Thursday, April 25, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ របៀបយកចិត្តមនុស្ស

បរិយាយថ្ងៃនេះ ៖ របៀបយកចិត្តមនុស្ស

កថាខណ្ឌមួយ នៅក្នុងគម្ពីរ “ស្រីហិតោបទេស” បានចារទុកថា “ជនគប្បីយកចិត្តមនុស្សល្មោភ ដោយឱ្យទ្រព្យ យកចិត្តមនុស្សមានសម្បត្តិស្តុកស្តម្ភ ដោយអញ្ជលិកម្ម យកចិត្តមនុស្សល្ងង់ ដោយចាក់បណ្តោយតាមយកចិត្តបណ្ឌិត ដោយពាក្យសច្ចៈ” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់មនុស្សគ្រប់ជាតិសាសន៍យកទៅអនុវត្ត។ សម្រាប់អ្នកនយោបាយ ឬចៅហ្វាយនាយគេ ដែលមានចរិតដូចខាងលើ ហើយមនុស្សក្រោមឱវាទចង់ផ្គាប់ចិត្ត លុះត្រាតែធ្វើតាមកថាខណ្ឌ ស្តីពី “របៀបយកចិត្តមនុស្ស” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

មនុស្សគ្រប់រូប ត្រូវតែចេះយកចិត្តមនុស្សដូចគ្នា ដូចជាប្រពន្ធ យកចិត្តប្តី សិស្ស យកចិត្តគ្រូ អ្នកបម្រើ យកចិត្តចៅហ្វាយ អ្នកនយោបាយតូចតាច យកចិត្តអ្នកនយោបាយធំ ប្រទេសតូច យកចិត្តមហាអំណាចជាដើម។ ឯ “របៀបយកចិត្តមនុស្ស” លុះត្រាតែអ្នកយកចិត្តអែបអបនោះ ស្គាល់ចរិតមនុស្សដែលខ្លួនត្រូវផ្គាប់ផ្គុនជាមុនសិន ដែលយើងសូមបរិយាយលម្អិតដូចខាងក្រោម យោងតាមកថាខណ្ឌ “ស្រីហិតោបទេស”។

-យកចិត្តមនុស្សល្មោភ ដោយឱ្យទ្រព្យ ៖ ពាក្យល្មោភ ក្នុងកថាខណ្ឌនេះ សំដៅដល់បុគ្គលដែលមានមហិច្ឆតាឥតព្រំដែន បានហើយចង់បានទៀត ស៊ីមិនចេះឆ្អែតដូចពស់ថ្លាន់។ បើជនណាចង់យកចិត្តបុគ្គលល្មោភបែបនេះ លុះត្រាតែមានសួយសារអាករ ឬយកលាភសក្ការៈទៅជូនយ៉ាងទៀងទាត់។ ទោះយ៉ាងណា មនុស្សគ្រប់រូបសុទ្ធតែត្រូវការលុយដូចគ្នា រកស៊ី ចង់តែបានចំណេញ បើលេងល្បែងស៊ីសង ចង់តែឈ្នះ ហូបអ្វី ចង់តែឆ្ងាញ់ឆ្អែតស្កប់ស្កល់ គ្មានអ្នកណាចង់រកស៊ីខាត ចាញ់ល្បែងបោសគូទ ឬហូបរលីបរលាបអត្តខាត់នោះទេ។ បើមនុស្សត្រូវការលុយដូចៗគ្នាយ៉ាងនេះ លុះត្រាតែឱ្យលុយ ឬដោះស្រាយតែពីរឿងលុយ ទើបត្រូវរ៉ូវស្របចិត្តគំនិតគ្នា។ យ៉ាងណាមិញ បក្សកាន់អំណាច (CPP) ដែលទើបនឹងចេញគោលនយោបាយ ១១ចំណុច និយាយតែពីរឿងលុយនោះ គឺជា “យុទ្ធសាស្ត្រយកចិត្តអ្នកត្រូវការលុយ” នេះឯង។ នៅក្នុងសេចក្តីថ្លែងការណ៍ បង្ហាញគោលនយោបាយថ្មីរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាអាទិ៍ថា “ដំឡើងបៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជារៀងរាល់ឆ្នាំ… ជំរុញកែលម្អថែមទៀតនូវការបើកប្រាក់ឈ្នួលប្រចាំខែ ជូនកម្មករនិយោជិត ដោយរៀបចំបើកក្នុងរយៈពេល២សប្តាហ៍ម្តង ដូចនៅបណ្តាប្រទេសជឿនលឿនមួយចំនួន នៅក្នុងតំបន់…” គោលនយោបាយនេះ មានន័យថា “អូសទាញមនុស្សត្រូវការលុយ និងជីវភាពសមរម្យឱ្យស្របចិត្ត ស្របគំនិតគ្នា កាត់បន្ថយនិន្នាការប្រឆាំង”។

-យកចិត្តមនុស្សមានសម្បត្តិស្តុកស្តម្ភ ដោយអញ្ជលិកម្ម ៖ ឃ្លានេះមិនគួរឆ្ងល់ទេ បើសិនជាបាវព្រាវណាចង់ផ្គាប់ចិត្តសេដ្ឋី គហបតី ឧកញ៉ា ថៅកែ គ្រាន់តែបន្ទន់ក្បាលត្រុនៗ ធ្វើអញ្ជលិកម្ម (ការគោរព) ប្រើទៅលិចៗ ទៅកើតៗនោះ ចៅហ្វាយនាយ នឹងពេញចិត្តមិនខាន ស្របតាមសុភាសិតបុរាណថា “ងើយស្កក ឱនដាក់គ្រាប់”។

-យកចិត្តមនុស្សល្ងង់ ដោយចាក់បណ្តោយតាម ៖ មនុស្សល្ងង់ក្នុងឃ្លានេះ ពុំមែនល្ងីល្ងើ ដប់គត់ ឬល្ងង់ខ្លៅ មិនចេះអក្សរមួយតួនោះទេ ប៉ុន្តែសំដៅដល់ “អ្នកនយោបាយមោហចរិត” ចូលចិត្តធ្វើអ្វីតាមបែបអត្តនោម័ត មិនស្តាប់យោបល់គេឯង។ ចង់យកចិត្តអ្នកនយោបាយមោហចរិត មិនអាចប្រឆាំងជំទាស់បានឡើយ លុះត្រាតែចាក់បណ្តោយតាមរហូត ចាំតែបាទៗរហូត ទើបស្របចិត្តស្របគំនិតគ្នា។

-យកចិត្តបណ្ឌិត ដោយពាក្យសច្ចៈ ៖ ធម្មតាបណ្ឌិតដែលមានគុណធម៌ ចំណេះជំនាញខ្លាំង មិនចូលចិត្តបុគ្គលឡេមឡឺម កុហកភូតភរ បញ្ចើចបញ្ចើលើកជើងដូចមនុស្សល្ងង់នោះទេ។ អ្វីដែលបណ្ឌិតចង់បានពីសហការីក្រោមឱវាទ គឺ “ភាពស្មោះត្រង់ ឃើញយ៉ាងណាថាយ៉ាងហ្នឹង” ជាពិសេស បណ្ឌិតហ៊ានបើកឱ្យកូនចៅរិះគន់ស្ថាបនា ដោយមិនខឹងអ្វីឡើយ ព្រោះ “រិះគន់ស្ថាបនា ជាអាហារបណ្ឌិត”។ ជាទូទៅ អ្នកនយោបាយដែលមានសញ្ញាបត្របណ្ឌិត ចង់បានការរិះគន់ ច្រើនជាងការសរសើរ ដូច្នេះបុគ្គលណាដែលចង់យកចិត្តអ្នកនយោបាយជាបណ្ឌិត លុះត្រាតែនិយាយអ្វីដែលពិត កុំញុះញង់ បង្វែងដាន ទើបត្រូវគ្នា។

