហោប៉ៅខោយកដែករាងអក្សរតេ (T) មានចុងស្រួចចាក់សោរម៉ូតូ ទើបគាត់បានស្ទុះចូលទៅចាប់កអាវជនសង្ស័យជាប់ រួចស្រែកថាចោរកាច់សោរម៉ូតូ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ នាំគ្នាព្រួតវាយជនសង្ស័យ បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង សល់ដង្ហើមចង្រិតតែម្តង។

ក្រោយកើតហេតុ ដោយសារតែស្ថានភាពរបួសរបស់ជនសង្ស័យមានសភាពធ្ងន់ធ្ងរ (ត្រូវពលរដ្ឋព័ទ្ធវ៉ៃយ៉ាងដំណំ) ទើបសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅព្យាបាលនៅមន្ទីពេទ្យបាធាយ សិន មុននឹងនាំខ្លួនមកសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES