Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធដើមយំរៀបរាប់ ប្តីពិការជើងមានប្រពន្ធចុង៣ វាយដំប៉ោងមុខ

ប្រពន្ធដើមយំរៀបរាប់ ប្តីពិការជើងមានប្រពន្ធចុង៣ វាយដំប៉ោងមុខ

ភ្នំពេញ ៖ បុរសជាប្តីវ័យចំណាស់ម្នាក់ មានចរិតខិលខូចលួចទាក់ទងស្រីញីរាប់មិនអស់ និងមានប្រពន្ធសរុបចំនួន៤នាក់ (ប្រពន្ធដើម១ ប្រពន្ធចុង៣) និងតែងធ្វើបាបប្រពន្ធដើមទាំងផ្លូវចិត្តនិងផ្លូវកាយ រករឿងឈ្លោះប្រកែកវាយដំប្រពន្ធដើមសឹងរាល់ថ្ងៃ លុះចុងក្រោយ គ្រាន់តែប្រពន្ធចេញទៅហូបចុកជាមួយមិត្តភក្តិនៅខាងក្រៅផ្ទះ ត្រឡប់មកវិញ ក៏ត្រូវប្តីកំណាចផ្ទុះភ្លើងប្រចណ្ឌ ចាប់អូសដៃប្រពន្ធចូលផ្ទះ រួចចាក់សោទ្វា ឡើងជិះប្រពន្ធវាយដំទាំងកំរោល បណ្តាលឱ្យស្ត្រីរងគ្រោះជាប្រពន្ធហើមប៉ោងមុខ និងដងខ្លួន រងរបួសយ៉ាងធ្ងន់។

ករណីអំពើហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុច ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលត្រូវប្តីកំណាចវាយដំប៉ោងមុខស្ទើរមើលលែងស្គាល់នេះ មានឈ្មោះឈឹម វុត្ថារី អាយុ៥១ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកបុរសជាប្តីចិត្តកំណាច មានឈ្មោះញឹម ប៊ុនឡេង អាយុជាង៥០ឆ្នាំ ជាអតីតជាងសំណង់ សព្វថ្ងៃធ្លាក់ខ្លួនពិការជើងធ្វើការមិនកើត។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានយំរៀបរាប់ទាំងឈឺចិត្តផង និងឈឺមុខរបួសផងថា គាត់និងប្តីបានចាប់ដៃគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយបង្កើតបានកូនចំនួន៣នាក់ តែសព្វថ្ងៃកូនៗមានប្តីប្រពន្ធបែកផ្ទះនៅរៀងៗខ្លួនអស់ទៅហើយ នៅសល់តែពួកគាត់២នាក់ប្តីប្រពន្ធប៉ុណ្ណោះ ដែលរស់នៅជុំគ្នា។ ប្តីរបស់គាត់នេះ គឺជាមនុស្សខូចខិលខ្លាំងណាស់ ធ្វើត្រឹមជាជាងសំណង់ ប៉ុន្តែមានមន្តស្នេហ៍ទាក់ទងមានប្រពន្ធចុងរហូតដល់ទៅ៣នាក់ ក្នុងនោះ ប្រពន្ធចុងទី១ មានកូន២នាក់ (ម្នាក់អាយុ១០ឆ្នាំ ម្នាក់អាយុ៧ឆ្នាំ) ចំណែកប្រពន្ធចុងទី២ មានកូន២នាក់ដូចគ្នា (ម្នាក់អាយុ៥ឆ្នាំ ម្នាក់អាយុ៣ឆ្នាំ) រីឯប្រពន្ធចុងទី៣ ទើបនឹងមានកូនម្នាក់អាយុ១៥ខែប៉ុណ្ណោះ ហើយប្រពន្ធទាំងនោះ សុទ្ធតែមានវ័យក្មេង អាយុចន្លោះពី១៧-១៨ឆ្នាំប៉ុណ្ណោះ។

ស្ត្រីរងគ្រោះ បន្តថា ប្តីនេះធ្វើបាបចិត្តគាត់ខ្លាំងណាស់ តែងដើរចោលគាត់ ទៅដេកជាមួយប្រពន្ធចុង បាត់ម្តង២-៣យប់ក៏មាន ហើយពេលដែលលេចមុខត្រឡប់មកដល់ផ្ទះវិញ ចេះតែរករឿងឈ្លោះប្រកែកវាយដំគាត់មិនឈប់ ប៉ុន្តែគាត់មិនធ្លាប់ប្តឹងផ្តល់អ្វីទេ ដោយនឹកថា ជាប្តីធ្លាប់រួមរស់នឹងគ្នាជាង២០ឆ្នាំមកហើយ ប៉ុន្តែប្តីវិញមិនដែលអាណិតអាសូរដល់ទឹកចិត្តគាត់ជាប្រពន្ធសោះឡើយ។

ស្ត្រីរងគ្រោះ បានឱ្យដឹងថា តាមពិតរវាងគាត់និងប្តីនេះ រស់នៅមានឈ្មោះត្រឹមតែជាប្តីប្រពន្ធប៉ុណ្ណោះ ព្រោះបានចែកកន្លែងគ្នាដេករាប់ឆ្នាំមកហើយ ដោយគាត់ដេកនៅបន្ទប់ឡៅតឿ ចំណែកប្តីដេកនៅក្រោម ហើយប្តីចង់ចេញចូលផ្ទះ ឬទៅផ្ទះប្រពន្ធចុងថ្មើរណាក៏តាមចិត្ត រីឯគាត់មិនបានឃាត់ឃាំងឬរារាំងប្តីឡើយ គ្រាន់តែសុំប្តីម៉្យាងថា ធ្វើយ៉ាងម៉េចស្រួលក៏ធ្វើចុះ កុំឱ្យតែនាំរឿងដាក់ផ្ទះបានហើយ និងកុំធ្វើបានគាត់ជាប្រពន្ធទៀត ប៉ុន្តែប្តីវិញនៅតែមិនចោលចរិតកោងកាចវាយដំ ធ្វើទារុណកម្មគាត់ទាំងផ្លូវកាយ ទាំងផ្លូវចិត្តរហូតមក។

ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ដោយសារតែទ្រាំនឹងទង្វើប្តីលែងបាន ទើបគាត់បានហៅកូន២នាក់ រួមនឹងបងប្អូនរបស់គាត់ម្នាក់ទៀតមកជួប ដើម្បីជួយនិយាយជាមួយប្តី ពីរឿងលែងលះចែកផ្លូវគ្នាដើរ ដោយពេលនោះគាត់បានទាមទារឡើងទៅដោះស្រាយគ្នានៅសាលាសង្កាត់ដែរ តែប្តីឃាត់ថា កុំបាច់ឡើងទៅលើធ្វើអី ដោះស្រាយតែគ្នាឯងទៅបានហើយ លុះជួបនិយាយគ្នា ប្តីបែរជាច្រឡោតខឹង និងតាមរករឿងគាត់ទៅវិញ ដោយចោទថាគាត់ ត្រូវរ៉ូវគ្នាជាមួយកូន និងបងប្អូនចង់លែងប្តី ឃើញប្តីជាមនុស្សពិការចង់បោះបង់ចោល។ តាមពិត ប្តីរបស់គាត់បានធ្លាក់ខ្លួនពិការជើង អស់រយៈពេល៦-៧ខែមកហើយ ដោយសារតែជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយពេលជួបគ្រោះថ្នាក់ភ្លាម គ្មានប្រពន្ធចុងណាមកអើតឈ្ងោកមើលថែប្តីនេះទេ ចំណែកគាត់ជាប្រពន្ធ នៅមើលថែបម្រើព្យាបាលប្តី ចំណាយទាំងលុយកាក់ និងកម្លាំងកាយចិត្ត រហូតដល់ប្តីបានធូរស្បើយច្រើន ស្រាប់តែពេលដើរបាន ប្តីក៏ចេញទៅរកប្រពន្ធចុង បោះបង់គាត់ជាប្រពន្ធដើមចោលដដែល។

