Friday, April 19, 2024
Homeព័ត៌មានជាតិនារីរូបស្រស់ចង់បានបបូរមាត់រាងបេះដូង ទៅកែសម្ផស្សបែរជាខើចទៅវិញ ខូចចិត្តលេបថ្នាំសម្លាប់ខ្លួន

នារីរូបស្រស់ចង់បានបបូរមាត់រាងបេះដូង ទៅកែសម្ផស្សបែរជាខើចទៅវិញ ខូចចិត្តលេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ព្រោះតែចង់បានបបូរមាត់រាងបេះដូង ក៏សម្រេចចិត្តទៅកែបបូរមាត់នៅហាងកែសម្ជស្សមួយកន្លែង ស្រាប់តែលទ្ធផលចេញមកមិនចេញរាងបេះដូង បែរជាខើចបបូរមាត់ មិនសមបំណង ក៏ដាច់ចិត្តគិតខ្លីព្យាយាមចងសម្លាប់ខ្លួននៅផ្ទះ តែត្រូវប្តីជួយទាន់ ទើបរត់ចេញមកទិញថ្នាំលេបសម្លាប់ខ្លួនវិញម្តង។

ហេតុការណ៍នារីតូចចិត្តកែសម្ជស្សមិនត្រូវចិត្ត បែរជាប៉ុនប៉ងធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ២៧១ ចំណុចទល់មុខមន្ទីពេទ្យរុស្សី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

នារីខូចចិត្តដែលប៉ងលេបថ្នាំសម្លាប់ខ្លួននេះ សុំមិនបញ្ចោញឈ្មោះនោះទេ និងថែមទាំងបានពាក់មួកពណ៌ខ្មៅ មិនពាក់ម៉ាសក៍បិទមុខមាត់ មិនឱ្យគេឯងឃើញទៀតផង ដោយសំអាងថា នាងមិនចង់ឱ្យគេឃើញមុខមាត់ដ៏អាក្រក់របស់នាង ពិសេសបបូរមាត់ខើច។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះខាងលើមិនដឹងជាដើរមកពីណានោះទេ តែបានមកអង្គុយនៅលើកៅអីមុខមន្ទីរពេទ្យរុស្ស៊ី ដោយទឹកមុខស្រងូតស្រងាត់ ដូចជាមានវិបត្តិផ្លូវចិត្តអ្វីម៉្យាង ប៉ុន្តែមិនទាន់មានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ។ លុះបន្តិចក្រោយមក ស្រាប់តែនារីរងគ្រោះបានយកថ្នាំប៉ារ៉ាចំនួន៣បន្ទះចេញមក និងថ្នាំពណ៌សច្រកក្នុងថង់ យកមកចាក់នៅក្នុងដៃ រួចអង្គុយយំ ជាហេតុធ្វើឱ្យសមត្ថកិច្ច២នាក់ស្លៀកឯកសណ្ឋានស៊ីវិល ចេញល្បាតនៅក្បែរនោះប្រទះឃើញ ក៏សួរនាំ ទើបដឹងថា នារីរងគ្រោះរូបនេះកំពុងមានបំណងចង់លេបថ្នាំ ដើម្បីសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងកែសម្ជស្សមិនល្អស្រស់សមបំណង។ ភ្លាមនោះ សមត្ថកិច្ចដែលស្លៀកឯកសណ្ឋានស៊ីវិល ក៏បានដកហូតយកថ្នាំពីនារីរងគ្រោះមកវិញទាំងអស់ ដើម្បីការពារកុំឱ្យនារីរងគ្រោះគិតខ្លីសម្លាប់ខ្លួន។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នាងពិតជាមានបំណងចង់សម្លាប់ខ្លួនមែន ដោយមុននេះ នាងបានប៉ុនប៉ងចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ម្តងរួចមកហើយ តែត្រូវប្តីប្រទះឃើញជួយសង្គ្រោះទាន់ពេល ទើបនាងរត់មកទិញថ្នាំលេប រួចគិតថា ពេលលេបថ្នាំរួច នាងនឹងទៅចងកសម្លាប់ខ្លួនម្តងទៀត ឱ្យបានសម្រេចតែម្តង។

 

នារីរងគ្រោះ បានបន្តថា មូលហេតុដែលនាំឱ្យនាងគិតខ្លីចងសម្លាប់ខ្លួនបែបនេះ គឺដោយសារតែនាងតូចចិត្តនឹងរឿងកែសម្ជស្សមិនត្រូវចិត្ត។ តាមពិត កាលពីអំឡុងពេលប្រមាណ១ខែកន្លះមុននេះ ដោយចង់បានបបូរមាត់រាងបេះដូង ទើបនាងបានសម្រេចចិត្តទៅធ្វើការកែសម្ជស្ស (បបូរមាត់) នៅគ្លីនិកកែសម្ជស្សឯកជនមួយ ឈ្មោះកេត វ៉ាឌី នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក។ លុះពេលនាងទៅដល់គ្លីនិកនោះ គ្រាន់តែប្រាប់ពីបំណងចង់កែបបូរមាត់រាងបេះដូង ខាងគ្រូពេទ្យបានប្រាប់ថា មានតម្លៃ២៥០ដុល្លារ លុះគ្រាន់តែនាងព្រមព្រៀងកែ ស្រាប់តែគ្រូពេទ្យតម្រូវឱ្យនាងឡើងដេកលើគ្រែធ្វើការវះកាត់ឆៅៗយកតែម្តង ដោយមិនបានពិភាក្សា ឬពិនិត្យមើលផ្ទៃមុខរបស់នាង ថាតើវាស័ក្តិសមឬអត់ ឬកែក្នុងកម្រិតណាមួយដែលសមល្មមនោះទេ ពោលគឺវះយកតែម្តង។

នារីរងគ្រោះ បានឱ្យដឹងទៀតថា លុះក្រោយពេលវះកាត់រួច បបូរមាត់របស់នាងមានចេញរាងបេះដូងឯណា ផ្ទុយទៅវិញវាបែរជាខើចបបូរមាត់ អាក្រក់មើលខ្លាំងណាស់ ហើយនៅពេលដែលមានជាតិសំណើមមិនសូវអីទេ តែពេលស្ងួត បបូរមាត់របស់នាងក្រៀមហើបមើលទៅដូចមាត់ចាប ជាហេតុធ្វើឱ្យនាងមិនពេញចិត្តទាល់តែសោះ ពោលគឺអាក្រក់ជាងមុនពេលដែលនាងកែទៅទៀត។ ក្រោយមក នាងបានចូលពិភាក្សាជាមួយនឹងគ្លីនិកកែសម្ជស្សផ្សេងៗទៀត សឹងទូទាំងក្រុងភ្នំពេញ ក៏ត្រូវគ្រូពេទ្យជំនាញគ្រប់គ្នានិយាយដូចៗគ្នាថា បបូរមាត់របស់នាងស្តើង ហើយខើចខ្លាំងណាស់។ បន្ទាប់មក នាងក៏ព្យាយាមត្រឡប់ទៅគ្លីនិកដែលវះកាត់បបូរមាត់នាងនោះវិញ ដើម្បីសួរនាំដែរ តែត្រូវគ្រូពេទ្យនិយាយថា ស្អាតហើយៗ កុំទៅជឿមាត់អ្នកផ្សេងចេះតែថានោះ ប៉ុន្តែនាងបានតបវិញថា ប្រសិនបើបបូរមាត់នេះស្អាត ត្រូវចិត្តរបស់នាង ទោះជាអ្នកផ្សេងចង់និយាយយ៉ាងណាក៏នាងមិនខ្វល់ដែរ តែនេះនាងមើលដោយភ្នែកទាំងគូរបស់នាង ឃើញថាវាខើចមិនស្អាតទាល់តែសោះ។ យ៉ាងណា ខាងគ្លីនិកនោះមិនទទួលខុសត្រូវអ្វីចំពោះនាងឡើយ ដោយគ្រាន់តែប្រាប់ថា បើចង់បានបបូរមាត់ពេញវិញ ទាល់តែចាក់ហ្វៀលល័រ តែនាងមិនជឿថាបបូរមាត់របស់នាង អាចវិលមករកសភាពដើមវិញបានទេ។

នារីរងគ្រោះ បានបញ្ជាក់ថា ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឱ្យនាងអស់សង្ឃឹមក្នុងជីវិត ព្រោះតែចង់ស្អាត ចង់បានបបូរមាត់រាងបេះដូង បែរជាត្រូវពេទ្យវះកាត់ឱ្យទៅជាខើច អាក្រក់បែបនេះទៅវិញ តើអ្នកណាទ្រាំបានធម្មតាមនុស្សស្រីណាម្នាក់ដែលមិនស្រលាញ់សម្រស់របស់ខ្លួននោះ ចុះបើគេធ្វើឱ្យសម្រស់នាងខូចអស់បែបនេះទៅហើយ តើរស់នៅមានន័យអ្វីទៀត។

ក្រោយកើតហេតុ ទាំងប្រជាពលរដ្ឋដែលចោមរោមមើល ព្រមទាំងសមត្ថកិច្ចបាននាំគ្នាជួយនិយាយលើកទឹកចិត្តឈប់ឱ្យនារីរងគ្រោះ មានគំនិតខ្លីបែបនេះទៀត។ បន្ទាប់មក សមត្ថកិច្ចដែលស្ថិតក្នុងឯកសណ្ឋានស៊ីវិល បានសម្រេចជូននារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ផ្សារដេប៉ូ ដើម្បីឱ្យជួយអន្តរាគមន៍បន្ត។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីគ្លីនិកកែសម្ជស្ស កេត វ៉ាឌី ដែលត្រូវនារីរងគ្រោះបានចោទប្រកាន់ថា បានកែសម្ជស្ស (បបូរមាត់) របស់នាងឱ្យទៅជាខើចបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES