Friday, April 19, 2024
Homeតារាខ្មែរម៉េង កែវពេជ្ជតា អាចជួបស្នេហ៍ថ្មីលើដីបារាំង?

ម៉េង កែវពេជ្ជតា អាចជួបស្នេហ៍ថ្មីលើដីបារាំង?

កំពូលតារាចម្រៀងម៉េង  កែវពេជ្ជតា បានហោះទៅប្រទេសបារាំង ក្នុងគម្រោងច្រៀងសម្តែងរយៈពេលជិត៣ខែ សម្រាប់ឱកាសរកប្រាក់ចំណូលនៅក្រៅប្រទេសនេះ។

ការទៅបង្ហាញសំនៀងនៅលើទឹកដីបារាំង នេះ នាំឱ្យអ្នកសិល្បៈមួយចំនួនបានខ្សឹបខ្សៀវគ្នាថា ម៉េង កែវពេជ្ជតា អាចនឹងជួបជាមួយបុរសម្នាក់ជាអាណិកជនខ្មែរ នៅបារាំង ឈ្មោះ លោក “វ៉ាត” ដែលគេល្បីថា តាមស្នេហ៍អ្នកនាងសាជាថ្មី បន្ទាប់ពីរឿងស្នេហ៍ឆ្លងទ្វីបនោះ បានស្ងប់ស្ងាត់មួយរយៈធំមក…។

កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានរួមដំណើរជាមួយតារាចម្រៀងប្រុសម្នាក់ ហោះចេញទៅច្រៀងសម្តែងនៅប្រទេសបារាំង រយៈពេលដល់ទៅ៣ខែ ដោយចាកចេញពីស្រុក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។ ការទៅរកប្រាក់ចំណូលនៅក្រៅប្រទេស របស់អ្នកនាងម៉េង កែវពេជ្ជតា នៅពេលនេះ គឺចំពេលដែលរដូវរៀបមង្គលការនិងកម្មវិធីផ្សេងៗ នៅក្នុងស្រុកនៅមិនទាន់បានបញ្ចប់នៅឡើយ ហើយកន្លងមក គេឃើញអ្នកនាងចិន្តា ចេញច្រៀងការកូនអ្នកធំៗច្រើនគ្រប់ខេត្ត-ក្រុង ហេតុនេះហើយបានជាអ្នករួមអាជីពជាមួយអ្នកនាងចិន្តា បានឱ្យដឹងថា តារាចម្រៀងសំនៀងមួយគ្មាន២រូបនេះ ត្រូវបង្ចំចិត្តចោលកម្មវិធីមួយចំនួននៅក្នុងស្រុក។

ក្នុងជំនួបផ្ទាល់ជាមួយអ្នកនាងម៉េង កែវពេជ្ជតា មុនពេលអ្នកនាងឡើងយន្តហោះ តារាល្បីជាង២ទសវត្សន៍រូបនេះ បានឱ្យដឹងថា អ្នកនាងបានចោលកម្មវិធីមួយចំនួននៅក្នុងស្រុកមែន ដើម្បីចេញទៅសម្តែងច្រៀងនៅប្រទេសបារាំង នេះ តែមិនជាបញ្ហានោះទេ ព្រោះអ្វីៗបានរៀបចំអស់ទៅហើយ។ ម៉េង កែវពេជ្ជតា រៀបរាប់ថា “ខ្ញុំទៅច្រៀងនៅបារាំង និងបន្តដំណើរទៅច្រៀងសម្តែងដល់ប្រទេសស្វីស ផងដែរ ជាមួយតារាចម្រៀងប្រុសម្នាក់ទៀត។ ការចេញទៅច្រៀងនៅក្រៅប្រទេសនេះ ធ្វើឱ្យយើងចោលកម្មវិធីមួយចំនួននៅក្នុងស្រុកដែរ តែមិនអីទេ ខ្ញុំបានដោះស្រាយអស់ហើយ អ៊ីចឹងយើងត្រូវតែចេញទៅតាមការកំណត់។ សម្រាប់ប្រទេសបារាំង ខ្ញុំបានចេញទៅជាច្រើនលើកច្រើនសាមកហើយ”។

ការចេញទៅច្រៀងនៅ២ប្រទេស របស់អ្នកនាងម៉េង កែវពេជ្ជតា នៅពេលនេះដែរ គឺស្របគ្នានៅលើបណ្តាញសង្គម Facebook ជាច្រើនបានផ្សាយពីទំនាស់ពាក្យសំដីអ្នកនាងជាមួយព្រះសង្ឃ ព្រះនាមឡុង ចន្ថា ដ៏ក្តៅគគុកផងដែរ ព្រោះថា ជាការខ្វែងគំនិតគ្នាដ៏ធំមួយ។ តែយ៉ាងណា អ្នកនាងម៉េង កែវពេជ្ជតា ហាក់មានអារម្មណ៍ស្រស់ថ្លា ចំពោះការទៅសម្តែងនៅក្រៅស្រុកលើកនេះ បើទោះជាត្រូវអាក់ខានក្នុងការចូលរួមច្រៀងអង្គរសង្រាន្ត នៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរក្តី។

