Friday, March 29, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ មូលហេតុនៃការផ្លាស់រាជធានី

បរិយាយថ្ងៃនេះ ៖ មូលហេតុនៃការផ្លាស់រាជធានី

តាំងពីសម័យ “នគរគោកធ្លក” រហូតមកដល់សម័យ “ចតុម្មុខមង្គល” យើងឃើញមានការរើកញ្ជើ ផ្លាស់រាជធានី ជិត១០ដងឯណោះ ដែលការផ្លាស់កន្លែងនេះមកពីសង្គ្រាម និងស្ថានការណ៍នយោបាយ។ សព្វថ្ងៃ កម្ពុជា មិនអាចផ្លាស់រាជធានី ចេញពី “ភ្នំពេញ” បានឡើយ ប៉ុន្តែក្នុងករណីមានអស្ថិរភាពសង្គម ដោយប្រការណាមួយនោះ បក្សកាន់អំណាច ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី លៃយ៉ាងណាអូសទាញ “និន្នាការប្រឆាំង” មកគ្រប់គ្រងវិញដោយសន្តិវិធី ដែល “នគរធំ” សូមគាស់កកាយ “មូលហេតុនៃការផ្លាស់រាជធានី” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“រាជធានី” មានន័យថា នគរក្រុង ដែលមានព្រះមហាក្សត្រគង់នៅជាតំណាងប្រទេស បែបរាជាណាចក្រ ផ្ទុយពី “រដ្ឋធានី” ដែលមានប្រធានាធិបតី ជាប្រធាន តាមទម្រង់សាធារណរដ្ឋ។ យោងតាមឯកសារប្រវត្តិសាស្ត្រ បានចារទុកយ៉ាងច្បាស់ថា ខ្មែរយើងមានរាជធានីច្រើនកន្លែងណាស់ បើគិតតាំងពីសម័យគោកធ្លក រហូតដល់ចតុម្មុខភ្នំពេញ។ រាជធានីទាំងនោះ មាន “អង្គរបុរី (តាកែវ), វ្យាធបុរៈ (ព្រៃវែង), កោះកេរ្តិ៍ (កំពង់ធំ), រលួស ឬហរិហរាល័យ (សៀមរាប), ស្រីសន្ធរ (កណ្តាល) ស្រឡប់ពិជ័យ (ត្បូងឃ្មុំ), លង្វែក (កំពង់ឆ្នាំង), ឧដុង្គ (កំពង់ស្ពឺ), កោះស្លាកែត ល្វាឯម (កណ្តាល), ចតុម្មុខ (ភ្នំពេញ)”។

តើ “មូលហេតុអ្វីបានជាមានការផ្លាស់រាជធានី?”

នេះជាសំណួរដែលមិនទាន់មានអ្នកវិភាគណាយកមកបកស្រាយពន្យល់នៅឡើយ ប៉ុន្តែគួរយល់ថា “មានហេតុ ទើបមានបច្ច័យ” យ៉ាងណាមិញ មកពីមានមូលហេតុពាក់ព័ន្ធនយោបាយ ឬការគាបសង្កត់ ទើបព្រះមហាក្សត្រពីបុរាណ សម្រេចព្រះទ័យផ្លាស់រាជធានី ដែលយើងសូមបង្ហាញដោយត្រួសៗដូចខាងក្រោម ៖

-ចេញពីវ្យាធបុរៈ ទៅយសោធរបុរៈ ៖ ដោយសារព្រះនគរបែងចែកជាអាណាចក្រចេនឡាដីគោក និងចេនឡាលិចទឹក មានសង្គ្រាមដណ្តើមទីតាំងគ្នា ទើបមានការផ្លាស់រាជធានី ពីបាភ្នំឈើកាច់ “វ្យាធបុរៈ” ទៅអង្គរ សៀមរាប។

-ចេញពីអង្គរ ទៅចតុម្មុខ ៖ ដោយសារព្រះបាទពញាយ៉ាត ទ្រង់ឈ្វេងយល់ថា ក្រុងអង្គរ ត្រូវកងទ័ពសៀម ចូលឈ្លានពានជារឿយៗ ព្រោះជំនាន់នោះ សៀម បានវាតទីពីនគរណានឆាវ មកបង្កើត “រាជាណាចក្រសុខោទ័យ”។ ម៉្យាងទៀត មន្ត្រីចូលដៃជើងជាមួយសៀម កាន់តែច្រើន ទើបព្រះមហាក្សត្រ ផ្លាស់រាជធានីបែបនេះ។

-ចេញពីទួលបាសាន ទៅស្រឡប់ពិជ័យ ព្រៃនគរ ៖ មកពីស្តេចកន ចង់រកកន្លែងមានសុវត្ថិភាព បន្ទាប់ពីផ្តួលព្រះបាទស្រីសុគន្ធបទ បណ្តាលឱ្យមន្ត្រី និងប្រជារាស្ត្រភាគច្រើនមិនពេញចិត្ត ងាកទៅចុះចូលព្រះចន្ទរាជា បានន័យថា មានគំនាបផ្នែកនយោបាយផង ផ្នែកយោធាផង។

-ចេញពីស្លាកែត ល្វាឯម ទៅឧដុង្គ ៖ មកពីកោះស្លាកែត លិចទឹកជំនន់រាល់ឆ្នាំ ពិបាកពេក ទើបព្រះបាទស្រីសុរិយោពណ៌ និងព្រះរាជបុត្រ ជ័យជេដ្ឋាទី២ សម្រេចព្រះទ័យរករាជធានី ទីទួលខ្ពស់ផុតពីទឹក ដោយរកឃើញភ្នំឧដុង្គ ទើបសូម្បីព្រះបរមអដ្ឋិព្រះបាទស្រីសុរិយោពណ៌ ក៏ត្រូវបញ្ចុះក្នុងព្រះចេតិយភ្នំព្រះរាជទ្រព្យ (ឧដុង្គ)។

-ផ្លាស់ពីឧដុង្គ ទៅភ្នំពេញ ៖ មកពីភ្នំពេញ មានទន្លេមុខបួន ងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសក្រៅ និងស្របតាមការចង់បានរបស់បារាំងផង ព្រោះជំនាន់នោះ បារាំង បានដាក់អាណានិគមលើកម្ពុជា តាំងពីឆ្នាំ១៨៦៣។

ការលើកឡើងដោយត្រួសៗពីមូលហេតុនៃការផ្លាស់រាជធានី មានតែ៣យ៉ាងប៉ុណ្ណោះ គឺបណ្តាលមកពីមានការបះបោរក្នុងក្រុង (សង្គ្រាម) គំនាបនយោបាយ និងទឹកជំនន់។ សម្ពាធនយោបាយសំខាន់បំផុត ពោលគឺបើសិនជាព្រះមហាក្សត្រ មិនប្រកបដោយទសពិធរាជធម៌ ឬជ្រែករាជ្យ បណ្តាលឱ្យមន្ត្រីភាគច្រើនមិនពេញចិត្ត ក៏លួចទៅបញ្ចុះបញ្ចូលរាស្ត្រ កុំឱ្យរណបស្តេចផែនដី បង្កឱ្យមានចោរកម្ម ភាពអនាធិបតេយ្យផ្សេងៗកើតឡើងក្នុងរាជធានី។ ឧទាហរណ៍ រជ្ជកាលព្រះបាទពញាអន ព្រះបាទពញាតន់ ព្រះអង្គច័ន្ទទី២ ក្សត្រីអង្គម៉ី ឃើញមានសម្ពាធនយោបាយខ្លាំងបំផុត រហូតមានការជ្រៀតជ្រែកពីប្រទេសយួន អណ្ណាម ដែលប្រវត្តិសាស្ត្រចារទុកយ៉ាងច្បាស់ បង្ហាញថា កាលណាខ្វះឯកភាពផ្ទៃក្នុង រដ្ឋបាលកណ្តាលនៅមិនសុខឡើយ ចាំបាច់ត្រូវតែផ្លាស់រាជធានី រាជវាំង ឬប្តូរយុទ្ធសាស្ត្រថ្មីទើបបាន។

