Saturday, April 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ ការមកដល់របស់កីឡាករលំដាប់ពិភពលោក នឹងធ្វើឲ្យវិស័យបាល់ទាត់ស្រុកខ្មែរ ប្រែប្រួល

ទេព បូព្រឹក្ស ៖ ការមកដល់របស់កីឡាករលំដាប់ពិភពលោក នឹងធ្វើឲ្យវិស័យបាល់ទាត់ស្រុកខ្មែរ ប្រែប្រួល

តារាចម្រៀងលេងក្បាច់រាំ នាងទេព បូព្រឹក្ស បានដឹកដៃគូស្នេហ៍ងួន ចាន់ដេវីត ទៅច្រៀងនៅអគារ City Hall កោះពេជ្រ ដើម្បីអបអរ និងស្វាគមន៍កីឡាករអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid លោក Rudd Van Nistelrooy ក្នុងព្រឹត្តិការណ៍ “Share The Trophy” ដែលលោក Rooy បាននាំពានរង្វាន់ UEFA Champions League មកដាក់បង្ហាញនៅ City Hall កោះពេជ្រ សម្រាប់អ្នកស្នេហាវិស័យកីឡាករបាល់ទាត់ អាចថតរូបជាអនុស្សារីយ៍បានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២ដល់៤ ខែមេសា ឆ្នាំ២០១៨។

តារាចម្រៀងទេព បូព្រឹក្ស បានច្រៀងអបអរការមកដល់កម្ពុជា របស់លោក Ruud Van Nistelrooy នៅរាត្រីថ្ងៃទី៣ ខែមសា ដែលនាងបានយកបទល្បីៗមកច្រៀងកំដរលោក Rooy ដោយជក់ចិត្តជាមួយនឹងការលេងក្បាច់រាំមួយអស់ដៃតែម្ដង ដែលធ្វើឲ្យអតីតខ្សែប្រយុទ្ធលំដាប់អន្ដរជាតិរបស់ហូឡង់ដ៍ នោះ មានការរាំលេងយ៉ាងសប្បាយរីករាយ ដោយដៃម្ខាងមានកាន់ដបស្រាបៀរ Heineken។

ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយទេព បូព្រឹក្ស តារាចម្រៀងហង្សមាស បានឲ្យដឹងថា “នាងមានកិត្តិយសខ្លាំងដែលបានច្រៀងសម្ដែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយនាងយល់ថា ការមកដល់របស់កីឡាករលំដាប់ថ្នាក់អន្ដរជាតិល្បីៗ និងធ្វើឲ្យកីឡាបាល់ទាត់របស់យើង កាន់តែមានភាពរីកចម្រើនថែមទៀតជាមិនខាន”។

ទេព បូព្រឹក្ស ថ្លែងថា ”ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានច្រៀងសម្ដែងនៅចំពោះមុខគាត់ (Rooy) ហើយខ្ញុំស្គាល់គាត់ ព្រោះថា គាត់ល្បីឈ្មោះមុន Ronaldo ទៅទៀត។ សម្រាប់ខ្ញុំជាតារាចម្រៀងម្នាក់ ខ្ញុំយល់ថា ការមកដល់របស់កីឡាករបាល់ទាត់លំដាប់ថ្នាក់ពិភពលោកល្បីៗបែបនេះ នឹងធ្វើឲ្យកីឡាករបាល់ទាត់កម្ពុជា ដែលកំពុងតែល្អស្រាប់ហើយនោះ ពួកគាត់នឹងកាន់តែទទួលបានបទពិសោធន៍ល្អបន្ថែមទៀតព្រោះថាគេជាលំដាប់ថ្នាក់ពិភពលោក (World Wide) ហើយតាមដឹង គាត់មកហ្នឹង ក៏បានចែកចាយបទពិសោធន៍ដល់កីឡាករខ្មែរយើងដែរ ព្រោះគាត់បានលេងជាមួយកីឡាករខ្មែរយើងដែរ។ ចំពោះកន្លងមក ខ្ញុំក៏ចូលចិត្តមើលបាល់ទាត់ដែរ តែមិនជាញឹកញាប់ជាប្រចាំទេ ព្រោះថាខ្ញុំរវល់ច្រៀងរហូត តែខ្ញុំក៍ធ្លាប់ទៅច្រៀងលើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជាយើងនៅស្ដាតអូឡាំពិក ផងដែរ កាលពីឆ្នាំមុន”។

ទេព បូព្រឹក្ស ដែលលេងក្បាច់រាំឡើងរង្គើឆាកតន្ដ្រីនៅចំពោះមុខ Ruud Van Nistelrooy ក៏ត្រូវបានក្រុមអ្នកគាំទ្រ (Fan) នាងសំណូមពរឲ្យច្រៀងបទ ”MY សង្សារ” ដែរជាមួយដៃគូលោកងួន ចាន់ដេវីត បើទោះជាកម្មវិធីតម្រូវឲ្យច្រៀងបទញាក់ក្ដី តែបូព្រឹក្ស បានច្រៀងថែម តាមអ្នកគាំទ្ររបស់នាងចង់ស្ដាប់ ហើយតាមរយៈការសម្ដែងដ៏ស៊ីចង្វាក់គ្នាជាមួយដេវីត នោះ ធ្វើឲ្យអ្នកទស្សនាលាន់មាត់ថា គូស្នេហ៍យុវវ័យនេះស័ក្តិសមគ្នា ទាំងនៅក្នុងនិងក្រៅឆាក៕

RELATED ARTICLES