Thursday, April 25, 2024
Homeបរិយាយបរិយាយថ្ងៃនេះ ៖ ចិន មិនដូចគ្នា

បរិយាយថ្ងៃនេះ ៖ ចិន មិនដូចគ្នា

ជាទូទៅ ប្រជាពលរដ្ឋខ្មែរ ឱ្យតែមានស្បែកសជ្រះបន្តិច ច្បាស់ជាជាប់សែស្រឡាយចិន មិនខានឡើយ ខណៈដែលជនជាតិខ្មែរ សុទ្ធមានសម្បុរខ្មៅ ឬស្រអែមដូចជនជាតិភាគតិចនៅខេត្តរតនគិរី ជាដើម។ ដោយហេតុតែខ្មែរ ជាប់ឈាមជ័រជាមួយចិន ទើបតាំងពីបុរាណមក មិនសូវទាស់គ្នាជាមួយជនជាតិចិន ដែលទើបធ្វើចំណាកស្រុកថ្មីនោះទេ ប៉ុន្តែសព្វថ្ងៃ ជនជាតិចិនអន្តោប្រវេសន៍ ត្រូវរងនូវការរិះគន់ពីខ្មែរ ម្ចាស់ស្រុកមិនធម្មតា។ ករណីនោះបណ្តាលមកពី “ចិន មិនដូចគ្នា” ឬថា ចិនកុងម៉ា ពីដើម និងចិនឥឡូវ ខុសគ្នាឆ្ងាយណាស់ ដែល “នគរធំ” សូមលើកករណី “ជនជាតិចិន” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ….។

“ចិន” ជាមហាប្រទេសនៅទ្វីបអាស៊ី មានផ្ទៃដីធំល្វឹងល្វើយ ទំហំ9/6លានគីឡូម៉ែត្រក្រឡា មានប្រជាជនដ៏ច្រើនមហិមា ស៊ីដាច់គេលើពិភពលោក ចំនួន134ពាន់លាននាក់ យោងតាមស្ថិតិប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាតិសាសន៍ចិន ចែកជា “56 ជនជាតិ” ក្នុងនោះ “ជនជាតិហាន់” មានជាង90ភាគរយឯណោះ ធ្វើឱ្យទឹកដីមហាអំណាចអាស៊ីនេះ ណែនចង្អៀតរហូតដល់រដ្ឋាភិបាលចិន ដាក់ច្បាប់កំណត់យកកូនតែ1ប៉ុណ្ណោះ ក្នុង1គ្រួសារ បើមានលើស ត្រូវទទួលទោស។ ជនជាតិចិន បានធ្វើចំណាកស្រុក ទៅរស់នៅពាសពេញពិភពលោក ដោយសារសឹកសង្គ្រោម វិបត្តិសេដ្ឋកិច្ច ជាដើម ហើយបានបង្កាត់ពូជមនុស្សស្ទើរគ្រប់ប្រទេស ដូចនៅប្រទេសសិង្ហបុរី ជាដើម ភាគច្រើនជាអម្បូរចិន។