ក្រឡេកមើលបច្ចុប្បន្នវិញ កម្ពុជា មិនអាចផ្លាស់រាជធានីបានឡើយ ប៉ុន្តែយើងឃើញរបបយោធាភូមា បានផ្លាស់រដ្ឋធានី ចេញពីក្រុងរ៉ង់ហ្គូន ទៅក្រុងណៃពិដោរ។ ការផ្លាស់នេះ អាចថាមកពីចលនាប្រឆាំងរបស់លោកស្រីអ៊ុងសាន ស៊ូជី កាន់តែខ្លាំងទៅៗ ឡោមព័ទ្ធរដ្ឋធានី ទើបត្រូវតែផ្លាស់ទីតាំងរដ្ឋបាល។ សម្រាប់កម្ពុជា បច្ចុប្បន្នឃើញថា ចលនាប្រឆាំងរដ្ឋាភិបាល មិនទាន់ស្រកស្រុតនោះទេ ទោះបីជាតុលាការកំពូល បានចេញសាលដីកាស្ថាពររំលាយគណបក្សសង្គ្រោះជាតិ (CNRP) និងដកសិទ្ធិមិន្ត្រីប្រឆាំង ១១៨រូប មិនឱ្យធ្វើនយោបាយ ៥ឆ្នាំក្តី។

ឧបមាថា ការបោះឆ្នោតថ្ងៃ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ “មានប្រជាពលរដ្ឋនៅរាជធានី ធ្វើពហិការច្រើន” គឺមានន័យថា រាជធានី កំពុងហ៊ុមព័ទ្ធដោយនិន្នាការប្រឆាំង។ រាជធានី ប្រៀបបាននឹង “បេះដូងមនុស្ស” ជាក់ស្តែង គ្រូពេទ្យ គ្រាន់តែយកឧបករណ៍ស្តេតូស្កុប ពាក់ត្រចៀកស្តាប់ចលនាបេះដូង ក៏អាចដឹងបានថា អ្នកជំងឺនោះនៅក្នុងស្ថានភាពបែបណា ពុំចាំបាច់ស្ទាបគ្រប់កន្លែងនោះទេ។ យ៉ាងណាមិញ បើសិនជាមានពហិការ ឬសន្លឹកឆ្នោតមិនបានការនៅរាជធានីច្រើននោះ ជាសញ្ញាថា “ពិបាកព្យាបាល” តម្រូវឱ្យបក្សកាន់អំណាច ដែលសង្ឃឹមឈ្នះឆ្នោតនោះ “ផ្លាស់ប្តូរយុទ្ធសាស្ត្របន្ទាន់” ព្រោះសម័យនេះ មិនអាចផ្លាស់រាជធានី ដូចពីបុរាណបានឡើយ។

