Thursday, April 25, 2024
Homeព័ត៌មានជាតិប្តីវ៉ៃប្រពន្ធស្លាប់ ដេកឱបសព

ប្តីវ៉ៃប្រពន្ធស្លាប់ ដេកឱបសព

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានដេកឱបសពប្រពន្ធនៅក្នុងមុង ទាំងស្ថានភាពស្រវឹង ដែលធ្វើឱ្យមហាជន និងសមត្ថកិច្ចសង្ស័យថា បុរសនេះជាឃាតករវាយសម្លាប់ប្រពន្ធខ្លួនឯង។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង៥៥នាទីរសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ទោះបីជាយ៉ាងណា អត្តសញ្ញាណទាំងស្ត្រីរងគ្រោះ និងបុរសជាប្តីនោះ គេនៅមិនទាន់កំណត់បាន ឬបានស្គាល់ច្បាស់នៅឡើយ គ្រាន់តែសមត្ថកិច្ចចុះទៅដល់ ឃើញថា សពស្ត្រីរងគ្រោះជាប្រពន្ធ គឺមានសភាពហើមទៅហើយ ដោយមិនដឹងថា ស្លាប់តាំងពីពេលណាទេ និងមានស្លាកស្នាមហើមជាំខ្មៅពេញផ្ទៃមុខតែម្តង ខណៈដែលមនុស្សក៏ផ្អើលចោមរោមមើលយ៉ាងកកកុញ។

តាមប្រភពអ្នកស្រុក ដែលរស់នៅក្បែរផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា គ្រួសារខាងលើ ទើបតែមករស់នៅចំណុចកើតហេតុ បានជាងកន្លះខែប៉ុណ្ណោះ។

អ្នកស្រុកបានឱ្យដឹងបន្តថា មុនកើតហេតុ  គេបានឮសំឡេងទាំង២នាក់ ឈ្លោះគ្នាយ៉ាងខ្លាំង លាន់ឮក្តុងក្តាំងពេញផ្ទះទៀតផង តែគ្មានអ្នកចាប់អារម្មណ៍។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែមានការភ្ញាក់ផ្អើល សង្ស័យបុរសជាប្តីវាយសម្លាប់ប្រពន្ធ ហើយដេកឱបសព។

បើតាមលោកអធិការក្រុងប៉ោយប៉ែត បានសន្និដ្ឋានថា ករណីនេះអាចជាអំពើឃាតកម្ម ប្តីវាយសម្លាប់ប្រពន្ធ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីរបស់សពស្ត្រីរងគ្រោះ ដើម្បីសាកសួរ និងស្រាវជ្រាវបន្តរកមូលហេតុពិតប្រាកដ នៃការស្លាប់របស់ស្ត្រីរងគ្រោះ៕

RELATED ARTICLES