Saturday, April 20, 2024
Homeសង្គម និងជីវិតអ្នកស្រុកចោទចេះអាបធ្មប់ រត់ទៅប្តឹងប៉ូលិស

អ្នកស្រុកចោទចេះអាបធ្មប់ រត់ទៅប្តឹងប៉ូលិស

ខេត្តកំពត ៖ ស្ត្រីម្នាក់ ត្រូវបានអ្នកស្រុកភូមិនាំគ្នាចោមរោមចោទប្រកាន់ថា ចេះធ្វើអំពើអាបធ្មប់ និងចេះមន្តអាគមអូមអាម (ផ្លូវងងឹត) បង្កឱ្យមនុស្សឈឺ និងស្លាប់ជាហូរហែ លុះភ័យខ្លួនចំពោះការចោទប្រកាន់របស់អ្នកស្រុក ស្ត្រីរូបនេះ ក៏បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយដឹងលឺ និងជួយអន្តរាគមន៍ ពិសេសជួយរកយុត្តិធម៌ដល់ខ្លួន។
ស្ត្រីដែលទទួលរងការចោទប្រកាន់ថាចេះអំពើអាបធ្មប់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានវ័យប្រមាណជាង៤០ឆ្នាំ និងមានលំនៅក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច។

តាមប្រភពពីអ្នកភូមិបានឱ្យដឹងថា កន្លងមកនៅក្នុងមូលដ្ឋានខាងលើ មានមនុស្សឈឺស្លាប់ជាហូរហែ លុះមានរឿងកើតឡើងផ្ទួនៗបែបនេះ ទើបប្រជាពលរដ្ឋក្នុងភូមិ ពិសេសសមាជិកគ្រួសារអ្នកជំងឺ ឬអ្នកស្លាប់ ចេះតែនាំគ្នាសរសេរបង្ហោះហ្វេសប៊ុក ចោទប្រកាន់មកលើស្ត្រីខាងលើថា ជាអ្នកធ្វើអំពើមកលើសាច់ញាតិរបស់ខ្លួន ឱ្យឈឺរ៉ាំរ៉ៃមើលមិនជា រហូតដល់មានអ្នកខ្លះស្លាប់ជាបន្តបន្ទាប់ទៀតផង។

ក្រោយពីត្រូវទទួលរងការចោទបែបនេះ ទើបស្ត្រីខាងលើ បានសម្រេចរត់មកដាក់ពាក្យបណ្តឹង កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសមត្ថកិច្ចឱ្យជួយរកយុត្តិធម៌។  ជាមួយនេះប្រជាពលរដ្ឋនៅក្នុងភូមិខាងលើជាច្រើនគ្រួសារ មានប្រតិកម្មឈានដល់ប្រមូលផ្តុំគ្នានៅសាលាឃុំកំពង់ត្រាចខាងលិច ហើយបានធ្វើដំណើរមកកាន់ប៉ុស្តិ៍ប៉ូលិស ខណៈប្រជាពលរដ្ឋក្នុងភូមិដឹងថា ស្ត្រីដែលគេសង្ស័យថា ចេះអំពើអាបធ្មប់នោះ ត្រូវបានមកកាន់ប៉ុស្តិ៍ប៉ូលិស ដោយមានការសួរនាំពីសំណាក់អាជ្ញាធរឃុំ ស្រុកនិងសមត្ថកិច្ចផងដែរ៕

RELATED ARTICLES