Thursday, April 25, 2024
Homeព័ត៌មានជាតិបរិយាយថ្ងៃនេះ ៖ ជ្រៃឡោមស្រឡៅ ត្រាវឡោមបឹង

បរិយាយថ្ងៃនេះ ៖ ជ្រៃឡោមស្រឡៅ ត្រាវឡោមបឹង

ចំនួនគណបក្ស ២០ប្លាយ ដែលចូលរួមការបោះឆ្នោតនោះ មានមតិពីរផ្ទុយគ្នា គឺមតិទី១ ថា គណបក្សតូចៗទាំងនោះ ជា “បក្សកំដរ” រីឯមតិទី២ ថាជា “បក្សប្រឆាំង”។ មតិទាំង២នេះ អាចត្រូវទាំងអស់ ព្រោះសភាវៈធម្មជាតិតាក់តែងមក តែងតែមានអាក្រក់-ល្អ ស-ខ្មៅ ប្រឆាំង-ស្រប ត្រូវ-ខុស ជាគូគ្នាចៀសមិនរួចឡើង។ ដូច្នេះអាចសន្មតថា បក្សទើបបង្កើតថ្មី ឬមានពីមុនស្រាប់នោះ មួយចំនួនជាបក្សកំដរ ឯមួយចំនួនទៀត ជាបក្សប្រឆាំង ហើយបើកាលណាគេប្រឆាំង នឹងដើរស្រប តាមសុភាសិតបុរាណថា “ជ្រៃឡោមស្រឡៅ ត្រាវឡោមបឹង” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បើបរិយាយតាមន័យត្រង់ “ជ្រៃឡោមស្រឡៅ” សំដៅដល់ដើមស្រឡៅ ដុះនៅកណ្តាលភូមិ ត្រូវដើមជ្រៃឡោមព័ទ្ធ រើខ្លួនមិនរួច។ “ស្រឡៅ” ជារុក្ខជាតិមួយប្រភេទ ស្រដៀងនឹងត្របែកព្រៃ តែដើមធំជាង សាច់ស្និទ្ធស្អាត ប្រើធ្វើការបានច្រើនយ៉ាង ដូចជា តុ ទូ ក្តារក្រាលផ្ទះ ជាដើម។ ស្រឡៅ ជាឈើរឹង មិនអាចពត់បានឡើយ ទើបមានសុភាសិតស្ទួនថា “កុំពត់ស្រឡៅ កុំប្រដៅស្រីខូច”។ នៅពេលវាស្ងួត ឈើស្រឡៅស្រាលណាស់ ទើបគេតែងកាប់ដើមស្រឡៅ ទៅអារច្រៀកធ្វើច្រវាអុំទូក ស្រួលកាន់មិនធ្ងន់ដៃ។ រីឯ “ជ្រៃ” ជាឈើមានជ័រ ក្នុងពួកពោធិ៍ ល្វា វាមានពួរសម្រាប់តោងថ្ពក់ឡោមព័ទ្ធឈើឯទៀត ដែលដុះនៅក្បែរវា មានច្រើនពូជ ដូចជាជ្រៃក្រឹម ជ្រៃលៀប ជ្រៃត្រាង និងជ្រៃវល្លិ។ ជាទូទៅ ដើមស្រឡៅ បើដុះនៅក្បែរដើមជ្រៃ ច្បាស់ជាជ្រៃបញ្ចោញពួរតោងព័ទ្ធជុំជិតរើខ្លួនមិនរួចទេ ដែលជាលក្ខណៈធម្មជាតិតាក់តែងមកយ៉ាងនេះ។

“ត្រាវឡោមបឹង” សំដៅដល់គុម្ពត្រាវក្រាស់ឃ្មឹក ដែលដុះតាមមាត់បឹង ធ្វើឱ្យផ្ទៃបឹងរួមតូចទៅៗ ឯទឹកបឹងនោះរមាស់ ឆៀបៗ ពិបាកចុះងូត។ ត្រាវ ជាប្រទាលមួយប្រភេទក្នុងពួកក្តាត មានធាង និងមើម អាចស្លបរិភោគ ឬធ្វើបង្អែមបាន អាចដាំនៅក្រោយផ្ទះ ឬតាមមាត់បឹងត្រពាំង សម្រាប់បម្រើសេចក្តីត្រូវការរបស់មនុស្ស។ ផ្ទៃបឹងណាដែលមានត្រាវដុះឡោមព័ទ្ធ អ្នកស្រុកមិនដែលចុះងូតទេ ព្រោះខ្លាចរមាស់ ម៉្យាងទៀត ទីណាមានដុះត្រាវច្រើន នឹងមានខ្យងសោករស់នៅ ឯខ្យងសោកនោះ វាមានទឹកមាត់រមាស់ក្រៃណា បើប៉ះស្បែកមនុស្ស នឹងចេញកន្ទួលត្រអក អេះដាច់ស្បែកមិនខាន។

