Friday, March 29, 2024
Homeព័ត៌មានជាតិជប់លៀងកូនចេញទៅកូរ៉េ ពុលសម្លរការីនំបុ័ង ដេកពេទ្យ៥នាក់

ជប់លៀងកូនចេញទៅកូរ៉េ ពុលសម្លរការីនំបុ័ង ដេកពេទ្យ៥នាក់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមគ្រួសារមួយ បានរៀបចំពិធីជប់លៀងដើម្បីអបអរសាទរកូនចៅប្រឡងជាប់ បានចេញទៅធ្វើការនៅប្រទេសកូរ៉េ ដោយបានស្លរសម្លការីហូបជាមួយនឹងនំប៉័ង ស្រាប់តែហូបចុករួច ក៏ចាប់ផ្តើមកើតមានអាការៈពុលក្អួចចង្អោរជាបន្តបន្ទាប់ ចំនួន៥នាក់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីពុលនំប៉័ងសម្លការីនេះបានកើតឡើង កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស។

ជនរងគ្រោះទាំង៥នាក់ ដែលកើតអាការៈក្អួតចង្អោរ ដោយសារពុលការីនំប៉័ង រួមមាន ទី១. ឈ្មោះហ៊ន វង ទី២. ឈ្មោះឌី ចាន់ថា ទី៣. ឈ្មោះសារ៉េត សុលី ទី៤. ឈ្មោះសារ៉េត សុលៀង និងទី៥. ឈ្មោះ សារ៉េត សុលាប។ ជនរងគ្រោះទាំង៥នាក់ ត្រូវជាសាច់ញាតិនឹងគ្នា និងមានលំនៅក្នុងភូមិជាមួយគ្នា។

លោកខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ថា ពិតជាមានករណីពុលនំប៉័ងសម្លការីពិតមែន ដោយប្រជាពលរដ្ឋនៃគ្រួសារខាងលើបានរៀបធ្វើពិធីជប់លៀង ពេលកូនចៅប្រឡងជាប់បានចេញទៅធ្វើការនៅប្រទេសកូរ៉េ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពភ្លាមៗ និងបានបន្តដឹកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ទៀត បន្ទាប់ពីឃើញអាការៈហាក់កាន់តែធ្ងន់ឡើង។

ដោយឡែក លោក សូរិន្ទ ទីរ៉ាវុឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹង កាលពីវេលាម៉ោង៧និង១៣នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ថា ជនរងគ្រោះដោយសារពុលយកមកពីឃុំជៀសប ស្រុកទឹកផុស មានចំនួនកើនឡើងដល់១៣នាក់ទៅហើយ គិតត្រឹមព្រឹកនេះ។ យ៉ាងណា មិនមានអ្នកណាម្នាក់ប៉ះពាល់ដល់អាយុជីវិតនោះទេ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមន្ត្រីនៃមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង បាននៅឡើយទេ៕

RELATED ARTICLES