ការបោះឆ្នោតកាន់តែខិតជិតមកដល់ យើងឃើញលោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងសហការីប្រឆាំងនៅក្រៅប្រទេស បង្ហោះ “ខិត្តប័ណ្ណប្រឆាំង” ជាបន្តបន្ទាប់ តាមទំព័រហ្វេសប៊ុក អំពាវនាវពលរដ្ឋឱ្យធ្វើពហិការ។ បើសិនជាអ្នកដែលមាននិន្នាការប្រឆាំង ធ្វើតាមការអំពាវនាវនេះ តម្រូវឱ្យបក្សកាន់អំណាច CPP ត្រៀមលក្ខណៈ ឬយុទ្ធសាស្ត្រថ្មីទប់ទល់។ អ្នកវិភាគមើលឃើញថា នៅតាមខេត្ត ស្រុកនានា ប្រជាពលរដ្ឋ មិនសូវហ៊ានធ្វើពហិការនោះទេ ដោយពួកគាត់បារម្ភពីសុវត្ថិភាព ឬមានបញ្ហាជាមួយមេភូមិ មេឃុំ ខាង CPP ក្រែងដល់ពេលរៀបការកូន ឬធ្វើបុណ្យទានអី ទៅសុំសំបុត្រស្នាម​ គេមិនស៊ីញ៉េឱ្យ ដូច្នេះចង់មិនចង់ ពួកគាត់ត្រូវតែបង្ហាញឱ្យឃើញស្នាមម្រាមដៃ ប្រឡាក់ទឹកខ្មៅលុបមិនជ្រះនោះ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅរាជធានី មិនសូវខ្លាចអាជ្ញាធរនោះទេ ដោយគាត់លើកឡើងថា ឱ្យតែមានលុយសូក រឿងសុំសំបុត្រស្នាម អត់ពិបាកទេ។

ចំណែកអ្នកសង្កេតការណ៍អន្តរជាតិប៉ុន្មានសិបនាក់នោះ អាចមកអើតឈ្ងោកតែមណ្ឌលរាជធានី ហ្នឹង ជាពិសេស គេចាំ “ពិនិត្យចំនួនអ្នកទៅបោះឆ្នោត”។ អ៊ីចឹងបើពលរដ្ឋនៅរាជធានី អវត្តមានច្រើន ឬសន្លឹកឆ្នោតមិនបានការច្រើននោះ ជាសញ្ញាថា “បេះដូងខ្សោយ” តម្រូវឱ្យអ្នកជំងឺថ្នមកម្លាំង កុំរត់ខ្លាំងពេក ក្រែងខ្យល់គរ ដែលជួនកាលគេ “វះកាត់” ទើបជាសះស្បើយ។ ដល់ថ្ងៃបោះឆ្នោតនោះ កម្មករ-កម្មការិនី អ្នករត់ម៉ូតូឌុប ជាដើម ទៅបោះឯស្រុកកំណើតអស់ហើយ នៅសល់តែមន្ត្រីរាជការ អ្នកមានធូរធារ ត្រូវបោះក្នុងរាជធានី ប៉ុន្តែបើសិនជាលទ្ធផលមានពហិការច្រើន ឬសន្លឹកឆ្នោតខ្វែងចោលច្រើននោះ “បក្សកាន់អំណាច មិនអាចផ្លាស់រាជធានី បានឡើយ” តែត្រូវ “ផ្លាស់របៀបរបប” អូសទាញនិន្នាការប្រឆាំង ដោយសន្តិវិធី ទើបបាន។

សរុបទៅ “មូលហេតុនៃការផ្លាស់រាជធានី” គ្រាន់តែចង់បង្ហាញហេតុផលបុរាណ និងសម័យ មកប្រៀបធៀបតែប៉ុណ្ណោះ។ ដូចលើកឡើងរួចមកហើយថា ការផ្លាស់រាជធានី បណ្តាលមកពីទឹកជំនន់នៅកៀកប្រទេសជិតខាងពេក ជាពិសេស សម្ពាធនយោបាយ បង្កឱ្យមានចោរកម្ម និងអនាធិបតេយ្យ ហ៊ុមព័ទ្ធរដ្ឋអំណាច។ សម្ពាធនយោបាយ សំខាន់តែក្នុងរាជធានី ឯនៅជនបទមិនសូវសំខាន់ទេ មិនខុសពីមនុស្សខ្សោយបេះដូង ហេតុនេះបើលទ្ធផលបោះឆ្នោត បង្ហាញថា នៅរាជធានី មានពហិការច្រើន និងសន្លឹកឆ្នោតគូសខ្វែងចោលច្រើននោះ គឺជាសម្ពាធទៅលើ CPP ត្រូវដោះស្រាយយ៉ាងណាឱ្យមាន “ឯកភាពជាតិ” ទើបបាន៕

RELATED ARTICLES