បើបរិយាយតាមន័យធៀប “ជ្រៃឡោមស្រឡៅ” បានដល់បក្សតូចៗទើបបង្កើតថ្មី ប្រៀបបាននឹងដើមជ្រៃ រីឯបក្សកាន់អំណាច ជាដើមស្រឡៅ បើសិនជាប្រភេទ “បក្សកំដរ” ឬ “បក្សស៊ីពែ” គេមិនឡោមព័ទ្ធបក្សកាន់អំណាចនោះទេ គ្រាន់តែធ្វើលំៗ ច្បោលៗ អែបអបប៉ុណ្ណោះ ប៉ុន្តែបើជា “បក្សប្រឆាំង” ច្បាស់ណាស់ថា ថ្ងៃឃោសនាខាងមុខនេះ ពួកគេនឹងបញ្ចោញវោហារសាស្ត្រ វាយប្រហារបក្សកាន់អំណាច ធ្ងន់កមិនខាន។

រួចមកហើយ យើងឃើញថា លោកសម រង្ស៊ី ជាស្ថាបនិក “គណបក្ស សម រង្ស៊ី (គណបក្សភ្លើងទៀន) រីឯលោកកឹម សុខា ជាស្ថាបនិក “គណបក្សសិទ្ធិមនុស្ស”។ លុះពួកគាត់ច្របាច់បញ្ចូលគ្នា ជា “គណបក្សសង្គ្រោះជាតិ” បានរក្សាទុកគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស ឱ្យនៅដដែល។ រឿងរក្សាទុកនេះ គោលបំណងអនាគត សម្រាប់ទប់ទល់នឹងបក្សកាន់អំណាច ឬ “ជ្រៃឡោមស្រឡៅ” ហ្នឹងឯង។ អ៊ីចឹងបើមានអ្នកនយោបាយណាធ្លាប់បម្រើបក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្ស បានចេញមុខបង្កើតបក្សថ្មី បន្ទាប់ពីសង្គ្រោះជាតិ រលាយទៅនោះ បើសិនជាគ្មាន “សំណែនឱ្យខ្លះ” ច្បាស់ជាអ្នកនយោបាយនោះ ក្លាយជា “ជ្រៃឡោមស្រឡៅ” មិនខានឡើយ។

គួរយើងរង់ចាំតាមឃ្លាំមើលថា បើបក្សណាវាយប្រហារបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ធ្ងន់ៗ ដាក់ចំកន្លែងរមាស់នោះ គឺជាប្រភេទ “ដើមជ្រៃ ដែលបោះពួរតោងដើមស្រឡៅ កុំឱ្យរើខ្លួនរួច”។ ពួរជ្រៃនោះ មិនតិចទេ មិនខុសពីពស់ ថ្លាន់ រួបរឹតជ្រូកព្រៃ លេបជាចំណី ប៉ុន្តែពេលនេះ គេមិនទាន់បញ្ចោញវោហារសាស្ត្រ ឬជ្រៃមិនទាន់បោះពួរ ព្រោះមិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោត ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

យើងក៏គួរតាមដានមើលដែរថា បើបក្សណាធ្វើលំៗ លឹបលៗ ប្រឆាំងមិនចំប្រឆាំង ស្របមិនចំស្របនោះ គឺជាប្រភេទ “បក្សរណប” “បក្សកំដរ” ឬ “បក្សស៊ីពែ” ដូចអ្វីដែលពួកប្រឆាំង រត់ទៅក្រៅស្រុក បានលាបពណ៌។ បើប្រឆាំងមិនចំប្រឆាំង មិនសូវហ៊ានអេះរមាស់ មិនមែនជាប្រភេទដើមជ្រៃនោះទេ តែជាប្រភេទដើមទន្ទ្រានខេត្ត ដែលលុះលម្អដើមស្រឡៅ។

ដោយឡែក “ត្រាវឡោមបឹង” បើពោលតាមន័យធៀប សំដៅដល់ពួកអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលរត់ទៅក្រៅស្រុក មានលោកសម រង្ស៊ី ជាអ្នកដឹកនាំ។ ពួកប្រឆាំងទាំងនោះ ជាប្រភេទ “គុម្ពត្រាវ” បញ្ចោញធាតុរមាស់ ធ្វើឱ្យទឹកបឹងពិបាកប្រើប្រាស់។ ការអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើពហិការបោះឆ្នោត អាចនឹងមានអ្នកគាំទ្រអតីតបក្សដែលរលាយទៅនោះ ធ្វើតាម បើមិនច្រើនក៏តិច ឬថា “ទឹកបឹង” គឺប្រជាពលរដ្ឋខ្មែរហ្នឹងឯង ដែលរមាស់នៅមិនសុខ ចែកជាពីរផ្នែក គឺមួយផ្នែក “ខ្ញុំទៅបោះឆ្នោត ដើម្បីប្រទេសជាតិខ្ញុំ” ឯមួយផ្នែកទៀត “ដេកផ្ទះ ឈ្នះស្អាត”។ បើរាស្ត្រចែកជាពីរផ្នែកបែបនេះ ស្មើនឹង “ផ្ទៃបឹងឡើងរមាស់” ឯមូលហេតុនៃរមាស់ មកពី “ត្រាវឡោមបឹង”។

ឥឡូវមិនទាន់ដល់កាលបរិច្ឆេទនៃការឃោសនាផង យើងឃើញប្រធានគណបក្សទើបបង្កើតមួយចំនួន វ៉ៃប្រហារបក្សកាន់អំណាច (CPP) បណ្តើរៗហើយ ដូចករណី “ប្រេងសាំងឡើងថ្លៃ” ជាដើម។ រឿងនេះ មិនធម្មតាទេ បើសិនជាបក្សកាន់អំណាច ឬរាជរដ្ឋាភិបាល គ្មានវិធានការបញ្ចុះតម្លៃសាំង ខណៈដែលប្រទេសថៃ អាចធ្វើកើត ដោយបញ្ចោញថវិកាជាតិ រាប់ពាន់លានដុល្លារ ទប់ទល់តម្លៃសាំង នឹងធ្វើឱ្យរដ្ឋាភិបាល ជួបបញ្ហាប្រឈមក្នុងពេលបោះឆ្នោត។ រឿងអ្នកស្រុកពុលទឹកស្លាប់ជាង១០នាក់ នៅខេត្តក្រចេះ ត្រូវបាននាយករដ្ឋមន្ត្រី ស្តីបន្ទោសរដ្ឋមន្ត្រី ៣ក្រសួងនោះ បើ “ពពួកជ្រៃ” យកទៅឃោសនា អាចនឹងមានបញ្ហាប្រឈមមួយដែរ។

ករណីលោកសម រង្ស៊ី មេចលនាសង្គ្រោះជាតិ ផ្ញើលិខិតទូលថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះអង្គកុំជំរុញប្រជាពលរដ្ឋទៅបោះឆ្នោត ថ្ងៃទី២៩ កក្កដា ២០១៨ ក៏មិនខុសពី “ត្រាវឡោមបឹង”។ ត្រាវនោះ មិនត្រឹមតែធ្វើរមាស់ដល់រាស្ត្រនោះទេ តែនាំរមាស់ដល់មន្ត្រី CPP វាយបកទៅវិញ ដោយចោទថា ជាករណី “ប្រមាថព្រះចេស្តាព្រះមហាក្សត្រ”។

បើ “ជ្រៃឡោមស្រឡៅ ត្រាវឡោមបឹង” ឬបក្សតូចៗទើបបង្កើតថ្មី ព្រួតគ្នាវ៉ៃប្រហារឡោមព័ទ្ធបក្សកាន់អំណាច ដោយមានពួកប្រឆាំងនៅក្រៅស្រុក “បញ្ចោញធាតុរមាស់” ផ្សំផងនោះ លុះត្រាតែគណបក្សប្រជាជនកម្ពុជា មានយុទ្ធសាស្ត្រច្បាស់លាស់ណាស់ ទើបទប់ទល់បាន។ កាលបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៥ មានតែ៨គណបក្សប៉ុណ្ណោះ ដែលបានចូលរួម ដែលលទ្ធផលមានតែគណបក្ស២ CPP និង CNRP បានអាសនៈក្នុងរដ្ឋសភា រីឯគណបក្សឯទៀត សូន្យកៅអី ដោយសារគណបក្សចាញ់ទាំងនោះ មិនមែនជាប្រភេទ “ជ្រៃឡោមស្រឡៅ” និងគ្មាន “ត្រាវឡោមបឹង” ពីក្រៅប្រទេស។ ឥឡូវស្ថានការណ៍ប្រែប្រួល ទោះបីជាមតិភាគច្រើនថា CPP នឹងឈ្នះឆ្នោតយ៉ាងតិច៩០ភាគរយ ព្រោះអស់គូប្រកួតស្មើទម្ងន់គ្នា ក៏ស្ថានការណ៍នយោបាយមើលមិនធ្លុះ ព្រោះតែមានបក្សច្រើនចូលរួមបោះឆ្នោត ដែលក្នុងនោះ បក្សមួយចំនួន នឹងក្លាយជា “ជ្រៃឡោមស្រឡៅ”។

សុរបទៅ “ជ្រៃឡោមស្រឡៅ ត្រាវឡោមបឹង” គ្រាន់តែជាការបកស្រាយសុភាសិតបុរាណ ប្រៀបធៀបនឹងស្ថានការណ៍នយោបាយតែប៉ុណ្ណោះ បន្ទាប់ពីមានមតិលើកឡើងពាក់ព័ន្ធដល់ “បក្សរណប បក្សស៊ីពែ បក្សអែបអប និងបក្សប្រឆាំង”។ ហេតុនេះ បើបក្សកាន់អំណាច ចង់ឈ្នះឆ្នោតប្រកបដោយកិត្តិយស គួរពិចារណាសុភាសិតខាងលើនេះផង ព្រោះបើមានគណបក្សប្រឆាំងតូចៗព្រួតគ្នារិះគន់ វាយប្រហារពាក់ព័ន្ធរឿងពុករលួយ បក្ខពួក គ្រួសារនិយម និងមានការបំផុសឱ្យធ្វើពហិការផងនោះ បើបក្សកាន់អំណាច ទប់មិនជាប់ ទោះជាឈ្នះ ក៏មិនសូវស្រួលដែរ៕

RELATED ARTICLES