Saturday, April 20, 2024
Homeសម្រស់មូលហេតុដែលធ្វើឲ្យស្បែកមានជាតិខ្លាញ់ និងវិធីការពារ៥យ៉ាង

មូលហេតុដែលធ្វើឲ្យស្បែកមានជាតិខ្លាញ់ និងវិធីការពារ៥យ៉ាង

ស្បែករបស់មនុស្សយើងម្នាក់ៗ មានភាពខុសប្លែកគ្នា គឺអ្នកខ្លះមានស្បែកស្ងួត ខ្លះមានស្បែកខ្លាញ់ និងខ្លះមានស្បែកផ្សំ ទើបបញ្ហាស្បែករបស់មនុស្សម្នាក់ៗ ក៏ខុសគ្នាដែរ…។

ដោយសារអាកាសធាតុក្តៅស្អុះស្អាប់ មិនថាធ្វើកិច្ចការអ្វីក៏បែកញើស ដែលនេះជាមូលហេតុធ្វើឱ្យមនុស្សភាគច្រើន ប្រឈមនឹងបញ្ហាស្បែកមុខខ្លាញ់ ដែលនាំឱ្យកើតមុន ព្រោះធូលីកខ្វក់ផ្សេងៗទៅប្រមូលផ្តុំជាប់នៅលើផ្ទៃមុខ  ដែលសូម្បីមនុស្សស្បែកស្ងួត ក៏អាចមានបញ្ហាមុខខ្លាញ់បានដែរ។

ជាធម្មតា រាងកាយរបស់មនុស្សយើង មានក្រពេញខ្លាញ់ (Sebaceous Glands) នៅក្រោមស្បែក ធ្វើតួនាទីផលិតខ្លាញ់ ដែលចាំបាច់សម្រាប់ស្បែក និងរាងកាយ និងផលិតសារធាតុសំខាន់ៗជាច្រើន ដូចជា ស្កាឡែន (Squalene) ដែលជួយការពារស្បែក និងជួយរក្សាសំណើមរបស់ស្បែក។ ប៉ុន្តែការដែលក្រពេញខ្លាញ់ ផលិតខ្លាញ់ច្រើនខុសប្រក្រតី អាចជំរុញឱ្យកើតមុន និងស្នាមអុជខ្មៅផ្សេងៗ។

ក្រៅពីនេះ នៅមានបច្ច័យផ្សេងៗទៀត ដែលជាមូលហេតុធ្វើឱ្យស្បែកខ្លាញ់បានផងដែរ ដូចជា ភាពតានតឹង អាកាសធាតុ អ័រម៉ូនប្រែប្រួល ឬមកពីផលិតផលថែស្បែកផ្សេងៗ ដែលប្រើប្រាស់។

ទោះជាយ៉ាងណា វិធី៥យ៉ាង ខាងក្រោមនេះ អាចជួយឱ្យអ្នកចៀសវាងពីបញ្ហាស្បែកមុខខ្លាញ់បាន ៖

១-ចៀសវាងការត្រូវកម្តៅថ្ងៃ ៖

ពន្លឺថ្ងៃដែលក្តៅៗ ជាមូលហេតុមួយដែលធ្វើឱ្យផ្ទៃមុខរបស់អ្នកកើតញើស និងភាពខ្លាញ់។ អ្នកគួររកឧបករណ៍ ដូចជា មួក ឬឆត្រ ដែលអាចជួយការពារមុខរបស់អ្នកពីកម្តៅថ្ងៃ និងសំខាន់គឺគួរលាបក្រែមការពារកម្តៅថ្ងៃ ដែលជួយគ្រប់គ្រងភាពខ្លាញ់ ដើម្បីការពារផ្ទៃមុខរបស់អ្នក ពីការកើតស្នាមអុជខ្មៅ។

