Thursday, April 25, 2024
Homeតារាខ្មែរភិន សុដាលីស តួប្រុសប្រុងប្រយ័ត្នពេលសម្តែងឈុតឱបថើប

ភិន សុដាលីស តួប្រុសប្រុងប្រយ័ត្នពេលសម្តែងឈុតឱបថើប

តារាសម្ដែងភិន សុដាលីស ដែលខកខានចាប់ដៃគូសម្ដែងជាមួយតារាសម្ដែងប្រុសរូបសង្ហា លោកភឹម តារាវិបុល ជាច្រើនឆ្នាំមកហើយនោះ ទីបំផុត អ្នកទាំង២ក៏បានជួបគ្នាសារជាថ្មី ក្នុងរឿង ”ម្ចាស់បំណុល” ដែលបានរៀបចំធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅ Hard Rock Coffee (អគារ Exchange Square ជាន់ផ្ទាល់ដី) ក្រោមវត្តមាន Agency , ផលិតករ និងអ្នកសារព័ត៌មានជាច្រើនរូប។

អ្នកនាងភិន សុដាលីស ដែលហាក់នៅមិនទាន់សម្រកទម្ងន់បានស្វែលដូចដើមនោះ សម្ដែងអារម្មណ៍រីករាយ ដែលបានជួបដៃគូចាស់សារជាថ្មីឡើងវិញ ខណៈដែលលោកភឹម តារាវិបុល មានឈុតឆាកជាច្រើនដែលសម្ដែងមានការឱបថើបដាលីស តែឈុតដែលធ្វើឲ្យគេទប់សំណើចមិនបាននោះ គឺលោកវិបុល បីដាលីស មិនរួចឡើយ ព្រោះថា ដាលីស នៅធាត់ គីឡូធ្ងន់ពេក…។ យ៉ាងណា ឈុតឆាកដែលលោកតារាវិបុល ឱបថើបសុដាលីស យ៉ាងវក់វីនោះ ប្រុសសង្ហាររូបនេះបានអះអាងថា រូបគេគ្មានចេតនាណាមួយក្នុងការចំណេញលើនាងដាលីស ឡើយ គឺគ្រាន់តែជាការសម្ដែងក្នុងភាពយន្ដប៉ុណ្ណោះ ហើយថតចប់ គឺរាប់អានគ្នាដូចបងប្អូនអីចឹង។

ភឹម តារាវិបុល ថ្លែងថា ”និយាយឲ្យត្រង់ទៅបង ពេលថតឈុតឱបថើបហ្នឹង យើងមានការប្រុងប្រយ័ត្នខ្លាចភ្លេចប៉ារ៉ូលអីផង អីចឹងខ្ញុំគ្មានបានគិតដល់ទេថា មានចំណង់តណ្ហា យកចំណេញលើតួស្រី សុដាលីស ឡើយ។ សរុបទាំងរឿង ”ម្ចាស់បំណុល” នេះទៀត ខ្ញុំបានសម្ដែង៤រឿងមកហើយ ជាមួយកញ្ញាភិន សុដាលីស គឺរឿង ”អឆ្ឆរិយស្នេហ៍”, ”ឆ្អែតចិត្ត” និងរឿង ”ខ្មោចទឹក”។ ខ្ញុំសប្បាយចិត្តដែលបានរួមការងារជាថ្មីជាមួយអ្នកនាងដាលីស នៅពេលនេះ”។

លោកអ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស បានសម្ដែងការរីករាយផងដែរថា “ការសហការចាប់ដៃគ្នារវាងផលិតកម្មមហាហង្ស និង PNN នេះ នឹងធ្វើឲ្យភាពយន្ដខ្មែរ កាន់តែមានការរីកចម្រើនថែមទៀតជាមិនខាន ព្រោះថា មហាហង្សមាស បានផលិតភាពយន្ដភាគសម្រាប់ PNN គឺផ្ដោតលើគុណភាពជាងបរិមាណ”។

លោកសុភិន បានឲ្យដឹងដែរថា “រឿង ”ម្ចាស់បំណុល” នេះមាន៤៦ភាគ ហើយនឹងដាក់បញ្ចាំងនៅទូរទស្សន៍ PNN ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នេះតទៅ”។

លោកភឹម តារាវិបុល បានឡើងបកស្រាយចម្រៀង២បទ ជូនដល់ភ្ញៀវស្ដាប់កម្សាន្ដ គឺបទ ”ស្គាល់តែក្លិនមិនបានខ្លួន” និងបទ ”ឲ្យបងសុំស្រលាញ់ផង”។ ចំណែកអ្នកនាងភិន សុដាលីស ហាក់ខ្លាចក្បាលមីក្រូបន្ដិច តែអាចច្រៀងបានដោយបន្លឺសំឡេងបង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេស តាមរយៈបទ ”ខ្សាច់លាក់ស្នេហ៍” និងបទ ”ស្នេហ៍មួយម៉ឺនស្នេហ៍”។

លោកប្រាមូត ឈូកេសីរីឆៃ អគ្គនាយកទូរទស្សន៍ប៉ុស្ដិ៍ បានប្រាប់ថា “Pnn បានសហការជាមួយបណ្ដាផលិតកម្មមួយចំនួនទៀតផងដែរ ក្រៅពីមហាហង្ស នោះ ព្រោះយើងចង់ឲ្យភាពយន្ដខ្មែររីកលូតលាស់ទៅមុខជាទីពេញនិយមរបស់ទស្សនិកជនខ្មែរ”។

លោកឈូកេសីរីឆៃ ក៏បានឲ្យដឹងដែរថា “PNN ពេញចិត្តក្នុងការចាប់ដៃជាមួយមហាហង្ស នាពេលនេះ ហើយលោកសង្ឃឹមថា រឿង ”ម្ចាស់បំណុល” ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ នឹងមានមហាជនតាមដានរឿងភាគខ្មែរនេះច្រើនជាមិនខាន៕

RELATED ARTICLES