ដោយឡែកប្រភពពីតារាសិល្បករមួយចំនួនទៀត បានលើកឡើងថា អ្នកនាងម៉េង កែវពេជ្ជតា ធ្លាប់លេចឮថា មានទំនាក់ទំនងស្នេហាជាមួយបុរសអាណិកជនខ្មែរ វ័យចំណាស់ម្នាក់ នៅប្រទេសបារាំង គឺលោក “វ៉ាត” ហើយត្រូវកូនស្រីលោកវ៉ាត ធ្លាប់ចេញមុខវាយប្រហារទៅលើ​អ្នកនាងរឿងទំនាក់ទំនងជាមួយឪពុកគេទៀតផង តែរឿងរ៉ាវទាំងនោះបានស្ងប់ស្ងាត់ទៅវិញ ក្រោយពេលដែលអ្នកនាងពេជ្ជតា បានច្រានចោល។ ដូចនេះ ការចេញទៅច្រៀងនៅប្រទេសបារាំង សាជាថ្មី របស់កំពូលតារាចម្រៀងរូបនេះ អាចធ្វើឱ្យអាណិកជនខ្មែរ នៅទីនោះ រួមទាំងលោកវ៉ាត ផង ច្បាស់ជាជ្រួលជ្រើមមកទស្សនាការសម្តែងរបស់អ្នកនាងជាមិនខាន ទើបតារាមួយចំនួនបាននាំគ្នាខ្សឹបខ្សៀវគ្នាថា ពេជ្ជតា អាចនឹងភ្ជាប់ស្នេហ៍ថ្មីលើដីបារាំង ម្តងទៀត ក៏អាចថាបាន ព្រោះថា ថ្វីត្បិតតែអ្នកនាងមានវ័យច្រើនបន្តិច និងមានកូន២នាក់ក្តី តែពេជ្ជតា នៅតែរក្សារូបសម្រស់បាន ហើយថែមទាំងរក្សារូបរាងនៅតែស្វែលទៀតផង ហេតុនេះហើយ មិនថាបុរសនៅក្នុងស្រុកនោះទេ អ្នកនៅក្រៅស្រុកក៏ចង់ចូលខ្លួនមកស្អំបេះដូងអ្នកនាងពេជ្ជតា ឱ្យមានស្នេហាពិតឡើងវិញដែរ។

ប៉ុន្តែ រាល់ជំនួបកន្លងមក អ្នកនាងម៉េង កែវពេជ្ជតា មិនដែលនិយាយរឿងស្នេហាថ្មីឡើយ ជាមួយអ្នកសារព័ត៌មាន ហើយអ្នកនាងថែមទាំងបានស្នើសុំឱ្យអ្នកកាសែត បញ្ឈប់ពីការចុះផ្សាយរឿងគេថា អ្នកនាងមានស្នេហាជាមួយប្រុសក្មេង លោករ័ត្ន មករា ព្រោះជារឿងមិនពិត…។

ម៉េង កែវពេជ្ជតា បានលែងលះអតីតស្វាមី លោកមួង ឃីម កាលពីខែមេសា ឆ្នាំ២០១១ ដោយបន្សល់នូវចំណងដៃស្នេហ៍កូនប្រុសស្រី២នាក់ យ៉ាងស្រស់ស្អាត។ ក្រោយចែកផ្លូវគ្នាមិនបានប៉ុន្មានថ្ងៃផង អតីតប្តីបានរៀបការភរិយាថ្មី វ័យក្មេងទៅហើយ តែអ្នកនាងពេជ្ជតា ដែលលេចឮថា មានបុរសមួយចំនួនទាំងនៅស្រុកខ្មែរ និងបរទេស សុំចូលចែចូវស្តីដណ្តឹងរៀបការនោះ គឺនៅតែគ្មានតម្រុយពីរឿងរៀបការដដែល មកដល់ឆ្នាំ២០១៨នេះ ហើយមហាជនមួយចំនួនចង់ឃើញកំពូលតារាចម្រៀងដែលផលិតកម្មហង្សមាស ផ្តល់រហស្សនាមថា សំឡេង១គ្មាន២រូបនេះ ចូលរោងការជាថ្មី ដើម្បីកប់ចោលដានស្នេហ៍ចាស់។

តារាសិល្បៈដែលស្និទ្ធស្នាលនឹងអ្នកនាងម៉េង កែវពេជ្ជតា បានឱ្យដឹងថា មិនខ្វះទេបុរសល្អៗតាមសុំស្រលាញ់អ្នកនាងពេជ្ជតា តែគាត់មិនចង់ជួបការខកចិត្តជាលើកទី២ ហេតុនេះហើយបានជាត្រូវតែពិនិត្យឱ្យបានច្បាស់លាស់សិន ទើបបាន។

ប្រភពពីតារារូបនោះ បានឱ្យដឹងទៀតថា គេជឿថា រយៈពេល៣ខែ សម្រាប់ការច្រៀងនៅបារាំង និងស្វីស នោះ អ្នកនាងពេជ្ជតា អាចនឹងជួបស្នេហ៍ថ្មីមែន ព្រោះបុរសៗនៅទីនោះពេញចិត្ត និងស្រលាញ់អ្នកនាងច្រើន៕

RELATED ARTICLES