Friday, April 26, 2024
Homeតារាខ្មែរតារាប្រុសស្រីល្បី៥ដួង ច្រៀងគ្មានកុងត្រាជាមួយផលិតកម្ម

តារាប្រុសស្រីល្បី៥ដួង ច្រៀងគ្មានកុងត្រាជាមួយផលិតកម្ម

ព្រាបសុវត្ថិ ៖ ល្បីល្បាញតាំងពីឆ្នាំ១៩៩៧ តាមរយៈបទ ”អូនជាបេះដូងបង” រហូតមកដល់ពេលនេះ ថតចម្រៀងបានជាង៣ពាន់បទ នៅផលិតកម្មរស្មីហង្សមាស ហើយកំពូលតារាចម្រៀងរូបនេះច្រៀងដោយគ្មានការកុងត្រាឡើយជាមួយផលិតកម្មរស្មីហង្សមាស។ ព្រាប សុវត្ថិ ដែលរក្សាភាពល្បីឈ្មោះបានយូរជាងគេ ដោយជាង២ទសវត្សន៍នេះ គ្មានតារាណាអាចផ្ដួលលោកបានឡើយ ស្របពេលដែលតារាប្រុសដែលជាស្នូលរបស់ផលិតកម្មរស្មីហង្សមាស រូបនេះ បានយកកូនប្រុសទាំង៣របស់លោក ចូលហង្សមាស ជាស្វ័យប្រវត្តិ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ។ បទចម្រៀងល្បីចុងក្រោយរបស់ព្រាប សុវត្ថិ គឺបទ ”មាន់ស្រែ បន្លែស្រស់” និងបទដែលច្រៀងរួមគ្នាជាមួយកូនប្រុសទាំង៣ គឺបទ ”ចង្វាក់ប៉ឺតៗ”។

មាស សុខសោភា ៖ អតីតអ្នកចម្រៀងរបស់ផលិតម្មរស្មីស្ទឹងសង្កែ, U2, M, សាន់ដេ និងចុងក្រោយទើរនៅផលិតកម្មថោន បានប្រាប់អ្នកកាសែតថា នាងច្រៀងនៅថោន ពេលនេះដោយគ្មានការចុះកុងត្រាឡើយ ។ ការថ្លែងរបស់មាស សុខសោភា ស្របពេលដែលមានព័ត៌មានថា សោភា ត្រូវបានផលិតកម្មរស្មីហង្សមាស ព្យាយាមទាក់ទងនាងឲ្យចូលធ្វើជាសមាជិករបស់ខ្លួនជាច្រើនឆ្នាំមកហើយ តែចុងក្រោយ សោភា អះអាងថា នាងនៅតែច្រៀងឲ្យថោន និងផលិតកម្មផ្ទាល់ខ្លួន Camtrax ដដែល។ មាស សុខសោភា ថែមទាំងប្រកាសថា នាងនឹងត្រៀមចូលថតភាពយន្ដភាគឲ្យទូរទស្សន៍មួយក្នុងពេលឆាប់ៗនេះហើយ ខណៈដែលបទចម្រៀងល្បីរបស់នាងចុងក្រោយ គឺបទ ”ចង្កេះទន់ទោ”។