ជនជាតិចិន បានចូលមកកម្ពុជា តាំងពីសម័យគោកធ្លក ដោយមានអ្នកស្រាវជ្រាវជួយកត់ត្រាប្រវត្តិសាស្ត្រខ្មែរ សូម្បីតែព្រះនាមព្រះមហាក្សត្រខ្មែរ ក៏ចិន ដាក់ឱ្យដែរ ដូចជា “ព្រះបាទហ៊ុន ទៀន ព្រះនាងលីវ យី ព្រះបាទហ្វាន់ ចេម៉ាន់ ព្រះបាទហ្វាន់ ស៊ីយុន” ជាដើម។ អ្នកស្រាវជ្រាវចិន សំខាន់នៅសម័យគោកធ្លក និងនគរភ្នំ មាន “លោកកាំង ថៃ (Kang Tai) លោកឈូ យីង (Tchou Ying) លោកយី ស៊ីង (Yi Tsing) លោកស្យុន សាង (Hiuan Tsang) ជាដើម”។ ចំណែកនៅសម័យអង្គរ មាន “លោកជីវ តាក្វាន់ (Tcheou ta Kouan)” ដែលបានចងក្រងអត្ថបទស្រាវជ្រាវស្តីពី “ប្រពៃណីរបស់អ្នកស្រុកចេនឡា”។ នៅសម័យអង្គរ ព្រះមហាក្សត្រខ្មែរ បានជួលកម្មករចិន ឱ្យជួយកសាងប្រាសាទធំៗ ជាហេតុនាំឱ្យលោកសាស្ត្រចារ្យ កេង វ៉ាន់សាក់ សរសេរកំណាព្យសរសើរចិន ថា “ចិនទេសាងអង្គរ”។ ចូលមកដល់សម័យឧដុង្គ ជនជាតិចិន 4នាក់ ដែលមានជំនាញយុទ្ធសាស្ត្រជើងទឹក មានឈ្មោះ “ចិន ចាន់កុក, ឡុក ចុងអៀ, សាម ចាន់ទៀវ និងចៀវ ចាន់កុក” ត្រូវបានព្រះមហាក្សត្រខ្មែរ “ព្រះបាទស្រីធម្មរាជា ហៅព្រះរាជសម្ភារ” តែងតាំងជា “មេពលទូក” និងជាកងរក្សាព្រះអង្គ។ ដោយឡែក “ព្រះបាទអង្គឌួង” ក៏បានតែងតាំងសេដ្ឋីចិន 8នាក់  ឱ្យឡើងឋានៈជា “ឧកញ៉ា“ ដូចជា “ឧកញ៉ាភោគាកៃ, ឧកញ៉ាពិភិតសម្បត្តិ, ឧកញ៉ាសុវត្ថិទ្រព្យា” ជាដើម ដែលឧកញ៉ាចិន ទាំងនោះ សុទ្ធតែពាក់ “ស័ក្តិ7ហ៊ូពាន់”។ នៅពេលចូលគាល់ព្រះមហាក្សត្រម្តងៗ ឧកញ៉ាចិន ទាំងនោះ ត្រូវស្លៀកសំពត់ចងក្បិន ពាក់អាវសកត្រង់ ឡេវមាស ដូចមន្ត្រីខ្មែរ ប៉ុន្តែសក់គាត់ក្រងកន្ទុយទា ជាកំប៉ោយ រហូតជាប់ពាក្យថា “កំប៉ោយចិន ក្បិនខ្មែរ” រហូតមក។

ចូលមកដល់សម័យអាណាព្យាបាលបារាំង ជនជាតិចិន បានចូលមកដល់ស្រុកខ្មែរ កាន់តែច្រើន ខណៈដែល “ម៉ៅ សេទុង និងជាងកាយជៀក” ច្បាំងគ្នាដណ្តើមអំណាច។ ជនជាតិចិន ដែលគេចពីការចាប់ធ្វើទាហាន បានរត់ចុះទូក សំពៅ មកដល់កម្ពុជា មានតែសម្ពាយម្នាក់1 លុះមកដល់ក៏ចាប់ផ្តើមរកស៊ី ដោយព្យាយាមបំផុត ខ្លះជាកម្មករចម្ការម្រេចនៅខេត្តកំពត ឬថែចម្ការកៅស៊ូ នៅខេត្តកំពង់ចាម។ លោកតាមហាកវី ង៉ុយ បានសរសេរពីរឿងចិន នេះថា “ចិន មកពីស្រុកនាយ មានសម្ពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចម្ការ។ កវែកចង្ក្រានឆ្នាំង ផ្សំកម្លាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លា ជាដើមទុន។ ទំនិញមានគ្រប់មុខ ផ្ទាប់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវូជោរជន់ពេញជង្រុក”។ ឃ្លោងឃ្លានេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ជនជាតិចិន ពីមុនប្រកបរបររកស៊ីសុចរិតទៀងត្រង់ បើវៀចខ្លះ ត្រឹម “ស៊ីភ្នែកជញ្ចីង” មិនដែលលួចប្លន់ខ្មែរទេ។ កម្មករដែលស៊ីឈ្មួលរែកទឹកស្រោចម្រេចខ្លះ លុះចេះនិយាយភាសាខ្មែរ ក៏យកប្រពន្ធខ្មែរគ្រប់គ្នា កើតបានជាកូន ពូនជាចៅ រហូតមក សូម្បីអាចារ្យថាំ ក៏មានកុងទួត ជាកម្មករស្រោចម្រេចដែរ ប៉ុន្តែយាយទួត ជាខ្មែរសុទ្ធ។

