Saturday, April 20, 2024
Homeតារាខ្មែរយក់ ថិតរដ្ឋា ត្រូវកូនស្រីនាយពាក់មី យកកាំបិតភ្ជង់ក

យក់ ថិតរដ្ឋា ត្រូវកូនស្រីនាយពាក់មី យកកាំបិតភ្ជង់ក

តារាចម្រៀងផលិតកម្មថោន អ្នកនាងយក់ ថិតរដ្ឋា បានដឹកដៃស្វាមីលោកឃុំ ប៉ុណ្ណាដែត ចូលថតភាពយន្ដបែបភ័យរន្ធត់ខ្មោចលង តាមរយៈរឿង ”ចិញ្ចៀនខ្មោច” របស់ផលិតកម្ម LD Picture ក្នុងតំណែងជាតួឯក ដែលបានធ្វើពិធីសម្ពោធកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា នៅរោងកុន Major Cineplex ផ្សារទំនើបអ៊ីអនម៉ល ដោយមានតារាសម្ដែង និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

នៅចំពោះមុខអ្នកសារព័ត៌មាន យក់ ថិតរដ្ឋា វាចាថា នាងពិតជាមានអារ្មណ៍រំភើបខ្លាំងដែលត្រូវបានផលិតកម្ម LD ជ្រើសឲ្យសម្ដែងជាតួឯកក្នុងភាពយន្តខ្នាតធំនោះ ព្រោះថានាងបានផ្អាកអាជីពសម្ដែងភាពយន្ដនេះ ជាង១០ឆ្នាំមកហើយ។

អតីតតារាចម្រៀងហង្សមាស រូបនេះ អះអាងថា ”ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលសម្ដែងភាពយន្ដសារជាថ្មី ហើយត្រូវផលិតកម្ម LD ផ្ដល់ឱកាសឲ្យនាពេលនេះ។ តាមពិត កាលពីជាង១០ឆ្នាំមុន ខ្ញុំធ្លាប់សម្ដែងរឿងច្រើនដែរ តែពេលមានគ្រួសារហើយ ខ្ញុំបានផ្អាករហូតមកដល់ពេលនេះ ប៉ុន្តែខ្ញុំនៅតែស្រលាញ់ដូចអាជីពចម្រៀងអីចឹងដែរ។ ចំពោះរឿង ”ចិញ្ចៀនខ្មោច” នេះ ខ្ញុំមិនមែនជាតួខ្មោចទេ… (សើច) ខ្ញុំខ្លាចខ្មោច តែដល់ពេលមកប៉ះរឿងខ្មោចអ៊ីចឹង មានអារម្មណ៍ថា ប្រយ័ត្នប្រយ៉ែងដែរ។ ចំពោះឈុតក្នុងរឿងនេះទាំងមូលដែលខ្ញុំភ័យ និងតក់ស្លុតបំផុតនោះ គឺពេលដែលកូនស្រីបងពាក់មី (ស្រីខួច) បានយកកាំបិទមុខស្រួចមកភ្ជង់ខ្ញុំនៅកញ្ចឹងក ព្រោះថាគ្នាត្រូវខ្មោចចូលមិនដឹងអីទេ អីចឹងកន្លែងហ្នឹងនៅសល់តែ១ក្រចកទៀតទេ កាំបិទនោះនឹងដល់កខ្ញុំហើយ។ ត្រង់នេះខ្ញុំភ័យណាស់ ព្រោះថាបើភ្លាត់ស្នៀតតែបន្ដិច វានឹងធ្វើឲ្យយើងគ្រោះថ្នាក់ដល់ជីវិតជាមិនខាន តែខ្ញុំនៅទុកចិត្តលើស្រីខួច ថា គាត់មិនធ្វើឲ្យមានការថ្លោះធ្លោយទេ។ និយាយទៅ ក្នុង១ជីវិតរបស់ខ្ញុំនេះ មិនដែលជួបរឿងភ័យដល់ថ្នាក់ហ្នឹង ត្រូវគេយកកាំបិតមកភ្ជង់ករអីចឹងទេ ។ អីចឹងខ្ញុំសូមសំណូមពរតែម្យ៉ាងទេ គឺឲ្យបងប្អូនទៅទស្សនារឿងនេះទាំងអស់គ្នា ដើម្បីលើកតម្កើងវិស័យភាពយន្ដខ្មែរយើង”។

ក្រៅពីយក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត ជាតួឯកនោះ រឿង ”ចិញ្ចៀនខ្មោច” ក៏មានតារាល្បីៗជាច្រើនទៀតចូលរួមសម្ដែង ដូចជា នាយគ្រឿន, ងួន សុបិន, ឌីជេ កាកា, អ្នកនាងគ្រត ជាដើម ហើយភាពយន្ដដែលជាការដឹកនាំសម្ដែងដោយនាងពាក់មី នេះ នឹងដាក់បញ្ចាំងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះហើយ។

លោកឃុំ ប៉ុណ្ណាដែត ថ្លែងថា ”ខ្ញុំឃើញក្រុមការងារផលិតកម្ម LD គាត់មានក្រុមផលិតកុនល្អ ជាអ្នកជំនាញ បច្ចេកទេសគាត់ក៏ល្អ អីចឹងយើងសង្ឃឹមថា ភាពយន្ដមួយនេះនឹងមានការទាក់ទាញពីមហាជន។ ខ្ញុំសូមអរគុណដល់ថៅកែផលិតកម្ម LD ដែលគាត់បានផ្ដល់ឱកាសឲ្យយើងទាំង២ បានបញ្ចេញសមត្ថភាពក្នុងការសម្ដែងភាពយន្ដខ្នាតធំ១នេះហើយសូមបងប្អូនជួយគាំទ្រភាពយន្ដខ្មែរយើងទាំងអស់គ្នាផងព្រោះថានេះជាលើកទី១ហើយ ដែលក្រោយពេលពួកខ្ញុំរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយបានសម្ដែងភាពយន្ដជាមួយគ្នាវិញនេះ”។

ដោយឡែក នាយពាក់មី ដែលជាអ្នកដឹកនាំសម្ដែងរឿង ”ចិញ្ចៀនខ្មោច” នេះវិញ បានប្រកាសថា លោកពេញចិត្តក្នុងការធ្វើការជាមួយតារាចម្រៀងយក់ ថិតរដ្ឋា និងលោកឃុំ ប៉ុណ្ណាដែត ព្រោះពេលថតសម្ដែង មានការយោគយល់គ្នាច្រើន ហាក់ដូចជាក្រុមគ្រួសារតែមួយអីចឹង ហេតុនេះហើយនាយជឿថា នេះជាទស្សនីយភាពថ្មីមួយទៀតដែលបងប្អូនទាំងអស់គ្នានឹងបានប្លែកអារម្មណ៍ជាងរឿងមុនៗរបស់ LD។

លោកលៀក លីដា ថៅកែផលិតកម្ម LD Picture បានបញ្ជាក់ថា ”រឿង ”ចិញ្ចៀនខ្មោច” ហ្នឹង ខ្ញុំសប្បាយចិត្តដែលយើងបានតួអង្គធំជាតារាចម្រៀងល្បីចូលរួមសម្ដែង ហើយទាំងរដ្ឋា និងលោកដែត ធ្វើការសហការគ្នាល្អជាមួយក្រុមការងាររបស់យើង ដើម្បីឲ្យរឿង១នេះថតចប់តាមគម្រោង។ ប៉ុន្តែខ្ញុំមិនអាចប្រាប់បានទេថា ពួកគាត់ទាំង២ស៊ីថ្លៃប៉ុន្មាន គឺសុំរក្សាសិទ្ធិ គ្រាន់តែថារឿងនេះយើងចំណាយអស់ច្រើនគួរសម តែយើងមានទំនុកចិត្តថា បងប្អូននឹងគាំទ្រច្រើនជាមិនខាន ពិសេសគឺ អ្នកគាំទ្រអ្នកនាងយក់ ថិតរដ្ឋា និងLD”៕

RELATED ARTICLES