Friday, April 19, 2024
Homeតារាខ្មែរចៅ ចាន់ណារី អរគុណលាយតំណក់ទឹកភ្នែក ចំពោះការជ្រោមជ្រែងរបស់ឯកឧត្តម ខៀវកាញារីទ្ធ

ចៅ ចាន់ណារី អរគុណលាយតំណក់ទឹកភ្នែក ចំពោះការជ្រោមជ្រែងរបស់ឯកឧត្តម ខៀវកាញារីទ្ធ

អតីតតារាសម្ដែងល្បីល្បាញកាលពីឆ្នាំ១៩៨៥ លោកចៅ ចាន់ណារី ដែលបាត់មុខជាច្រើនឆ្នាំ ដោយអ្នកខ្លះថា លោកទៅរស់នៅបរទេស និងខ្លះទៀតសង្ស័យថា លោកបានស្លាប់ទៅហើយនោះ តាមពិត លោកបានធ្លាក់ខ្លួនសម្ងំរស់នៅខេត្តត្បូងឃ្មុំ ក្នុងជីវភាពក្រីក្រតោកយ៉ាកសឹងតែមិនគួរឲ្យជឿឡើយ។

តារាកំប្លែងជើងចាស់ នាងកុយ ដែលបានទៅសម្ដែងនៅក្បែរនោះ បានស្កាត់ជួបលោកចៅ ចាន់ណារី ហើយថតរូបបង្ហាញពីជីវភាពក្រីក្ររបស់លោក ទើបត្រូវសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយ ដែលនាំឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះថាលោកចៅ ចាន់ណារី មានស្ថានភាពក្រលំបាក រហូតដល់ចាត់ទុកប្រាក់២ម៉ឺនរៀល ដែលនាយចាបចៀន បានឲ្យទៅកូនលោកនោះថា ទឹកលុយនោះសំខាន់ខ្លាំងសម្រាប់រូបលោក។

ចៅ ចាន់ណារី បានប្រាប់អ្នកកាសែតថា ”លុយហ្នឹង ចាប ចៀន បានឲ្យកូនខ្ញុំទេ តែកូនខ្ញុំយកមកឲ្យខ្ញុំ ហើយខ្ញុំគិតថា ប៉ុណ្ណឹងបានចាក់សាំងម៉ូតូទៀតហើយ…។ ខ្ញុំមិនដែលឲ្យតារាណាជួបខ្ញុំទេ ខ្ញុំខ្មាសគេពីស្ថានភាពរបស់ខ្ញុំដែលធ្លាក់ខ្លួននៅពេលនេះ ខ្ញុំខុសដោយខ្លួនឯង។ កន្លងមក នាងកុយ ធ្លាប់ទៅរកខ្ញុំដល់ផ្ទះ តែមកពីខ្ញុំក្រពេក ខ្ញុំចេះតែគេចវេះមិនចង់ជួប តែទីបំផុត នៅតែជួប តែខ្ញុំមិនបានបង្ហាញការលំបាកឲ្យនាយកុយ ឃើញទេ”។