២-ប្រើផលិតផលថែស្បែក ដែលមិនមានផ្សំជាតិខ្លាញ់ ៖

ការប្រើផលិតផលថែស្បែក ដែលមានផ្សំជាតិខ្លាញ់ អាចទៅបង្កើនភាពខ្លាញ់ដល់ស្បែកមុខខ្លាំងឡើង ដូច្នេះអ្នកគួរប្រើផលិតផលថែស្បែក ប្រភេទជែល ឬហ្វូមលាងមុខ រូបមន្តត្រជាក់ ដើម្បីនាំមកនូវភាពស្រស់ថ្លាដល់ស្បែកមុខ និងគួរចៀសវាងការប្រើហ្វូមលាងមុខ ដែលមានគ្រាប់ ឬប្រភេទក្រែមខាត់ស្បែក ព្រោះវត្ថុទាំងនេះជំរុញឱ្យស្បែកផលិតខ្លាញ់ច្រើនឡើង។

៣-ប្រយ័ត្នរឿងអាហារហូបចុក ៖

អាហារប្រភេទខ្លះអាចជាអ្នកជំរុញឱ្យមុខខ្លាញ់ខ្លាំងឡើងបាន ជាពិសេស អាហារប្រភេទ ចៀន ឬអាហារដែលមានខ្លាញ់ ព្រោះវានឹងទៅជំរុញឱ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ច្រើនឡើង។ វិធីដែលល្អ អ្នកគួរទទួលទានអាហារដែលមានប្រយោជន៍ចំពោះរាងកាយ ដូចជា អាហារដែលសម្បូរទៅដោយវីតាមីន A និង វីតាមីនផ្សេងៗ ដែលអាចជួយបន្ថយភាពខ្លាញ់លើផ្ទៃមុខរបស់អ្នកបាន។

៤-រក្សាភាពស្អាតស្បែកមុខ ៖

ក្នុងមួយថ្ងៃៗ ស្បែកមុខរបស់អ្នកត្រូវប្រឈមនឹងល្អងធូលី និងវត្ថុកខ្វក់ផ្សេងៗជាច្រើន ទើបអ្នកគួររក្សាភាពស្អាតរបស់ផ្ទៃមុខជាប្រចាំ។ ប៉ុន្តែប្រការគួរប្រយ័ត្ន គឺមិនគួរលាងមុខញឹកញាប់ពេក ព្រោះនឹងធ្វើឱ្យស្បែកជំរុញការបញ្ចោញជាតិខ្លាញ់មកច្រើនឡើង។

៥-ផឹកទឹកឱ្យច្រើន ៖

ដូចដែលអ្នកបានដឹងរួចមកហើយថា ការពិសាទឹកច្រើនៗ ចាត់ទុកជាការល្អ ព្រោះក្រៅពីរក្សាភាពស្អាតពីខាងក្នុងហើយ ថែមទាំងជួយឱ្យស្បែកមានសំណើម និងជាការកម្ចាត់វត្ថុកខ្វក់ចេញពីរាងកាយ រួមទាំងជាវិធីមួយទៀត ដែលជួយកម្ចាត់បន្ថយភាពខ្លាញ់លើផ្ទៃមុខផងដែរ។

ដូច្នេះ ក្នុងមួយថ្ងៃ អ្នកគួរពិសាទឹកស្អាតឱ្យបាន៥-៧កែវ (រួមទាំងទឹកពីអាហារ ឬភេសជ្ជៈផ្សេងៗ) តែមិនគួរពិសាកាហ្វេ ឬភេសជ្ជៈមានជាតិអាល់កុលនោះទេ ព្រោះជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ជាអ្នកធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកទៅវិញទេ បើចង់ពិសាកាហ្វេ ឬភេសជ្ជៈ មានជាតិអាល់កុល (គ្រឿងស្រវឹង) គួរពិសាក្នុងបរិមាណតិចតួច និងកុំញឹកញាប់ពេក៕

RELATED ARTICLES