ពេជ្រ សោភា ៖ តារាស្រីលំដាប់ជួរមុខគេរបស់ផលិតកម្មហង្សមាស រូបនេះ ហាក់មានរឿងចម្រូងចម្រាសច្រើនរឿងច្រៀងបទឆ្កែ សម្រាប់ចូលឆ្នាំខ្មែរនេះ ព្រោះមានអ្នករិះគន់តាមបណ្ដាញសង្គម។ យ៉ាងណា ពេជ្រ សោភា ដែលឈរជើងនៅផលិតកម្មរស្មីហង្សមាស ១៥ឆ្នាំមកហើយ នឹងជួបព្យុះភ្លៀងបក់បោកជាច្រើននោះ នាងមិនតតបអ្នកដែលវាយប្រហារលើនាងឡើយ។ ពេជ្រ សោភា ធ្លាប់ប្រាប់ថា ជាង៦ឆ្នាំមកហើយ ដែលនាងច្រៀងនៅហង្សមាស ដោយមិនមានការកុងត្រាជាមួយគ្នាទេ ព្រោះថាសំខាន់លើបេះដូង និងការមានទំនុកចិត្តលើគ្នាប៉ុណ្ណោះ ការកុងត្រាគ្រាន់តែក្រដាសទេ។ ពេជ្រ សោភា កំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ផងដែរ តាមរយៈការឈានចូលទៅថតភាពយន្ដរបស់ហង្សមាស រឿង ”បិសាចគួរឲ្យស្រលាញ់” ដែលនាងមានការកាច់កុងគ្នាខ្លាំងជាមួយអ្នកនាងខាត់​ សុឃីម។

សុខ ពិសី ៖ តារាចម្រៀងស្រីជួរមុខគេរបស់សាន់ដេ នេះ ត្រូវបានអ្នកដឹកនាំសម្ដែងខារ៉ាអូខេនៅផលិតកម្មសាន់ដេ បង្ហើបឲ្យដឹងថា នាងច្រៀងដោយគ្មានការកុងត្រាដែរ បន្ទាប់ពីមានការសង្ស័យថា ពិសី មានទំនាក់ទំនងស្នេហាជាមួយថៅកែផលិតកម្ម លោកឡាយ សុខចំរើន តែអ្នកទាំង២បានច្រានចោលនោះ។ សុខ ពិសី​នឹងត្រៀមចេញស្នាដៃថ្មីដែលនាងសម្ដែងជាតួឯក រឿង ”អាឡេវចូលក្រុង” ប៉ះគ្នាជាមួយលោកឆាយ វីរៈយុទ្ធ ដែលត្រៀមដាក់បញ្ចាំងនៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ។ សុខ ពិសី ដែលបាត់ដៃគូរចម្រៀង និងសម្ដែងលោកខេមរៈ សិរីមន្ដ នោះ បានងាកមកចាប់ដៃជាមួយឆាយ វីរៈយុទ្ធ ហើយពេលនេះ ល្បីបទ ”គេមិនបានស្រលាញ់យើងទេ”។

អ៊ីវ៉ា ៖ តារាចម្រៀងវ័យក្មេងរូបនេះមានព័ត៌មានថា នាងត្រូវបានផលិតកម្មធំ២ទាក់ទង គឺហង្សមាស និងសាន់ដេ បន្ទាប់ពីនាងអស់កុងត្រាជាមួយសាន់ដេ។ ទោះជាយ៉ាងណា តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា អ៊ីវ៉ា ចូលទៅថោន ចោលហង្សមាស ទៅហើយ តែអ្វីដែលចម្លែកនោះ គឺអ៊ីវ៉ា បែរជាមានបទចម្រៀងចេញសម្រាប់ចូលឆ្នាំនៅសាន់ដេ ទៅវិញ។ អ៊ីវ៉ា បានប្រាប់ថា ចាប់ពីពេលនេះតទៅ ទោះជានាងច្រៀងឲ្យផលិតកម្មណាក៏ដោយ គឺនាងលែងចុះកុងត្រាទៀតហើយ។

តាមអ្នកដឹកនាំផលិតកម្ម បានបង្ហើបឲ្យដឹងថា ការចុះកុងត្រារបស់តារាចម្រៀងត្រូវបានថៅកែផលិតកម្ម កាត់ប្រាក់ពីការច្រៀង និងថតស្ពត ១កម្មវិធី ពី២០ទៅ៣០%។ តែសម្រាប់តារាដែលមានកុងត្រានោះ ទោះជាគ្មានការងារធ្វើ ឬគ្មានបទចម្រៀងចេញ ក៏ពួកគេត្រូវផលិតកម្មបើកប្រាក់ខែឲ្យរៀងរាល់ខែដែរ៕

RELATED ARTICLES