Wednesday, April 24, 2024
Homeព័ត៌មានជាតិសុខចិត្តជំពាក់បំណុលគេ ឲ្យប្រពន្ធទៅប្រទេសជប៉ុន ដូចឲ្យទៅមានប្រុសថ្មី ភ្លេចប្តីនិងកូន

សុខចិត្តជំពាក់បំណុលគេ ឲ្យប្រពន្ធទៅប្រទេសជប៉ុន ដូចឲ្យទៅមានប្រុសថ្មី ភ្លេចប្តីនិងកូន

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូនេះស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ តែដោយជីវភាពគ្រួសារខ្វះមុខខ្វះក្រោយខ្លាំងពេក ទើបស្ត្រីជាប្រពន្ធបានសុំប្តីចេញទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីរកចំណូលជួយជ្រោងគ្រួសារ ទើបបុរសជាប្តីដាច់ចិត្តដើរខ្ចីបំណុលគេជុំទិស បានប្រាក់ជិត១ម៉ឺនដុល្លារ យកមករត់ការឱ្យប្រពន្ធចេញទៅធ្វើការនៅជប៉ុន ទីបំផុត ប្រពន្ធរស់នៅឆ្ងាយបែកប្តីយូរជូរមាត់ ក៏លួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង ក្បត់ចិត្តប្តី និងថែមទាំងបន្សល់ទុកបំណុលឱ្យប្តីរ៉ាប់រងតែម្នាក់ឯង។

ប្តីប្រពន្ធខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ខាងបុរសជាប្តីមានគណនីហ្វេសប៊ុកឈ្មោះសាមឌី បូរុំ។ ចំណែកខាងស្ត្រីជាប្រពន្ធ ពិនិត្យតាមភិនភាគទើបនឹងមានវ័យជាង២០ឆ្នាំប៉ុណ្ណោះ។ ប្តីប្រពន្ធអ្នកទាំងពីរមានកូនស្រីម្នាក់ អាយុប្រមាណ៣ឆ្នាំ ជាចំណងនិស្ស័យ។

យោងតាមគណនីហ្វេសប៊ុកបុរសជាប្តី ឈ្មោះសាមឌី បូរុំ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ បានបង្ហោះរូបថតចំនួន៥សន្លឹក បង្ហាញពីមុខមាត់ស្ត្រីជាប្រពន្ធដែលកាលពីរស់នៅស្រុកខ្មែរ ជុំគ្នាជាមួយប្តីនិងកូនស្រី និងរូបភាព៣សន្លឹកទៀត ជារូបភាពដែលស្ត្រីជាប្រពន្ធបានចេញទៅរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ព្រមទាំងកំពុងរួមស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយនឹងប្រុសក្មេងម្នាក់ទៀតផង។

ជាមួយនេះ ម្ចាស់គណនីី សាមឌី បូរុំ បានបង្ហោះសារមួយថា “ធ្លាក់ខ្លួនជំពាក់បំណុលគេក្បែរម៉ឺនដុល្លារ ដោយសារប្រពន្ធ ដើម្បីឱ្យប្រពន្ធបានទៅធ្វើការនៅប្រទេសជប៉ុន បានការងារធ្វើផ្ញើលុយមិនទាន់បាន២០០០ដុល្លារផង ប្រពន្ធរត់តាមប្រុសបាត់ទៀត ហេតុអ្វីកម្មអីក៏អាក្រក់យ៉ាងនេះ…”។

