Friday, April 19, 2024
Homeព័ត៌មានជាតិបំណងកាប់ប្លន់ម៉ូតូ ម្ចាស់ដឹងខ្លួន កាប់យកទូរស័ព្ទវិញ

បំណងកាប់ប្លន់ម៉ូតូ ម្ចាស់ដឹងខ្លួន កាប់យកទូរស័ព្ទវិញ

ភ្នំពេញ ៖ យុវជន២នាក់ បានជិះម៉ូតូចេញពីផ្ទះ បំណងទៅរកទិញអីហូប ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ១ក្រុម មានគ្នា៦-៧នាក់ បានព្រួតគ្នាធ្វើសកម្មភាពកាប់ប្លន់យកទូរស័ព្ទ១គ្រឿង ទៅបាត់ដោយសុវត្ថិភាព និងបណ្តាលឱ្យយុវជនជាម្ចាស់ទូរស័ព្ទរងរបួស រយះដៃទាំងសងខាងយ៉ាងធ្ងន់ធ្ងរ។

ករណីកាប់ប្លន់ទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ៤៣២ កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

យុវជនរងគ្រោះដែលត្រូវចោរកាប់ប្លន់យកទូរស័ព្ទ មានឈ្មោះអា រ៉ាវី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកទូរស័ព្ទដែលជនសង្ស័យប្លន់យកទៅ ម៉ាក iPhone 6plus។ ដោយឡែកមិត្តភក្តិម្នាក់ទៀតដែលជាអ្នករួមដំណើរជាមួយ មិនស្គាល់អត្តសញ្ញាណឡើយនោះទេ។

តាមសម្តីរបស់យុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគេនិងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូ១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ឌុបគ្នាចេញពីផ្ទះ ក្នុងគោលបំណងទៅរកទិញអីហូប នៅម្តុំស្តុបទួលទំពូង ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ត្រង់ចំណុចកែងនឹងផ្លូវលេខ១៦៣ ជិតផ្សារទួលទំពូង ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាប្រហែល៦ទៅ៧នាក់ ជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានម៉ាកហុងដាឌ្រីម១គ្រឿង ម៉ាកហ្ស៊ុយស៊ុយគីនិច ១គ្រឿង  និងហ្ស៊ុយស៊ុយគីលែត ១គ្រឿង មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកដាវមកកាប់លើរូបគេ បណ្តាលឱ្យរងរបួសរយះដៃទាំងសងខាង ហូរឈាមជោក ចំណែកមិត្តភក្តិរបស់គេម្នាក់ទៀតដែលជាអ្នករួមដំណើរជាមួយបានរត់គេចរួច មិនមានរងរបួសអ្វីនោះទេ។

យុវជនរងគ្រោះ បានបន្តថា បន្ទាប់ពីក្រុមជនសង្ស័យកាប់មកលើរូបគេហើយ ក៏ស្រាប់តែរថយន្ត១គ្រឿង បើកឆ្លងកាត់ទីនោះបានឃើញហេតុការណ៍ ក៏បានចុចស៊ីផ្លេដាក់ក្រុមជនសង្ស័យទាំងនោះ ទើបធ្វើឱ្យក្រុមជនសង្ស័យទាំងនោះភ័យ ក៏បានជិះគេចខ្លួនអស់ ដោយដណ្តើមយកបានតែទូរសព្ទ័របស់គេ ម៉ាក iPhone 6plus ប៉ុណ្ណោះ រួចក៏ប្រញាប់នាំគ្នាគេចខ្លួនបាត់អស់ទៅ។ តាមពិត ក្រុមជនសង្ស័យទំនងជាចង់កាប់ប្លន់យកម៉ូតូរបស់គេតែម្តង ប៉ុន្តែដោយមានរថយន្ត១គ្រឿង បើកមកទាន់ ចុចស៊ីផ្លេ ធ្វើឱ្យពួកគេភ័យ ក៏ប្លន់យកត្រឹមតែទូរស័ព្ទប៉ុណ្ណោះ។

ក្រោយកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដើម្បីជួយអន្តរាគមន៍ តែដោយសារតែករណីនេះមិនមែនកើតហេតុនៅទឹកដីប៉ុស្តិ៍ទំនប់ទឹក គឺកើតហេតុនៅទឹកដីប៉ុស្តិ៍នគរបាលទួលទំពូង១ ទើបសមត្ថកិច្ចបានប្រាប់ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលទួលទំពូង១ វិញ។

ដោយសារតែជនរងគ្រោះរងរបួសហូរឈាម ទើបជនរងគ្រោះបានទៅមន្ទីរពេទ្យ​​ ដើម្បីព្យាបាលរបួសមុន ចាំត្រឡប់ទៅដាក់ពាក្យបណ្តឹងវិញតាមក្រោយ៕

RELATED ARTICLES