Friday, March 29, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ធ្វើខួបអាពាហ៍ពិពាហ៍42ឆ្នាំ

សម្តេចហ៊ុន សែន ធ្វើខួបអាពាហ៍ពិពាហ៍42ឆ្នាំ

ខេត្តកណ្តាល ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើពិធីខួបអាពាហ៍ពិពាហ៍ គម្រប់42ឆ្នាំ ផ្គួបនឹងពិធីឡើងភូមិគ្រឹះថ្មី នៅព្រឹកថ្ងៃទី06 ខែមេសា ឆ្នាំ2018 នៅទួលក្រសាំង ក្រុងតាខ្មៅ។

លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចហ៊ុន សែន បានសរសេរក្នុគណនីហ្វេសប៊ុករបស់លោកស្រី នៅព្រឹកថ្ងៃទី06 ខែមេសា នោះថា “ថ្ងៃសុក្រ ទី6 ខែមេសា ឆ្នាំ2018 ត្រូវនឹងថ្ងៃ 6រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ 2561 មកចូលរួមក្នុងពិធីឡើងគេហដ្ឋាន និងខួបអាពាហ៍ពិពាហ៍គម្រប់42ឆ្នាំ របស់បងប្រុសបងស្រី។ ប្អូនទាំងពីរ សូមជូនពរដល់បងទាំងពីរ សូមមានសុខភាពល្អ ដើម្បីជាម្លប់ដល់ប្រជារាស្ត្រ និងបងប្អូនកូនក្មួយ និងចៅៗ”។

លោកមាស សំណាង ជាអាចារ្យមួយរូបដែលបានចូលរួមក្នុងពិធីឡើងភូមិគ្រឹះថ្មី និងខួបអាពាហ៍ពិពាហ៍ គម្រប់42ឆ្នាំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនោះដែរ បានឱ្យដឹងថា ពិធីដែលត្រូវបានរៀបចំធ្វើនៅថ្ងៃនោះ គឺរួមមាន ពិធីឡើងភូមិគ្រឹះថ្មី ផ្គួបជាមួយពិធីខួបអាពាហ៍ពិពាហ៍ គម្រប់42ឆ្នាំ របស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។

គួររំលឹកថាសម្តេចហ៊ុន សែន បានរៀបការជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងរបបប៉ុល ពត នៅឆ្នាំ1976 ហើយបើតាមការបញ្ជាក់របស់សម្តេចហ៊ុន សែន កន្លងមក គឺក្នុងថ្ងៃដែលសម្តេចរៀបការនោះ គឺមាន ដល់ទៅ11គូ ហើយគូរបស់សម្តេច គឺនៅគូទី 11៕

RELATED ARTICLES