Friday, April 26, 2024
Homeព័ត៌មានជាតិប្រទះឃើញសពបុរសស្រលាញ់ភេទដូចគ្នា សង្ស័យប្រុសល្បួងរំលោភសម្លាប់

ប្រទះឃើញសពបុរសស្រលាញ់ភេទដូចគ្នា សង្ស័យប្រុសល្បួងរំលោភសម្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវគេអះអាងថា ជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នា នៅសុខៗក៏ចេញបាត់ពីផ្ទះដោយគ្មានដំណឹង លុះ៥ថ្ងៃក្រោយមក ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយ ចំណែកសាកសពមានសភាពហើមស្អុយរលួយ ព្រមទាំងមានដង្កូវចោះពេញខ្លួនទៅហើយ និងត្រូវគេសង្ស័យថា បុរសរងគ្រោះត្រូវបានជនមិនស្គាល់មុខជាមនុស្សប្រុស ល្បួងនាំយកទៅចាប់រំលោភ រួចធ្វើសកម្មភាពវាយសម្លាប់ប្លន់យកម៉ូតូ។

ករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់អាក្រាតកាយ ដោយមានដង្កូវចោះពេញខ្លួនប្រាណនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជើងភ្នំខ្លាកូន (ជាតំបន់ស្ងាត់) ស្ថិតនៅខាងក្រោយវិទ្យាល័យហ៊ុន សែន ខ្លាកូន ប្រមាណ៧០០ម៉ែត្រ ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះភឿន ស៊ីមឿន អាយុ៣៧ឆ្នាំ មានគណនីហ្វេសប៊ុកឈ្មោះ កូវីត និងមានលំនៅក្នុងភូមិ គោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជនរងគ្រោះ គឺជាមនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានកម្មករសំណង់ម្នាក់ ដែលធ្វើការក្នុងការដ្ឋានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន បានដើរទៅបត់ជើងនៅក្បែរជើងភ្នំខ្លាកូន ដែលជាតំបន់ស្ងាត់ និងជាកន្លែងក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន ស្រាប់តែទៅដល់ ក៏ធុំក្លិនស្អុយយ៉ាងចម្លែក ទើបដើរតាមរកមើល ទីបំផុត ក៏ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ឡើងស្អុយរលួយ មានដង្កូវចោះពេញខ្លួន ព្រមទាំងមានសភាពអាក្រាតកាយទៀតផង។ ភ្លាមនោះ កម្មករសំណង់រូបនោះបានប្រញាប់រត់មកការដ្ឋានសំណង់របស់ខ្លួនវិញ និងបានប្រាប់រឿងរ៉ាវដល់គេឯង រហូតមានការរាយការណ៍ដល់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុតែម្តង។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានការប្រទះឃើញសាកសពនៅក្បែរជើងភ្នំខ្លាកូន រួចមក សមត្ថកិច្ចការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ។

លោកអធិការបន្តថា ក្រោយពីចុះស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញថា សាកសពស្អុយរលួយមានដង្កូវចោះនោះ គឺជាមនុស្សប្រុស និងស្លាប់ដោយសារអំពើឃាតកម្ម (វាយសម្លាប់ប្លន់យកម៉ូតូ)។ សាកសពមានសភាពហើមស្អុយរលួយ ជើងទាំង២កន្ធែក ដៃលាត អត់ខោ មានតែអាវយឺតដៃខ្លី ពណ៌ក្រហមជាប់ខ្លួនប៉ុណ្ណោះ ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាម នៅឆ្ងាយពីសពប្រមាណ១៥ម៉ែត្រ។

លោកអធិការ បានឱ្យដឹងទៀតថា យោងតាមការធ្វើកោសល្យវិច័យ សាកសពរងរបួសបែកក្បាលពីក្រោយ៤សម ដាច់ចង្ការ៥សម សៀតផ្កាឆ្វេងស្នាមដាច់៣សម បបូរមាត់លើដាច់៣សម ជាមួយនេះនៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញដុំថ្មប្រឡាក់ឈាម ចំនួន២ដុំទៀតផង ហើយសាកសពអាចស្លាប់ក្នុងរង្វង់ពី៥ទៅ៧ថ្ងៃមកហើយ។

លោកអធិការ បានបញ្ជាក់ថា តាមប្រភពព័ត៌មាននានា ដែលសមត្ថកិច្ចបានធ្វើការសួរនាំ បានបញ្ជាក់ប្រាប់ដូចៗគ្នាថា ជនរងគ្រោះគឺជឺប្រាភេទមនុស្សប្រុសស្រលាញ់ភេទដូចគ្នា ហេតុនេះការស្លាប់របស់ជនរងគ្រោះ អាចទាក់ទងទៅនឹងការចាប់រំលោភ (ប្រុសដូចគ្នា) ឬក៏អាចថា មុនពេលស្លាប់ ជនរងគ្រោះបាននាំមនុស្សស្រីមករួមភេទ និងត្រូវបានខាងស្រីរៀបគំរោងទុកជាស្រេច ដើម្បីសម្លាប់ប្លន់យកម៉ូតូពីជនរងគ្រោះតែម្តង។ យ៉ាងណាក្តី ពេលនេះសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីវែកមុខជនដៃដល់ជាឃាតករ និងអ្នកជាប់ពាក់ព័ន្ធ នាំយកមកផ្តន្ទាទោសតាមច្បាប់។

ដោយឡែក តាមការអះអាងពីគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះបានចេញបាត់ពីផ្ទះអស់រយៈពេល៥ថ្ងៃមកហើយ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ចេញទៅជាមួយផងដែរ។ លុះក្រោយពីបាត់ខ្លួនច្រើនថ្ងៃ ក្រុមគ្រួសារភិតភ័យ តាមរកមិនឃើញ ក៏បានទៅរកគ្រូហោទស្សន៍ទាយមើលដែរ តែនៅតែគ្មានដំណឹងបន្តិចណាសោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានគេផ្អើលថា ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់អាក្រាតកាយនៅជើងភ្នំខ្លាកូន ទើបក្រុមគ្រួសារប្រញាប់នាំគ្នាទៅពិនិត្យមើល ទើបដឹងថា ពិតជាសាកសពរបស់ជនរងគ្រោះដែលបាត់ចេញពីផ្ទះ៥ថ្ងៃមកហើយនោះប្រាកដមែន។ ចំណែកម៉ូតូជនរងគ្រោះ មិនឃើញនៅក្បែរសាកសពនោះទេ ហេតុនេះ ពួកគាត់សង្ស័យថា ជនរងគ្រោះត្រូវបានគេវាយសម្លាប់ប្លន់យកម៉ូតូតែម្តង និងស្នើឱ្យសមត្ថកិច្ចជំនាញ មេត្តាជួយស្រាវជ្រាវវែកមុខឃាតករផង ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីឱ្យព្រលឹងជនរងគ្រោះបានស្ងប់ផង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES