Friday, April 19, 2024
Homeព័ត៌មានជាតិកូនស្រីយកប្តីចិត្តឯង ម៉ែឪកាត់កាល់ចោល

កូនស្រីយកប្តីចិត្តឯង ម៉ែឪកាត់កាល់ចោល

ភាពក្រីក្រ ធ្វើឱ្យរាំងស្ទះដល់អាពាហ៍ពិពាហ៍ ប៉ុន្តែសេចក្តីស្នេហា មិន អាចរាំងស្ទះបានឡើយ ពោលគឺ បើទាល់ច្រកអត់លុយរៀបការ ច្បាស់ ណាស់ថា យុវវ័យខ្លះ នាំគ្នាលេងផ្លូវកាត់។ យ៉ាងណាមិញ ដោយសារខាង ប្រុសអត់លុយឱ្យថ្លៃបណ្ណាការ ធ្វើឱ្យខាងស្រីខ្លាចអត់ប្តី ក៏សុខចិត្ត ឱបបង្វេចមករួមរស់ជាមួយប្រុសថ្លៃ បណ្តាលឱ្យម៉ែឪនាងខឹងសម្បា កាត់កាល់កូនចោល…។

នាងយន់ ស្រីភ័ស្ស អាយុ១៨ឆ្នាំ បានមករួមរស់ជាមួយប្តីអត់ខាន់ស្លា នៅភូមិត្រពាំងគង ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា តាមពិត នាងមានស្រុកកំណើតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជាកូនទី៣ ក្នុង ចំណោមបងប្អូន៤នាក់ ឪពុកឈ្មោះយន់ ណាន អាយុ៤៥ឆ្នាំ ម្តាយឈ្មោះទូច ស្រីកា អាយុ៤២ឆ្នាំ ជាកសិករ។ ដោយថតឈរទន្ទឹមប្តី រាងខ្ពស់ជាងប្តីបន្តិច នាងបន្តទៀតថា ដោយសារជីវភាពគ្រួសារក្រីក្រពេក និងដោយសារស្រុកភូមិនាងនៅជាប់នឹងព្រំដែនកម្ពុជា-វៀតណាម ទើបក្រោយពីឈប់រៀនត្រឹមថ្នាក់ទី៩ នាងក៏ចេញទៅធ្វើការរោងចក្រកាត់ដេរ នៅប្រទេសវៀតណាម។ ពេលទៅធ្វើការនៅស្រុកគេ នាងស្គាល់កំលោះម្នាក់ឈ្មោះរឿង រាត្រី អាយុបងនាង១ឆ្នាំ ព្រោះគេជាកម្មកររោងចក្រជាមួយ គ្នា។ មុនដំបូងត្រឹមជាលក្ខណៈមិត្តភាពទេ លុះយូរៗទៅ ក៏ក្លាយជាសេចក្តីស្នេហាពេញបេះដូង រហូតដល់នាងបបួលគេមកបង្ហាញ ឪពុកម្តាយឱ្យស្គាល់ទៀតផង។ ឪពុកម្តាយនាងក៏មិនជំទាស់អ្វីដែរ តែពួកគាត់ ដាក់លក្ខខណ្ឌឱ្យខាងប្រុសចូលស្តីដណ្តឹងតាមប្រពៃណី និងត្រូវរកប្រាក់ យ៉ាងតិច៣០០០ដុល្លារ ត្រៀមឱ្យហើយ សម្រាប់ថ្ងៃរៀបការ។ ពេលឮឪពុក ម្តាយនាងដាក់លក្ខខណ្ឌបែបនេះ ប្រុសថ្លៃបានត្រឹមគ្រវីក្បាល ប្រកែកថា ម៉ែឪ គេក្រណាស់ គ្មានលទ្ធភាពរកលុយរាប់ពាន់ដុល្លារបានឡើយ បណ្តាលឱ្យម្តាយ នាងអាក់អន់ចិត្តព្រមានខ្លាំងៗថា បើមិនបានរៀបការ ស្រាប់តែនាំគ្នាលេងផ្លូវ កាត់នោះ គាត់កាត់កាល់ចោលហើយ។

លោករឿង រាត្រី និងនាងយន់ ស្រីភ័ស្ស

នាងយន់ ស្រីភ័ស្ស បន្តទៀតថា ពេលជួបឧបសគ្គបែបនេះ ធ្វើឱ្យពួក នាងអស់សង្ឃឹមក្នុងជីវិត ចេញទៅធ្វើការរោងចក្រលែងកើត ក៏សំងំនៅតែផ្ទះ រៀងខ្លួន ប៉ុន្តែបានទូរស័ព្ទទាក់ទងគ្នាមិនដែលដាច់ទេ។ ថ្ងៃមួយ សង្សារបាន ប្រាប់នាងថា បើនាងស្រលាញ់គេដោយស្មោះ សូមឱ្យទៅជួបគេ រួមសុខទុក្ខ តែម្តងទៅ ចាំដោះស្រាយតទៅទៀត។ ដោយសារអាណិតប្រុសថ្លៃពេក នាង ក៏ដាច់ចិត្តឱបបង្វេចស្កាត់ទៅជួបគេ ហើយរាត្រីនោះ ព្រហ្មចារីដែលនាងខំរក្សា តាំងពីតូច ក៏ប្រគល់ជូនសង្សារដោយមិនស្តាយស្រណោះ។ ពេលដឹងថា នាង បាត់ពីផ្ទះ ឪពុកម្តាយក៏តាមរកទាល់តែឃើញ និងព្យាយាមតោងទាញនាង បំបែកពីប្រុសសម្លាញ់ លុះនាងក្រាញមិនព្រមបែក ធ្វើឱ្យពួកគាត់ខឹងសម្បា កាត់កាល់ចោលតែម្តងទៅ។

លោករឿង រាត្រី ហៅជុក

ដោយឡែក លោករឿង រាត្រី ហៅជុក អាយុ១៩ឆ្នាំ បានឱ្យដឹងថា រហូត មកទល់ពេលនេះ រូបគេ និងស្រីថ្លៃបានរួមរស់ជាមួយគ្នាជាង៥ខែ ហើយ ខណៈ- ដែលឪពុកម្តាយនាងប្រកាសលែងទទួលស្គាល់កូនថា យកប្តីចិត្តឯង។ ចំពោះ ឪពុកម្តាយបង្កើតរបស់គេមិនជំទាស់រឿងស្នេហានេះទេ ពួកគាត់បានទាំងបង្ក លក្ខណៈងាយស្រួលឱ្យនាងស្រីភ័ស្ស នៅជាមួយ ចាត់ទុកនាងជាកូនប្រសា ពេញមុខ ផ្ទុយពីឪពុកម្តាយស្រីថ្លៃ ដែលដាក់លក្ខខណ្ឌធ្ងន់ពេក មិនអាចធ្វើ តាមបាន ស្រាប់តែពួកគាត់ដាច់ធម៌មេត្តា កាត់កាល់កូនតែម្តង។ ទោះយ៉ាងណា ចាំមើលបន្តិចទៀតសិន កាលណារកលុយបាន គេនឹងចូលស្តីដណ្តឹងរៀបការតាមប្រពៃណីមិនខាន ប៉ុន្តែពេលនេះរកមិនទាន់បានទេ ព្រោះការងាររោងចក្រ និងស៊ីឈ្នួលគេ បានប្រាក់កម្រៃទាបពេក ក្រែងតែ ប្រថុយខ្ចីលុយធនាគារ ទើបបានបំពេញបំណងម៉ែឪក្មេក។

នាងយន់ ស្រីភ័ស្ស

លោករឿង មុះ អាយុ៤៥ឆ្នាំ និងអ្នកស្រីចាន់ រី អាយុ៤៤ឆ្នាំ ជាឪពុកម្តាយខាងប្រុសបានឱ្យដឹង ស្របគ្នាថា ចំពោះរឿងស្នេហាកូនទាំងពីរនេះ ពួកគាត់មិនបំបែកទេ ដោយតាមដានឃើញថា ពួកគេ ស្រលាញ់គ្នាស្មោះតាំងពីទៅធ្វើការរោងចក្រនៅប្រទេសវៀតណាម ម៉្លេះ។ រឿងមិនបានរៀបការនេះ ពុំមែនភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរនោះទេ តែមកពីអត់លុយ ឯអ្នកដន្លងចេះតែបង្ខំ។ លុះបង្ខំខ្លាំង ពេក ស្រាប់តែស្រីភ័ស្ស ឱបបង្វេចមកសុំនៅជាមួយសង្សារ និងពួកគាត់តែម្តង ហើយបើនឹងដេញ ទៅវិញក៏មិនកើត ទើបសម្រេចឱ្យនៅទៅ។ មិនបានប៉ុន្មានថ្ងៃ ស្រាប់តែដន្លងទាំងពីរតាមរកកូនស្រីឃើញ តោងទាញទៅវិញ លុះនាងមិនព្រមទៅ ក៏ជេរប្រទេចកាត់កាល់កូនគ្មានស្រណោះ។

លោករឿង មុះ

អ្នកស្រីចាន់ មន អាយុ៥៤ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងដែរថា ក្មេងៗទាំងពីរនេះ ពិតជាស្រលាញ់ ស្មោះដូចទុំទាវអ៊ីចឹង បំបែកយ៉ាងម៉េចក៏មិនបានដែរ។ ទោះយ៉ាងណា ក៏គាត់ជាអ្នកគោរពប្រពៃណីទំនៀមទម្លាប់ខ្មែរ ចង់ឱ្យដន្លងទាំងសងខាងសម្របសម្រួល គ្នាទៅ បើអាងកំហឹងទល់កំហល់បែបនេះ មិនល្អទេ ធ្វើម៉េចបើអង្ករក្លាយជាបាយទៅហើយនោះ។

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីលោកយន ណាន អាយុ៤៥ឆ្នាំ និងអ្នកស្រីទូច ស្រីកា អាយុ៤២ឆ្នាំ ជាឪពុកម្តាយខាងស្រីបានឡើយ សូម្បីលេខទូរស័ព្ទក៏គ្មានដែរ។

អ្នកស្រីចាន់ មន

គួរបញ្ជាក់ថា រឿងស្នេហាយកគ្នាអត់ខាន់ស្លា បែបនេះ មានច្រើនរាប់មិនអស់ ព្រោះទាល់ច្រកពីរឿង អត់លុយរៀបការ។ ទោះយ៉ាងណា បិតាមាតា អាណាព្យាបាលកូនទាំងពីរ គួរតែចេះសម្របសម្រួល គ្នាសែនព្រេនមួយព្រឹក បំពេញខាន់ស្លាក៏បានដែរ ធ្វើម៉េចបើយើងក្រ រកលុយរាប់ពាន់ដុល្លាររៀបការមិនបាននោះ។ ពិធីសែនព្រេន ក៏មានធ្វើផ្កាស្លា បង្វិលពពិល សំពះផ្ទឹមដែរ ទាស់ត្រង់កូនកំលោះក្រមុំ មិនបានស្អាងខ្លួនឱ្យប្រណីតដូចគេ និងគ្មានភ្លេងភ្លាត់ មីក្រូ គ្រាន់តែមានអាចារ្យសូត្រជយន្តោ បាចផ្កាស្លា ប្រសិទ្ធពរជ័យ ពិធីសែនព្រេនសម្រាប់ដោះកុនពីរឿង អត់លុយនេះឯង ឬថា មានលុយតិចតួចធ្វើទៅតាម លទ្ធភាព ម៉េចក៏គ្រាន់បើជាងរបបប៉ុល ពត ដែលអង្គការផ្សំផ្គុំកំលោះក្រមុំឱ្យយកគ្នាដោយគ្រាន់តែឡើង “ប្តេជ្ញា ទះដៃ” រួចនាំគ្នាជប់លៀងបបរព្រលិត នោះដែរ…”៕

RELATED ARTICLES