Friday, March 29, 2024
Homeសង្គម និងជីវិតសុំលុយម៉ែមិនបាន ចងកសម្លាប់ខ្លួន

សុំលុយម៉ែមិនបាន ចងកសម្លាប់ខ្លួន

ខេត្តកណ្តាល ៖ យុវជនម្នាក់ ព្រោះតែតូចចិត្តនឹងរឿង សុំលុយម្តាយ១ម៉ឺនរៀលមិនបាន ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង១០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។

យុវជនគំនិតខ្លីដែលចងកធ្វើអត្តឃាតព្រោះតែខឹងសុំលុយម្តាយមិនបាននេះ មានឈ្មោះកុយ សំណាង អាយុ១៦ឆ្នាំ មុខរបរកសិករ មានឪពុកឈ្មោះគង់ កុយ មុខរបរកសិករ ម្តាយឈ្មោះប៊ូ លាង អាយុ៥៣ឆ្នាំ មុខរបរលក់កាហ្វេ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានមកសុំលុយពីគាត់ជាម្តាយ ចំនួន១ម៉ឺនរៀល តែដោយសារគាត់លក់កាហ្វេមិនដាច់ ទើបប្រាប់ទៅកូនប្រុស វិញថា គ្មានលុយឱ្យទេ ព្រោះលក់កាហ្វេអត់ដាច់។

ស្ត្រីជាម្តាយរូបនេះ បន្តថា លុះសុំលុយពីគាត់អត់បាន កូនប្រុសក៏មិនមាត់កអ្វីដែរ តែបានទាញម៉ូតូជិះចេញទៅក្រៅបាត់មួយសន្ទុះ ទើបត្រឡប់ទៅផ្ទះវិញ។ ពេលចូលមកដល់ផ្ទះ កូនប្រុសរបស់គាត់បានអង្គុយនៅក្រោមផ្ទះក្នុងសភាពទឹកមុខស្រងូតស្រងាត់ប្លែក លុះមួយស្របក់ ក្រោយមក គេក៏កាន់ទូរសព្ទ័ឡើងទៅខាងលើផ្ទះសម្ងំបាត់ទៅ។ បន្ទាប់មក នៅវេលាម៉ោង៤ និង១០នាទីរសៀល គាត់បានប្រើឱ្យប្តីឡើងទៅមើល កូនប្រុស ពេលនោះប្តីគាត់បានឈរពីក្រោមផ្ទះស្រែកហៅកូនដែរ តែមិនឮសូរសំឡេងឆ្លើយតបសោះ ទើបឡើងទៅមើល ស្រាប់តែប្រទះឃើញ កូនប្រុស បានចងកសម្លាប់ខ្លួនបាត់ទៅហើយ ទើបស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាងមកចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍៕

RELATED ARTICLES