ជនជាតិចិន នៅកម្ពុជា មាន4អម្បូរ គឺ “ចិនទាជីវ ចិនកាតាំង ចិនហៃណាំ និងចិនហុកគៀន”។ ចិន ទាំងអស់នេះ បែងចែកជា ”13ត្រកូល” គឺត្រកូល “ឡោ, យ៉ាង, ស៊ុនអ៊ី, តាំង, គួច, លី, អ៊ឹង, ហ្គូវ, សេង, ស្រេង, ជីវ, យី, ស៊ី”។ សព្វថ្ងៃ អម្បូរ និងត្រកូល លែងសំខាន់ទៀតហើយ ព្រោះមានកូនចៅសែស្រឡាយចិន ដែល“មិនចេះភាសាចិន” គឺក្លាយជាខ្មែរអស់ទៅហើយ ប៉ុន្តែយើងអាចកត់សម្គាល់បានថា បើគ្រួសារខ្មែរ ណារៀបចំពិធី “ចូលឆ្នាំចិន, ឆេងម៉េង, សែនក្បាលទឹក, សែននំអ៊ី, សែននំចាំង ហែអ្នកតា៘” ហ្នឹងហើយជាកូនចៅចិន។

និយាយរួម ចិន ពីមុន និងចិនចំណូលថ្មីសព្វថ្ងៃ មិនដូចគ្នាទេ ពោលគឺកុងម៉ា ជំនាន់មុន រកស៊ីសុចរិត “មានម្លូ ស្លា ជាដើមទុន” ប៉ុន្តែចិន ចូលមកកម្ពុជាពេលនេះ មានមួយចំនួន “ធ្វើចោរ ឬចាប់ជំរិតគ្នា ជួញដូរគ្រឿងញៀន ជួញដូរផ្លូវភេទ”។ ថ្ងៃណាក៏ឃើញកាសែតចុះផ្សាយពីសកម្មភាពជនជាតិចិន ដែលមានតែ2ពូជ គឺ “ចិនដីគោក និងចិនតៃវ៉ាន់” ដែលភាគច្រើនជាយុវជន ពេលមកដល់កម្ពុជា ខ្លះគ្មានលិខិតឆ្លងដែន គ្មានឯកសារអ្វីទេ ស្រាប់តែហ៊ានបង្កបញ្ហាល្មើសច្បាប់ ប៉ូលិសចាប់មិនឈ្នះ។ មន្ត្រីរដ្ឋាភិបាលចិន ពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា បានប្រាប់អាជ្ញាធរខ្មែរថា “គាត់មិនគាំទ្រជនជាតិចិន ល្មើសច្បាប់ទាំងនោះទេ និងស្នើឱ្យភាគីកម្ពុជា ធ្វើតាមច្បាប់ទៅ”។ ទោះជាមន្ត្រីចិន ប្រាប់យ៉ាងនេះក្តី ដោយសារពាក់ព័ន្ធដល់មិត្តភាព ទើបអាជ្ញាធរកម្ពុជា “ធ្វើលំៗ” មិនសូវហ៊ានធ្វើខ្លាំងជាមួយជនជាតិចិន ល្មើសច្បាប់ទាំងនោះទេ។ ចិន ចាប់ជំរិតគ្នាឯងតាមប្រព័ន្ធអ៊ីនធើរណេតយកលុយ ក៏ដូចជា ចិនបើករថយន្តបុកខ្មែរស្លាប់ ចិនស្រវឹងវាយតប់គ្នា រត់ប្រសាចដូចហ្វូងគោ និងចិនមានកាំភ្លើងកាន់ កំពុងរំខានប៉ូលិសនៅខេត្តព្រះសីហនុ ធ្ងន់កជាងខេត្តឯទៀត។ បើនៅប្រទេសចិន អ្នកធ្វើចោរប្លន់ សម្លាប់គេ ចៀសមិនផុតពី “ទោសប្រហារជីវិត” ទើបយើងមិនសូវឃើញមានចោរកម្មនៅប្រទេសចិន ព្រោះចោរខ្លាចព្យួរកទាំងរស់ ប៉ុន្តែអកុសលអ្វី ចិនខ្លះមកដល់ស្រុកខ្មែរ ដឹងថា “ខ្មែរគ្មានទោសប្រហារជីវិត” ក៏ហ៊ានប្រព្រឹត្តអំពើខុសច្បាប់ ធ្វើឱ្យសមត្ថកិច្ចខ្មែរ ឈឺក្បាលវិលមុខមិនតិចទេ។