ស្ថិតក្នុងស្ថានភាពស្គមស្គាំង និងស្បែកខ្មៅផងនោះ លោកចៅ ចាន់ណារី មានជំងឺប្រចាំកាយ គឺជំងឺបេះដូងជាច្រើនឆ្នាំមកហើយ ហើយក្រោយផ្ដាច់ខ្លួនបន្ដិចម្ដងៗពីអាជីពសិល្បៈ កាលពីឆ្នាំ១៩៩១នោះ លោកណារី បានទៅរកស៊ីនៅខេត្តត្បូងឃ្មុំ ដោយធ្វើជាអ្នកកាប់អុសលក់ ធ្វើកម្មករនៅកសិដ្ឋានមួយ ធ្វើជាងអង់តែន លក់ធ្យូង និងចុងក្រោយ យកខោអាវជជុះពីផ្សារអូឡាំពិក ទៅលក់នៅស្រុក។ តែមុខរបរទាំងនេះហាក់ដូចជាមិនកាក់កបឡើយ សម្រាប់លោកចៅ ចាន់ណារី ទើបធ្វើឲ្យលោកជំពាក់គេកាន់តែច្រើន ហើយចុងក្រោយកាន់តែដុនដាបទៅៗ ដោយគ្មានទាំងផ្ទះនៅត្រឹមត្រូវដូចគេទេ ព្រោះថាផ្ទះលោកដែលសង់ជាង១០ឆ្នាំមកហើយ ដែលបានគ្រឿងសំណង់បាក់បែកគេឲ្យយកមកសន្សំបន្ដិចម្ដងៗនោះ នៅមិនទាន់រួចរាល់ទេ។ ដោយសារឃើញពីទុក្ខលំបាកបែបនេះហើយ ទើបឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានឧបត្ថម្ភទឹកប្រាក់៥០០ដុល្លារ សន្យាសាងសង់ផ្ទះឲ្យលោកចៅ ចាន់ណារី ដើម្បីឲ្យលោកបានរស់នៅសមរម្យនឹងគេ ដែលកាដូនេះបានធ្វើឲ្យលោកចាន់ណារី រំភើបស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនឡើយ។

ចៅ ចាន់ណារី និយាយលាយឡំទឹកភ្នែកថា ”ខ្ញុំសូមអរគុណដល់ឯកឧត្តមខៀវ កាញារីទ្ធ ដែលលោកបានជួយដល់រូបខ្ញុំ។ ខ្ញុំក៏សូមអរគុណនាយកុយ ផងដែរ ដែលតែងតែជួយឈឺឆ្អាលដល់រូបខ្ញុំគ្រប់ពេលទាំងអស់។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនដើរផ្លូវខុសដូចមុនទៀតទេ“។

ចៅ ចាន់ណារី មានអាយុ៦៥ឆ្នាំ ធ្លាប់ជាប់ជាតារាសម្ដែងលេខ១ ទូទាំងប្រទេស កាលពីឆ្នាំ១៩៨១ ហើយអំឡុងពេលដែលលោកប្រឡូកសិល្បៈយ៉ាងជោគជាំនោះ លោកថតបានភាពយន្ដជាង៤០រឿង ដែលភាគច្រើនជាតួឯក។ ចៅ ចាន់ណារី ក៏ធ្លាប់សម្ដែងរឿង ”ពស់កេងកង” ដែលធ្វើជាកូននាយកុយ ផងដែរ ហើយជាការដឹកនាំសម្ដែងដោយលោកហ្វៃ សំអាង ។

តារាដែលធ្លាប់រួមអាជីពជាមួយលោកចៅ ចាន់ណារី មានដូចជា លោកទេព រិនដារ៉ូ , អ្នកនាងអ៊ុំ សុវណ្ណនី , ចាន់ តារាទី, កែវ កល្យាណ, អ៊ឹម ផល្លា ជាដើម។

ចៅ ចាន់ណារី បានបន្ថែមថា “លោកធ្លាប់ដើរខុសផ្លូវ ដូចជាពេលតុកស៊ិកខ្លាំងពេក លេងល្បែងខ្លះៗ ក៏មានចំណែកមុខលក់ខោអាវជជុះមិនកាក់កបនោះ ដោយសារលោកចងការប្រាក់គេមករកស៊ី ហើយពេលខ្លះ ប្រពន្ធយកលុយទៅបាត់។ តែចាប់តាំងពីពេលនេះតទៅ លោកចៅ ចាន់ណារី ថា លោកមិនឲ្យដើរខុសផ្លូវទៀតឡើយ ខណៈដែលសមាគមសិល្បករខ្មែរ សន្យាដែរថា នឹងជួយព្យបាលជំងឺបេះដូងលោក រហូតដល់បានជាសះស្បើយ៕

RELATED ARTICLES