Friday, March 29, 2024
Homeព័ត៌មានជាតិសង្វេគខ្លាំងណាស់!!! តាអាយុ៧២ កូនចៅដឹកតាមរុឺម៉កម៉ូតូ មកបំបរបង់ចោលតាមផ្លូវ

សង្វេគខ្លាំងណាស់!!! តាអាយុ៧២ កូនចៅដឹកតាមរុឺម៉កម៉ូតូ មកបំបរបង់ចោលតាមផ្លូវ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ស្ថិតក្នុងសភាពភ្លេចភ្លាំងផង វង្វេងវង្វាន់ស្មារតីផង ត្រូវបានកូនចៅរមិលគុណដឹកយកមកបំបរបង់ចោល ឱ្យដេកដួលនៅតាមចិញ្ចើមផ្លូវគួរឱ្យសង្វេគ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

លោកតាអភ័ព្វដែលត្រូវកូនចៅដឹកមកបំបរបង់ចោលនេះ មានឈ្មោះចក់ អាយុ៧២ឆ្នាំ មានកូន៤នាក់ និងមានលំនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ គេឃើញមនុស្សប៉ុន្មាននាក់បានដឹកបុរសចំណាស់ខាងលើ ដែលស្ថិតក្នុងវ័យជរា ដើរមិនរួច តាមរ៉ឺម៉កម៉ូតូកង់បី មកដាក់ចោលនៅលើចិញ្ចើមផ្លូវបេតុង ដោយមានទាំងឈើច្រត់១ ពូកពណ៌ក្រហម១ និងខ្នើយឱបពណ៌ស១ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ លុះពេលលើកដាក់បុរសចំណាស់ ទុកលើកចិញ្ចើមផ្លូវ រួចមនុស្សមួយក្រុមនោះក៏បាននាំគ្នាឡើងជិះរ៉ឺម៉កម៉ូតូកង់បី ចាកចេញទៅវិញយ៉ាងប្រញាប់ប្រញាល់បំផុំត។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ប្រជាពលរដ្ឋរស់នៅក្បែរនោះ រួមនឹងអ្នកដំណើរឆ្លងកាត់ នឹកឆ្ងល់ ក៏នាំគ្នាចូលទៅសួរលោកតាខាងលើ តែលោកតាឆ្លើយមិនចេញនោះទេ ដែលទំនងជាភ្លេចភ្លាំងផង វង្វេងវង្វាន់ស្មារតីផង តែមើលទៅអាការៈដូចជាហេវហត់អស់កម្លាំងខ្លាំងណាស់ ទើបប្រជាពលរដ្ឋបានទិញបាយ ទិញទឹក ផ្លែឈើ នំចំណី មកផ្តល់ជូនលោកតា ដើម្បីទទួលទានសម្រន់ការស្រេកឃ្លាន។

តាមសម្តីបុរសចិត្តធម៌ម្នាក់ដែលរស់នៅក្នុងភូមិសង្កាត់កើតហេតុខាងលើ និងបានជួយយកអាសារបញ្ចុកបាយទឹកលោកតា ប្រៀបបាននឹងឪពុកបង្កើត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ក៏មិនដឹង និងបានឃើញផ្ទាល់ភ្នែកដែរ ថាតើអ្នកណាបានដឹកលោកតាអភ័ព្វរូបនេះ មកទម្លាក់ចោលនៅតាមផ្លូវ តែពេលមានមនុស្សម្នាផ្អើលចោមរោមមើល គាត់ក៏បានមកមើលនឹងគេដែរ ហើយមើលទៅដូចជាមាននិស្ស័យ ទើបរូបគាត់និងប្អូនប្រុសម្នាក់ទៀត បាននាំគ្នាជួយបញ្ចុកបាយទឹកឱ្យលោកតាពិសា បន្ទាប់មកដោយឃើញលោកតាសម្រាន្តនៅលើចិញ្ចើមផ្លូវ ខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយ ទើបពួកគាត់បាននាំគ្នាលើកលោកតា មកដាក់នៅច្រកចូលដីឡូតិ៍មួយកន្លែងក្នុងភូមិ ដើម្បីឱ្យលោកតាសម្រាន្តជាបណ្តោះអាសន្ន។

ប្រភពដដែលបន្តថា បន្ទាប់មក ក៏មានបងប្អូនប្រជាពលរដ្ឋប្រទះឃើញជួយផ្តល់ជាផ្លែឈើ ទឹកផ្លែឈើ ទឹកក្រូច បាយទឹក នំចំណី និងប្រាក់កាសតាមសទ្ធា ជូនដល់លោកតា ដែលទឹកប្រាក់មានចំនួនសរុប៣៨១៣០០រៀល។ លុះដល់យប់បន្តិច ក៏មានប្រជាពលរដ្ឋយកធូបមូសមកដុតដាក់ក្បែរលោកតា ដើម្បីការពារកុំឱ្យមូសខាំ បន្ទាប់មកមានស្ត្រីម្នាក់បានយកមុងបម្រុងនឹងចងឱ្យលោកតាសម្រាន្តទៀតផង។

រហូតមកដល់វេលាម៉ោង១០យប់ថ្ងៃដដែល ក៏មានមន្ត្រីមូលដ្ឋានចុះមកជួយអន្តរាគមន៍ ចាត់ចែងដឹកបញ្ជូនលោកតាតាមរ៉ឺម៉កម៉ូតូកង់បី ទៅកាន់សាលាសង្កាត់កាកាប១ ដើម្បីឱ្យលោកតាស្នាក់នៅបណ្តោះអាសន្ន១យប់សិន ទម្រាំដល់ព្រឹក ទើបខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នឹងមកទទួលយកទៅចាត់ចែងបន្ត។

ប្រជាពលរដ្ឋដែលបានប្រទះឃើញរូបភាពដ៏គួរឱ្យសង្វេគរបស់លោកតាអភ័ព្វខាងលើ បាននាំគ្នារិះគន់ទៅលើកូនចៅលោកតាខាងលើ ដែលមិនគួរមានគំនិតដឹកអ្នកមានគុណមកបំបរបង់ចោលបែបនេះសោះ ពិតជាទង្វើអមនុស្សធម៌ខ្លាំងណាស់ និងជាគំរូមិនល្អដែលមិនគួរឱ្យកើតមាននៅក្នុងសង្គមខ្មែរសោះឡើយ ហើយដូចពាក្យចាស់ពោលថា “ម្តាយឪពុកចិញ្ចឹមកូន១០នាក់រស់ តែកូន១០នាក់ ចិញ្ចឹមឪម៉ែមិនរស់”។

ដោយឡែក ប្រជាពលរដ្ឋខ្លះលើកឡើងថា គេមិនដឹងថា លោកតាខាងលើពិតជាត្រូវកូនចៅដឹកមកបំបរបង់ចោលប្រាកដមែន ឬលោកតាមានអាការៈភ្លេចភ្លាំង ដើរវង្វេងវង្វាន់មកដល់កន្លែងកើតហេតុ ឬក៏មកពីលោកតាគ្មានសាច់ញាតិនោះទេ។

យ៉ាងណាក្តី “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាច់ញាតិ ឬប្រភពណាមួយដែលស្គាល់ពីប្រវត្តិលោកតាខាងលើច្បាស់លាស់នៅឡើយ៕

RELATED ARTICLES