ទោះយ៉ាងណា ក៏មានតាញៀនកាហ្វេម្នាក់ និយាយថា “ខ្ញុំចង់បានចិន មកនៅកាន់តែច្រើនកាន់តែល្អ ដើម្បីទប់ឥទ្ធិពលជនជាតិវៀតណាម ដែលមកនៅពីមុន ព្រោះយួនខ្លាចចិន”។ តាម្នាក់ទៀត បញ្ចោញយោបល់ថា “បើមានតែចិន និងយួនបែបនេះ មិនស្រួលទេ បើអាចបើកផ្លូវឱ្យជនជាតិជប៉ុន មកនៅបន្ថែមទៀត ទើបល្អ”។ តាម្នាក់ទៀតចាក់បណ្តោយតាមថា “មែនហើយ មុំចង្ក្រាន ទាល់តែមាន3 ឬបោះពៅ ដាំបាយ ទាល់តែ3 ទើបកល់ឆ្នាំងជាប់”។ ការសន្ទនានេះ យើងអាចយល់បានថា តាៗញៀនកាហ្វេ ចង់ឱ្យចិន មកនៅ ដើម្បីទប់យួន ប៉ុន្តែដើម្បីកុំឱ្យមានទំនាស់ ត្រូវហៅជប៉ុន មកនៅទៀត ដូចបោះពៅ។ គួរយល់ថា “ពៅ” ជាឈើ3កំណាត់ សម្រួចចុង បោះភ្ជាប់នឹងដី ឈមរកគ្នាដូចចង្ក្រាន សម្រាប់អ្នកចូលព្រៃ ដាំបាយក្បែរមាត់អូរ។ ពៅខ្លះពេលបាយឆ្អិន ក៏ឆេះអស់ទៅ ខ្លះទៀតឆេះមិនអស់ លុះត្រូវភ្លៀង ក៏ចេញលំពង់ ដែលព្រានព្រៃជឿថា ជារបស់ស័ក្តិសិទ្ធិ ក៏ដកយកពៅនោះ ទៅឆ្លាក់ជាបន្តោងព្រះ សម្រាប់ការពារអាប ធ្មប់ ខ្មោច បិសាច ជាដើម។ ដូច្នេះករណីជនជាតិចិន ចំណាក​​ស្រុក កំពុងបង្កបទល្មើស ប៉ុន្តែក៏មានតាៗចង់ឱ្យនៅនោះ អាស្រ័យលើរាជរដ្ឋាភិបាល ព្រោះថា ជារឿងបុគ្គល ពុំមែនជាកំហុសរដ្ឋាភិបាលចិន នោះទេ។

សរុបទៅ “ចិន មិនដូចគ្នា” គ្រាន់តែចង់លើកអតីតកាលមកបង្ហាញ ប្រៀបធៀបនឹងបច្ចុប្បន្នកាលតែប៉ុណ្ណោះ ខណៈដែលចិន ចូលមកដល់កម្ពុជា ពេលនេះ មិនដូចកុងម៉ាជំនាន់មុន។ កុងម៉ាយើង គាត់រកស៊ីដោយព្យាយាមសន្សំបន្តិចម្តងៗ ក្លាយទៅជាអ្នកមានស្តុកស្តម្ភ ជា “អុងប៉ាង ជាថៅកែ ជាកុងស៊ី” ប៉ុន្តែសព្វថ្ងៃ ចិនខ្លះចូលមកដល់ភ្លាម ចេះរបៀបរកស៊ីឱ្យឆាប់មាន ដូចជាធ្វើចោរលួចប្លន់ជាដើម ព្រោះគេដឹងថា “ច្បាប់ខ្មែរធូរ” ជាពិសេសយោគយល់ដល់មិត្តភាពនេះឯង៕

RELATED ARTICLES