ដូច្នេះយើងឃើញថា “មនុស្សលោភ មនុស្សមានទ្រព្យ មនុស្សល្ងង់ និងមនុស្សចេះដឹងជ្រៅជ្រះ (បណ្ឌិត)” មានរបៀបយកចិត្តមិនដូចគ្នាទេ។ ឥឡូវការឃោសនារកសំឡេងឆ្នោត កំពុងប្រព្រឹត្តទៅ ដែលប្រជាពលរដ្ឋអាចមើលឃើញចរិតប្រធានគណបក្សនីមួយៗ តាមរយៈការពិចារណាពី “បុគ្គលិកលក្ខណៈរបស់គាត់” ពិសេសបំផុត បើអ្នកនយោបាយចង់ ទាក់ទាញពលរដ្ឋឱ្យគាំទ្របក្សរបស់ខ្លួន លុះត្រាតែ “សិក្សាឱ្យបានច្បាស់លាស់ពីការចង់បានរបស់ពលរដ្ឋ”។ សម័យនេះ “មនុស្សត្រូវការលុយ” បើចេះដោះស្រាយពីរឿងលុយ អាចនឹងទាក់ទាញមនោសញ្ចោតនាពលរដ្ឋឱ្យប្រែចិត្តអាណិតស្រលាញ់។ ករណី CPP ចេញគោលនយោបាយ ដំឡើងប្រាក់ខែ និងដោះស្រាយបើកលុយ ២ដង ក្នុង១ខែនោះ ច្បាស់ជាកម្មករ-កម្មការិនី សាទរគ្រប់គ្នា ប៉ុន្តែ “ចៀសវាងការចែកអំណោយ” ដូចអ្វីដែលលោកលី ក្វាន់យូ អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី បានទុកមរតកសាសន៍ថា “ចែកអំណោយកើនអ្នកក្រ ចែកមុខជំនាញកើនអ្នកមាន”។

