Wednesday, April 24, 2024
Homeព័ត៌មានជាតិមិនទាន់មកដល់ផ្ទះផង បាក់ប្រាវសង្កត់ជាប់

មិនទាន់មកដល់ផ្ទះផង បាក់ប្រាវសង្កត់ជាប់

ខេត្តព្រះសីហនុ ៖ យុវតីជាសិស្សសាលាម្នាក់ ទើបនឹងចេញពីសាលារៀន បើកម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែត្រូវដើមឈើងាប់១ដើម នៅលើចិញ្ចើមផ្លូវ បានបាក់ធ្លាក់សង្កត់ទៅលើយុវតីរងគ្រោះដែលកំពុងបើកម៉ូតូ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់។

យុវតីរងគ្រោះដែលត្រូវដើមឈើរលំសង្កត់ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះលឹម លីមួយ អាយុ១៧ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី ១០C នៃវិទ្យាល័យហ៊ុន សែន ព្រៃនប់ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះទើបនឹងចេញពីសាលារៀន ក៏បានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សំដៅទៅផ្ទះវិញ ទាំងមេឃកំពុងធ្លាក់ភ្លៀងរលឹម។ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែមានខ្យល់បោកបក់ផងនោះ ក៏ស្រាប់តែត្រូវដើមឈើមួយដើមធំដែលងាប់ បានបាក់សង្កត់ពីលើទាំងមនុស្ស ទាំងម៉ូតូ បណ្តាលឱ្យយុវតីរងគ្រោះទទួលរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ច រួមនិងប្រជាពលរដ្ឋក្បែរខាង បាននាំគ្នាជួយអន្តរាគមន៍ដឹកបញ្ជូនយុវតីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែក ដើមឈើដែលបាក់រលំកាត់ទទឹងផ្លូវ ត្រូវបានសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ ជួយសែង និងកាប់យកចេញ ដើម្បីសម្រួលចរាចរណ៍ដល់អ្នកដំណើរឆ្លងកាត់៕

RELATED ARTICLES