Saturday, April 20, 2024
Homeតារាខ្មែរនាយកុយ ឧកញ៉ាសន្យាថានឹងជួយ

នាយកុយ ឧកញ៉ាសន្យាថានឹងជួយ

ភ្នំពេញ ៖ ជាមួយការអាក់អន់ស្រពោនចិន្តា ព្រោះតែ CTN បានបិទច្រកមិនឱ្យក្រុមកំប្លែងនាយកុយ វិលទៅសម្តែងនៅស្ថានីយទូរទស្សន៍នេះវិញនោះ លោកជួង ជី ហៅនាយកុយ បានប្រាប់អ្នកយកព័ត៌មានយើងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ថា លោកមានការព្រួយបារម្ភខ្លាចអាជីពកំប្លែង អាចប្រឈមការបាត់បង់ទៅថ្ងៃអនាគតជាមិនខានឡើយ ប្រសិនបើគ្មានអ្នកណាយកចិត្តទុកដាក់លើរឿងនេះ ដូចកាលពីមុននោះ។ នាយកុយ ក៏បានបង្ហាញក្តីសង្ឃឹមតិចតួចដែរថា មានលោកឧកញ៉ាម្នាក់ បានសន្យាជាមួយលោកថា នឹងជួយអភិរក្សផ្នែកកំប្លែង មិនឱ្យបាត់បង់នោះទេ។

នាយកុយ និយាយដោយសុំមិនប្រាប់ឈ្មោះលោកឧកញ៉ានោះថា “ខ្ញុំបានជួបលោកឧកញ៉ាម្នាក់ ហើយគាត់ថា គាត់នឹងជួយយើងផ្នែកកំប្លែងនេះ តាមរយៈការបើកជា TV តាម Online ហើយគាត់មានកម្មវិធីដាក់ផ្នែកកំប្លែងយើងទៅ ដើម្បីកុំឱ្យមានការធ្លាក់ចុះដូចពេលនេះ។ សម្រាប់ខ្ញុំដែលចូលសិល្បៈជាង៣០ឆ្នាំមកហើយនេះ ខ្ញុំយល់ថា អាជីពកំប្លែងយើងត្រូវតែមាន មិនអាចអត់បានទេ ព្រោះអីការកំប្លែង យើងមានការអប់រំ ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គមយើង នាសម័យកាលនីមួយៗហ្នឹង ឱ្យបងប្អូនបានឃើញ។ តែចុងក្រោយនេះ ខ្ញុំយល់ថា ប្រសិនបើដូចពេលនេះទៀត អាជីពកំប្លែងនឹងអាចប្រឈមការបាត់បង់ជាមិនខាន ដោយសារយើងធ្លាក់ចុះជាងមុន”។

មជ្ឈដ្ឋានមហាជនយល់ថា ការដែលក្រុមតារាកំប្លែងជើងចាស់ មាននាយកុយ និងនាយក្រឹម បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងគំហុកបែបនេះ គឺដោយសារតែមានក្រុមកំប្លែង CTN នាយពែកមី ចេញមកមានទីផ្សារល្អជាង ទើបធ្វើឱ្យនាយកុយ និងនាយក្រឹម មិនអាចរក្សាទីផ្សារខ្លាំងដូចមុន។

នាយកុយ ថ្លែងមិនបង្អង់ថា “អត់ទេ មិនមែនមកពីអ៊ីចឹងទេ។ ការចេញក្រុមនាយពាក់មី មក ពួកខ្ញុំនៅតែមានទីផ្សារលេងអ៊ីចឹង ប្រាក់ចំណូលក៏មិនជាធ្លាក់ចុះដែរ ព្រោះខ្ញុំយល់ថា មនុស្សមួយនគរ គេមិនមែនមានការគាំទ្រតែលើអ្នកណាម្នាក់ៗផ្តាច់ទេ។ ការគាំទ្រមានរៀងៗខ្លួន។ គ្រាន់តែខ្ញុំមានការអន់ចិត្តដែរ ពេលដែលខ្ញុំជ្រើសរើសក្រុមកំប្លែង នាយពាក់មី នៅ CTN បានហើយ ពេលនេះ CTN លែងមានកម្មវិធីឱ្យខ្ញុំលេងជិត១ឆ្នាំហើយ។ ខ្ញុំចង់ឱ្យគាត់គួរតែមានកម្មវិធីណាមួយសម្រាប់ក្រុមខ្ញុំវិញដែរ ដើម្បីឱ្យបានបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ CTN”៕

RELATED ARTICLES