ដោយឡែក បក្សឯទៀត មិនអាចចេញគោលនយោបាយពីរឿងបើកប្រាក់ខែបានឡើយ ប៉ុន្តែបើចង់ទាក់ទាញប្រជារាស្ត្រឱ្យគាំទ្រ អាចផ្តល់នូវអ្វីដែលរាស្ត្រចង់បាន ដោយមិននិយាយពីរឿងលុយ។ យើងឃើញគោលនយោបាយ ១៤ចំណុច របស់គណបក្សហ៊្វុនស៊ិនប៉ិច គ្មាននិយាយពីរឿងលុយនោះទេ តែ “ប្រឆាំងអយុត្តិធម៌សង្គម”។ រីឯបក្សមួយចំនួនទៀត “ប្រឆាំងអំពើពុករលួយ បក្ខពួក គ្រួសារនិយម” បក្សខ្លះទៀត ជ្រើសកសិករដែលមានចំណេះដឹងជ្រៅជ្រះឱ្យឈរឈ្មោះ ជា “បេក្ខជនតំណាងរាស្ត្រ”។ គោលនយោបាយបែបនេះ ក៏ចាត់ទុកថា “យកចិត្តមនុស្សលោភដោយឱ្យទ្រព្យ” នេះឯង ព្រោះអ្នកលោភខ្លះ ចង់បានយុត្តិធម៌ ចង់បានឋានៈតំណាងរាស្ត្រ ចង់ឱ្យមានការផ្លាស់ប្តូរ ចង់បានសង្គមស្អាតស្អំ គ្មានចោរកម្ម គ្រឿងញៀន ល្បែងស៊ីសងដូចសព្វថ្ងៃ។ ដូច្នេះករណីបក្សកាន់អំណាច CPP ចេញគោលនយោបាយថ្មី ពីរឿងដំឡើង ប្រាក់ខែ សម្រាប់តែបំពេញចិត្តមន្ត្រីរាជការ កងប្រដាប់អាវុធ កម្មករ-កម្មការិនី ប៉ុន្តែមិនទាន់ពេញចិត្តប្រជាពលរដ្ឋទូទៅ ដែលកំពុងចង់បានយុត្តិធម៌សង្គម និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្តល់ឱ្យស្មើៗគ្នា។ ការយកចិត្តមនុស្ស មិនមែនជាការងាយស្រួលនោះឡើយ ជួនកាលរដ្ឋាភិបាលដំឡើងប្រាក់ខែជាហូរហែ ក៏នៅតែគ្រូបង្រៀនខ្លះមិនចេញចិត្ត ដោយគាត់ថា “ប្រាក់ខែជាង១លានរៀល មិនទាន់ស្មើកម្មករជំនាញ” គ្រូខ្លះត្អូញថា “ជាង១លានរៀល ទប់មិនជាប់ទេ បើ២លាន ឬស្មើ៥០០ដុល្លារ ទើបត្រេកអរ”។ ចំណែកប្រជាពលរដ្ឋទូទៅ ជាអាជីវករ កសិករ៘ លើកឡើងថា បក្សកាន់អំណាច គិតតែយកចិត្តកម្មករ ដោយផ្តល់អត្ថប្រយោជន៍ច្រើន ដើម្បីទាញសន្លឹកឆ្នោត ដូចជាផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗ និងប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ជាដើម ភ្លេចគិតដល់ពួកគាត់ដែលជាប្រជាពលរដ្ឋទូទៅ ដែលគួរតែបានទទួល អត្ថប្រយោជន៍ដូចគ្នាដែរ…។ អ៊ីចឹង ជភភ ដូចជាយ៉ាប់ណាស់ រឿងយកចិត្តមនុស្ស ព្រោះតែរឿងលុយ ហើយក៏មិនអាច ដំឡើងប្រាក់ខែដល៥០០ដុល្លារ បានភ្លាមៗ តាមការចង់បានពីគ្រូមួយចំនួននោះនៅឡើយ ខណៈដែលថវិកាជាតិនៅមានកម្រិត។ ជាងនេះទៀត គណបក្ស ១៩ បានបញ្ចោញគោលនយោបាយ “ប្រឆាំងអំពើពុករលួយ អយុត្តិធម៌សង្គម” ប៉ុន្តែ CPP អត់និយាយពីរឿងពុករលួយ រឿងព្រៃឈើ រឿងដីធ្លី អាចធ្វើឱ្យបក្សខ្លះ “ស៊ីឡាក” បានយ៉ាងស្រួល ទោះជាគ្មាន លុយយកចិត្តអ្នកត្រូវការលុយក៏ដោយចុះ។

សរុបទៅ “របៀបយកចិត្តមនុស្ស” បានលេចចេញតាមរយៈគោលនយោបាយបក្សនីមួយៗ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។ គោលការណ៍សំខាន់ៗ មានតែ២គឺ “ឱ្យលុយ” និង “ប្រឆាំងការផ្តល់អំណោយ” កំពុងប្រតោងប្រទាញគ្នា លើសង្វៀនប្រជាធិបតេយ្យ។ ទោះយ៉ាងណា ប្រហែលជាមិនឈ្នះ CPP ដែលនិយាយពីរឿងលុយនោះទេ ព្រោះមនុស្សណាក៏ត្រូវការលុយដែរ ប៉ុន្តែបើបានជាឱ្យលុយ ត្រូវឱ្យរហូត បើកប្រាក់ខែឱ្យទៀងទាត់តាមការសន្យា ដំឡើងឱ្យបានរាល់ឆ្នាំ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ កុំរើសអើងនិន្នាការពុំមែនតែមួយផ្នែក ឬមួយជ្រុង ទើបធានាថា CPP នៅតែមានការគាំទ្រឱ្យបន្តដឹកនាំប្រទេសរហូត៕

RELATED ARTICLES