Friday, March 29, 2024
Homeសង្គម និងជីវិតខឹងស្រីអត់ស្រលាញ់ ស្ទាក់វ៉ៃសម្លាប់​ តុលាការសម្រេចឃុំខ្លួន

ខឹងស្រីអត់ស្រលាញ់ ស្ទាក់វ៉ៃសម្លាប់​ តុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ បុរសជាជនជាតិចិន៣នាក់ ដែលបានព្រួតគ្នាធ្វើសកម្មភាពវាយរថយន្ត និងប៉ុនប៉ងសម្លាប់ស្ត្រីខ្មែរម្នាក់ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ព្រោះតែខឹងនឹងរឿងល្បួងសុំស្នេហ៍ និងសុំរួមរ័កមេត្រី តែស្រីមិនព្រម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានលោកប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។

តាមប្រភពពីមន្ត្រីតុលាការ បានឱ្យដឹងថា ក្រោយពេលបើកការស៊ើបសួរ លោកស៊ិន វីរ៉ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុរសជាតិចិនទាំង៣នាក់ ពីបទប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទទាំង៣នាក់ ដែលត្រូវតុលាការសម្រេចឃុំខ្លួន រួមមាន ទី១-ឈ្មោះ ZOU XINAN ភេទប្រុសអាយុ៤៤ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E03461752 មុខរបរបុគ្គលិករោងចក្រ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទី-២ឈ្មោះ QIU XINGJIE ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA8361310 មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី៣-ឈ្មោះ HU XUEHUA ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លង ដែនលេខ E19247503 មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកនារីរងគ្រោះ ដែលត្រូវក្រុមជនដៃដល់ព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះហ.ច.ន អាយុ២៦ឆ្នាំ ជាបុគ្គលិករោងចក្រ ផលិតស្បែកជើង ស្នាក់នៅខណ្ឌ៧មករា។

គួររំលឹកថា កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាដ៏ឃោរឃៅមួយបានកើតឡើង នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជនជាតិចិនម្នាក់ បានព្យាយាមល្បួងនារីជា អ្នកធ្វើការជាមួយគ្នាម្នាក់ ឡើងសណ្ឋាគាររួមរ័កមេត្រី តែខាងស្រីមិនព្រម និងថែមទាំងត្រូវនាងប្តឹងថៅកែ ឱ្យដកបញ្ឈរជើងពីការងារទៀត ទើបធ្វើឱ្យខាងប្រុសផ្ទុះកំហឹង ក៏បាននាំបក្ខពួក២នាក់ទៀត បើករថយន្តទៅស្ទាក់ប៉ងវាយសម្លាប់នារីរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ រួចព្រួតគ្នាវាយ កំទេចរថយន្តនារីរងគ្រោះឱ្យរងការខូចខាតយ៉ាងដំណំទៀតផង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដើមហេតុដំបូង គឺជនជាតិចិនម្នាក់នេះ បានតាមស្រឡាញ់នារីរងគ្រោះ ដែលជាអ្នកធ្វើការរោងចក្រផលិតស្បែកជើងជាមួយគ្នា រហូតធ្លាប់បានលួងលោមនាំនារីរងគ្រោះឡើងសណ្ឋាគារ ដើម្បីរួមរ័កមេត្រីនឹងគ្នាទៀតផង ប៉ុន្តែត្រូវបាននារីរិង គ្រោះបដិសេធមិនព្រមទៅជាមួយឡើយ និងបានប្រាប់ទៅជនសង្ស័យវិញថានាងមិនមានចិត្តស្រលាញ់ទេ គ្រាន់តែរាប់អានគ្នាក្នុងនាមជាអ្នករួម ការងារទៅបានហើយ។

ប្រភពដដែលបន្តថា យ៉ាងណា ជនសង្ស័យជាជនជាតិចិនរូបនោះ នៅតែមិនព្រមរំងាប់ចិត្ត និងចេះតែចិញ្ចឹមចិត្តស្រលាញ់ ប៉ុនប៉ងយកខ្លួន ប្រាណនារីរងគ្រោះរហូត ដោយកន្លងមក ខណៈពេលជិះរថយន្តដើរមើលការងារជាមួយគ្នា ជនសង្ស័យធ្លាប់បានដឹកនាងចូលទៅក្នុងសណ្ឋាគារមួយ ក្នុងបំណងចាប់បង្ខំរួមរ័ក ប៉ុន្តែនារីរងគ្រោះមិនព្រម ហើយដោយសារអត់ទ្រាំនឹងការបង្ខំដដែលៗមិនបាន នារីរងគ្រោះ ក៏បានប្តឹងទៅថៅកែរោង ចក្រឱ្យជួយ។ បន្ទាប់មក ថៅកែក៏បានហៅជននេះទៅធ្វើការស្តីបន្ទោស ព្រមទាំងដកជនសង្ស័យរូបនោះបញ្ឈរជើង ផ្អាកការងារថែមទៀត ដែលជាហេតុធ្វើឱ្យជនសង្ស័យប្រែក្លាយពីសេចក្តីស្នេហា មកជាកំហឹងគុំគួនជាមួយនឹងនារីរងគ្រោះ រហូតផ្ទុះជាអំពើហិង្សាបែបនេះតែម្តង។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ នាងបានបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-1659 រួមដំណើរជាមួយស្ត្រីម្នាក់ទៀត បម្រុងចូលហូបបាយនៅហាងកាហ្វេតេស្ត ហើយគ្រាន់តែនាងចុះពីលើរថយន្ត ស្រាប់តែក្រុមជនបង្ក ប្រដាប់ដោយដែកគាស់ចំនួន២ដើម បើករថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-8318 តែបានយកទឹកលុប គូសបិទស្លាកលេខ បាត់ ដូចមានការគ្រោងទុកមុន មកដល់ធ្វើសកម្មភាពវាយមកលើនាងទាំងកំរោល បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក្រុមជនដៃដល់ បានព្រួតគ្នា វាយរថយន្តរបស់នាង បណ្តាលឱ្យបែកកញ្ចក់ខ្ទេចជុំវិញតែម្តង។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនដៃដល់បើករថយន្តរត់គេចខ្លួន ផ្អើលអស់សមត្ថកិច្ចមួយចំហៀងខណ្ឌពោធិ៍សែនជ័យ ចេញអន្តរាគមន៍ ប្រដេញតាមចាប់ជនបង្ក រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ីមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន៣នាក់ ដកហូតបានវត្ថុតាង ដែកគាស់២ដើម៕

RELATED ARTICLES