ស្ត្រីរងគ្រោះ បានបញ្ជាក់ថា រហូតមកដល់ព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ដោយធុនទ្រាន់ តប់ប្រមល់ក្នុងចិត្តពេក ទើបគាត់បានចេញទៅហូបចុកជាមួយមិត្តភក្តិនៅខាងក្រៅផ្ទះ។ ចំណែកប្តីបានចេញទៅផ្ទះប្រពន្ធចុង និងបានផឹកស្រាស្រវឹងរួចទៅហើយ លុះមកដល់ផ្ទះ មិនទាន់ឃើញគាត់ត្រឡប់មកដល់ផ្ទះទៀត ក៏ទិញស្រាបៀរអ្នកជិតខាងយកទៅផឹកតែម្នាក់ឯងនៅក្នុងផ្ទះទៀត។ លុះដល់ម៉ោង៩យប់ គាត់ត្រឡប់មកពីហូបចុកជាមួយមិត្តភក្តិវិញ ក៏ឃើញប្តីអង្គុយចាំមើលផ្លូវ លុះគាត់មកដល់ ក៏ត្រូវប្តីចាប់អូសដៃចូលទៅក្នុងផ្ទះ រួចហើយចេញមកចាក់ សោទ្វាររបង និងទ្វារផ្ទះជាប់ បន្ទាប់មកក៏រករឿងឈ្លោះប្រកែក ជេរស្តីគាត់ដោយពាក្យអាក្រក់ៗយ៉ាងខ្លាំង រួចហើយ ប្តីកំណាចរូបនេះ ស្រាប់តែចាប់គាត់ផ្តួល រួចហើយឡើងជិះពីលើគាត់ជាប្រពន្ធ បន្ទាប់មកក៏ប្រើដៃ និងកែង វាយដំ អុកលើផ្ទៃមុខគាត់យកអុកយកទាំងកំរោល បណ្តាលឱ្យគាត់រងរបួសយ៉ាងធ្ងន់ ហើយពេលនោះ គាត់បានស្រែកអង្វរប្តីកុំឱ្យវាយដំដែរ តែប្តីមិនព្រម លុះស្រែកហៅអ្នកជិតខាងជួយ ក៏គ្មានអ្នកចូលមកជួយកើតដែរ ព្រោះតែផ្ទះជាប់សោអស់ទៅហើយ។ ដោយសារតែទ្រាំនឹងការឈឺចាប់ខ្លាំងពេក ទើបគាត់បានព្យាយាមរើបម្រះ និងប្រតាយប្រតប់ជាមួយប្តីវិញដែរ តែមិនដឹងថា ប្តីត្រូវត្រង់ណាខ្លះទេ បន្ទាប់មក គាត់ក៏ព្យាយាមរកសោយកមកចាក់បើកទ្វាររត់ចេញពីផ្ទះគេចខ្លួនទាន់ពេល ពុំនោះទេ ច្បាស់ជាប្តីវាយគាត់ដល់ស្លាប់មិនខាន។

យ៉ាងណា ស្ត្រីជាប្រពន្ធរូបនេះបានបញ្ជាក់ពីជំហររបស់គាត់ថា គាត់មិនចង់ប្តឹងផ្តល់ប្តីនោះទេ ព្រោះយ៉ាងណាក៏ពួកគាត់ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ជាង២០ឆ្នាំដែរ គ្មានអ្នកណាដាច់ចិត្តឱ្យប្តីចូលគុកនោះទេ ប៉ុន្តែគាត់គ្រាន់តែចង់លែងលះជាមួយប្តីនេះឱ្យបានដាច់ស្រេចប៉ុណ្ណោះ ដើម្បីការពារជីវិតរបស់គាត់ ខ្លាចក្រែងស្លាប់ក្នុងកណ្តាប់ដៃប្តីនេះ នៅថ្ងៃណាមួយ។

ជុំវិញរឿងរ៉ាវហិង្សាក្នុងគ្រួសារខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តីបាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES