Friday, April 19, 2024
Homeព័ត៌មានជាតិអាណិតណាស់!! ដើរយំតែឯងទាំងកណ្តាលអាធ្រាត្រ

អាណិតណាស់!! ដើរយំតែឯងទាំងកណ្តាលអាធ្រាត្រ

ភ្នំពេញ ៖ ក្មេងស្រីអាយុ10ឆ្នាំម្នាក់ ត្រូវឪពុកទុកឱ្យនៅដេកចាំផ្ទះតែម្នាក់ឯង ព្រោះរវល់ចេញទៅធ្វើការ លុះពេលភ្ញាក់ពីដំណេកមិនឃើញឪពុកនៅជិត ក៏កើតមានអារម្មណ៍ភ័យខ្លាច រហូតដល់បានចាក់សោផ្ទះ ហើយដើរចុះមកក្រោមទាំងយំសស្រាក់ ដើរតាមរកឪពុក ដោយមិនដឹងគោលដៅច្បាស់លាស់ ធ្វើឱ្យប្រជាពលរដ្ឋប្រទះឃើញកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង12រំលងអធ្រាត្រ ឈានចូលថ្ងៃទី23 ខែឧសភា ឆ្នាំ 2018 នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចម៉ាត Circle (K) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី2 ខណ្ឌដូនពេញ។

ក្មេងស្រីដែលដើរយំតាមផ្លូវស្វែងរកឪពុកនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុ10ឆ្នាំ សព្វថ្ងៃស្នាក់នៅតែ2នាក់ឪពុកប៉ុណ្ណោះ នៅផ្ទះជួលក្នុងសង្កាត់ផ្សារថ្មីទី2 ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ក្មេងស្រីអាយុ10ឆ្នាំម្នាក់នេះ ជារៀងរាល់ ថ្ងៃបានគេងនៅជាមួយឪពុក ហើយឪពុកម្តាយរបស់ក្មេងស្រីនេះ បានលែងលះគ្នាជាយូរមកហើយ ទើបបុរសជាឪពុកបានយកកូនស្រីមកនៅជាមួយ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង11និង30នាទីយប់ ថ្ងៃទី22 ខែ ឧសភា ឆ្នាំ2018 ខណៈដែលភ្ញាក់ពីដំណេកឡីង ស្រាប់តែបាត់មិនឃើញឪពុកនៅក្បែរ ព្រោះតែឪពុករបស់ក្មេងស្រីរងគ្រោះ មានការងាររវល់ទាំងយប់ ជាហេតុធ្វើឱ្យក្មេងស្រីរូបនេះ មានអារម្មណ៍ភ័យខ្លាចក៏យំស្រែករកឪពុកពេញផ្ទះ តែរកមិនឃើញ ក៏បានចាក់សោផ្ទះ រួចចុះមកដើរតាមរកឪពុកទាំងយំសស្រាក់ ធ្វើឱ្យប្រជាពលរដ្ឋបានឃើញ ក៏ចូលទៅសួរនាំ ទើបដឹងថា ក្មេងស្រីរងគ្រោះកំពុងដើរតាមរកឪពុកដែលចេញទៅធ្វើការនៅម្តុំផ្សារតាប៉ាង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នា ទិញនំចំណីការ៉េម ឱ្យក្មេងស្រីរងគ្រោះញ៉ាំ ដើម្បីលួងលោមកុំឱ្យយំតទៅទៀត និងបានទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ព្រមទាំងប្រកាសតាមវិទ្យុអេប៊ីស៊ី អស់រយៈពេល2ម៉ោង ទើបលេចមុខបុរសជាឪពុកក្មេងស្រីខាងលើ បានមករកកូនស្រី និងបានប្រាប់ថា គាត់រវល់ចេញទៅធ្វើការនៅអគារមួយកន្លែងជាន់ទី3 ទើបទុកឱ្យកូនស្រីដេកនៅផ្ទះតែម្នាក់ឯង ស្រាប់តែកូនស្រីភ្ញាក់ឡើងមិនឃើញគាត់ ក៏ដើរតាមរករហូត កើតមានការភ្ញាក់ផ្អើលបែបនេះតែម្តង។

បន្ទាប់ពីបានជួបឪពុកវិញ គេឃើញក្មេងស្រីរូបនោះ បានឱបឪពុកយ៉ាងជាប់មិនលែងនោះទេ។ បន្ទាប់មក បុរសជាឪពុកបាននាំកូនស្រីត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES