ចាប់ខ្លួនកូនប្រុសប្រមឹក ចាក់សម្លាប់ឪបង្កើត

0
370

ខេត្តក្រចេះ ៖ បុរសប្រមឹកម្នាក់ដែលបានធ្វើសកម្មភាពចាក់ប្រហារឪពុកបង្កើតរបស់ខ្លួន១កាំបិត បណ្តាលឱ្យស្លាប់ កាលពីយប់ថ្ងៃទី២៣  ខែឧសភា ឆ្នាំ២០១៨ នៅចំណុចសម្ងំកូន ស្ថិតក្នុងភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល រួចព្យាយាមរត់គេចខ្លួននោះ ទីបំផុតឈាមស្រែកស្បែកហៅក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមូលដ្ឋានឃុំស្នួល ស្រុកស្នួល។

ជនដៃដល់ជាឃាតករដែលចាក់សម្លាប់ឪពុកបង្កើតខ្លួនឯង និងទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន មានឈ្មោះគឿន ផារី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រមឹក ដើរផឹកស្រវឹងជារៀងរាល់ថ្ងៃ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះរិន គឿន អាយុ៥៩ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយធ្វើសកម្មភាពចាក់សម្លាប់ឪពុកបង្កើត កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ រួចមក ជនដៃដល់ឆ្មោះគឿន ផារី បានព្យាយាមរត់គេចចេញពីផ្ទះ ទៅសម្ងំលាក់ខ្លួនដែរ តែទីបំផុតឈាមស្រែកស្បែកហៅ ក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរកឃើញ រហូតឈានដល់ការចាប់ខ្លួន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ ស្រង់យកចម្លើយជនដៃដល់ជាឃាតកររូបនេះ មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបាន កើតឡើងនៅចំណុចសម្ងំកូន ស្ថិតក្នុងភូមិក្រសាំង ឃុំស្នួល ស្រុកស្នួល ដោយបុរសស្រវឹងស្រាម្នាក់បានឈ្លោះប្រកែក និងទាញចម្ពាមកៅស៊ូបាញ់ ប្អូនថ្លៃស្រីរបស់ខ្លួនតែមិនត្រូវ លុះឪពុកចេញមកឃាត់ ស្រាប់តែកើតជាជម្លោះតឹងសរសៃកដាក់គ្នា រហូតដល់កូនប្រុសចិត្តកំណាចរូបនេះ ទាញកូនកាំបិតចុងស្រួចចាក់ឪពុកបង្កើតរបស់ខ្លួន១កាំបិត បណ្តាលឱ្យធ្លាយភ្លៅរងរបួសធ្ងន់ និងដាច់ខ្យល់ពេលដឹកទៅដល់មន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ ជនដៃដល់ជាឃាតករខាងលើ បានចេញទៅផឹកស្រាតាំងពីថ្ងៃរសៀល រហូតដល់កប់ព្រលប់ទើបវិលត្រឡប់មកផ្ទះវិញ ទាំងស្ថានភាពស្រវឹងជោកជាំណាស់ទៅហើយ។ លុះគ្រាន់តែចូលមកដល់ផ្ទះវិញ ស្រាប់តែជនកំណាចរូបនេះ បានរករឿងឈ្លោះប្រកែកគ្នា ជាមួយប្អូនថ្លៃស្រីឈ្មោះព្រាប ស្រីមុំ អាយុ២២ឆ្នាំ។ បន្ទាប់មក ជនកំណាចក៏បានស្ទុះទៅទាញយកចម្ពាមកៅស៊ូ បាញ់ទៅលើប្អូនថ្លៃនោះដែរ តែសំណាងល្អមិនត្រូវ។

ប្រភពដដែលបន្តថា លុះលឺសម្លេងឈ្លោះប្រកែកគ្នាបែបនេះ បុរសរងគ្រោះជាឪពុកក៏បានចេញមកឃាត់ ទើបធ្វើឱ្យផ្ទុះជាជំលោះតឹង សរសៃកដាក់គ្នា រវាងឪពុកនិងកូន។ ភ្លាមនោះជនដៃដល់ ឈ្មោះគឿន ផារី បានរត់ឡើងមកលើផ្លូវលំ ទើបបុរសជាឪពុកបានរត់ដេញតាម និងបានចាប់បោចសក់ជនដៃដល់ដណ្តើមយកពិលដែលជនសង្ស័យពាក់នៅលើក្បាល មកបោកចោលទៅលើផ្លូវ។ ស្រាប់តែរំពេចនោះ ជនដៃដល់ចិត្តកំណាច ក៏បានទាញកូនកាំបិតចុងស្រួច ចាក់ទៅលើឪពុកបង្កើតរបស់ខ្លួន១កាំបិត ត្រូវចំភ្លៅខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធ រួមនឹងកូនៗរបស់ជនរងគ្រោះ បានប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្នួល ដើម្បីសង្គ្រោះជីវិតជាបន្ទាន់ផងដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ និងមានឈាមហូរច្រើនពេក ទើបបណ្តាលឱ្យជនរងគ្រោះ ខ្សោះឈាមដាច់ខ្យល់ ស្លាប់យ៉ាងអាណោចអាធ័ម៕