មិនតែប៉ុណ្ណោះ បុរជាប្តីខាងលើ បានបង្ហោះសារជាកំណាព្យដៀមដាមទៅដល់ប្រពន្ធដែលកំពុងរួមរស់សោយសុខជាមួយប្រុសក្មេងឯ ប្រទេសជប៉ុន ថា “ម៉ែគេ ម៉ែខ្ញុំ ម៉ែគេស៊ូទ្រាំលំបាកព្រោះកូន ហត់នឿយយ៉ាងណា មិនខ្វល់ពីខ្លួន ដើម្បីរូបកូនហ៊ានធ្វើគ្រប់យ៉ាង។ ចំណែកម៉ែខ្ញុំហើរចោលទ្រនំ ខ្វល់តែខ្លួននាង បោះបង់កូនចោល រស់ពឹងសំណាង ត្រូវញាតិជិតខាង ប្រមាថមើលងាយ…” “ពូជប្រុសប៉ិនលួច ខាងស្រីប៉ិនខូច ត្រូវូគ្នាមិនខុស សាហាយផិតក្បត់ គ្មានទេចិត្តស្មោះ ញាតិអើយមើលចុះ ប្រុសស្រីនេះឯង…” “ឈាមគេឈាមថ្លៃ បានរស់ក្នុងដៃម្តាយថ្នមកាយា
មិនដូចជាខ្ញុំរងារខ្លោចផ្សា កើតឃើញលោកា ម្តាយរត់តាមប្រុស…”។ ចំណែកកាលពីម្សិលមិញ បុរសជាបន្ថែមថា “លះបង់កិត្តិយស លះបង់ប្តី លះបង់កូន លះបង់ក្រុមគ្រួសារ លះបង់ញាតិសន្តានជិតខាង លះបង់ច្រើនម្លឹងៗបានអីខ្លះមកវិញ ដើម្បីអ្វីឱ្យប្រាកដទៅ…”។

ក្រោយបង្ហោះសារខាងលើនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បានសម្តែងនូវការអាណិតអាសូរចំពោះបុរសជាប្តី ដែលមិនគួរជួបប៉ះប្រពន្ធដែលមានចរិតផិតក្បត់បែបនេះសោះ ហើយអ្វីដែលគួរឱ្យខ្លោចផ្សាបំផុតនោះ គឺជីវិតកូនស្រីតូចដែលមិនទាន់ដឹងក្តីនៅឡើយ ត្រូវម្តាយបោះបង់ចោល សម្ងំរួមស្នេហ៍ជាមួយប្រុសថ្មី ដោយគ្មានអាល័យគ្រួសារបន្តិចណាសោះ។

ជាមួយនេះ មានអ្នកលេងហ្វេសប៊ុកម្នាក់ បានចោទជាសំណួរទៅបុរសជាប្តីថា “បើគាត់ជាប្រុសទ្រូងប្រាំហត្ថ មិនមែនឱ្យប្រពន្ធទៅធ្វើការដល់ស្រុកគេទេ ទាល់តែអ្នកធ្លាប់មកធ្វើការស្រុកគេ ទើបយល់” ភ្លាមនោះ គេឃើញបុរសជាប្តី បានឆ្លើយតបយ៉ាងខ្លីថា “មានហេតុផលច្រើន ដែលខ្ញុំមិនអាចទៅខ្លួនឯងបាន”។

ដោយឡែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀត បានផ្តល់ជាយោបល់ថា “បណ្តោយឱ្យអ្វីៗទៅតាមយថាកម្មទៅចុះ យើងជាប្រុសក៏អាចមានឱកាសរកអ្នកថ្មីបានទៀតដែរ” ប៉ុន្តែត្រូវបុរសជាប្តីឆ្លើយតបវិញថា “រឿងហ្នឹងវាអត់អីទេ តែបញ្ហាបំណុល វាធ្វើឱ្យខ្ញុំស្មុគស្មាញខ្លាំងណាស់”។  អ្នកលេងហ្វេសប៊ុកបានបន្តផ្តល់ជាយោបល់ទៀតថា “សាមឌី បូរុំ បើមានរបស់ណាដែលត្រូវលក់ លក់ខ្លះៗដើម្បីដោះបំណុលគេបណ្តើរៗ និងធ្វើការងារបណ្តើរៗ ដើម្បីសងបំណុលសិន ក៏បានដែរ” ចំណែកសាមីខ្លួនបុរសជាប្តី បានតបថា “អត់មានអីលក់ផងបង…”។

ជុំវិញរឿងរ៉ាវស្នេហាត្រីកោណខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធដែលទទួលរងការចោទប្រកាន់ថា បានក្បត់ផិតប្តីទៅបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេងបាននៅឡើយទេ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES