Friday, March 29, 2024
Homeសម្រស់មូលហេតុ៥ បណ្តាលឱ្យសក់ជ្រុះ

មូលហេតុ៥ បណ្តាលឱ្យសក់ជ្រុះ

បញ្ហាសក់ស្តើង សក់ជ្រុះ ជាបញ្ហាធំមួយ ដែលធ្វើឱ្យខូចបុគ្គលិកលក្ខណៈ និងសម្រស់ ទាំងបុរស និងស្ត្រី ដែលអ្នកគួរដឹងពីមូលហេតុនៃការជ្រុះសក់នេះ ដើម្បីរកវិធីដោះស្រាយ…។

អ្នកអាចសង្កេតមើលថា ខ្លួនឯងមានបញ្ហាសក់ជ្រុះឬអត់ គឺនៅពេលកក់សក់ មានសក់ជ្រុះច្រើន ឬនៅពេលបោសផ្ទះ ឃើញមានសក់ជ្រុះច្រើន ថែមទាំងមានអារម្មណ៍ថា សក់ស្តើង បើមិនប្រញាប់រកវិធីដោះស្រាយទេ អាចនាំឱ្យមានបញ្ហាកាន់តែធ្ងន់ រហូតដល់ក្បាលតម្ពែកក៏មាន។

មូលហេតុ ៥យ៉ាង ធ្វើឱ្យសក់ជ្រុះ ៖

១-ភាពតានតឹង ឬស្ត្រេស ៖ មនុស្សដែលមានភាពតានតឹង ឬស្ត្រេស អ័រម៉ូនអាចខុសប្រក្រតី រហូតធ្វើឱ្យសក់ជ្រុះ ហើយអ្នកខ្លះនៅពេលមានភាពតានតឹង ចូលចិត្តទាញសក់លេង ដោយមិនដឹងខ្លួន។ វិធីដែលល្អ គឺអ្នកគួរហ្វឹកហាត់ខ្លួនឯងកុំឱ្យមានភាពតានតឹងព្យាយាមបន្ធូរអារម្មណ៍ ផ្លាស់ប្តូរបែបបទជីវិតថ្មី ហើយរកវិធីបន្ធូរភាពតានតឹងដែលមានប្រយោជន៍ ដូចជា ហាត់ប្រាណ ជាដើម។

២-មេរោគផ្សិត ៖ មូលហេតុមួយនៃការជ្រុះសក់ គឺឆ្លងមេរោគផ្សិតនៅស្បែកក្បាល ហើយមូលហេតុដែលនាំឱ្យកើតរោគផ្សិតនៅស្បែកក្បាល គឺភាពកខ្វក់ និងភាពផ្អាប់សើម។ ដូច្នេះ អ្នកគួរផ្លាស់ប្តូរស្រោមខ្នើយ សម្អាតក្រាសសិតសក់ និងសម្អាតស្បែកក្បាល និងសក់ឱ្យស្អាត ដោយការកក់សក់។ បើកក់សក់នៅពេលយប់ ត្រូវប្រាកដថា សក់ស្ងួតសិន សឹមចូលគេង ព្រោះបើគេងទាំងសក់នៅសើម អាចធ្វើឱ្យកើតរោគផ្សិតនៅស្បែកក្បាល នាំឱ្យមានអាការរមាស់ ក្រហាយ បន្ទាប់មកនឹងធ្វើឱ្យសក់ជ្រុះ។

៣-ចងសក់តឹងពេក ៖ អ្នកដែលចូលចិត្តចងសក់បែបតឹងៗ អាចប្រឈមនឹងបញ្ហាសក់ជ្រុះ ដោយសារការចងសក់តឹងពេក ធ្វើឱ្យសក់មិនអាចផ្តល់ជាតិបំប៉នទៅចិញ្ចឹមឫសសក់ និងចុងសក់បានគ្រប់គ្រាន់ ហើយការចងតឹងៗ គឺជាមូលហេតធ្វើឱ្យសក់ជ្រុះ។

៤-ខ្វះជាតិដែក ៖ សរសៃសក់ ត្រូវការជាតិដែក ទើបមានភាពរឹងមាំ ដូចនេះ បើខ្វះជាតិដែក នឹងធ្វើឱ្យសក់ទន់ខ្សោយ ងាយដាច់ជ្រុះ។ ដូចនេះ អ្នកគួរទទួលទានអាហារពពួកបន្លែ ស្លឹកបៃតង ត្រី សាច់មាន់ ស៊ុតក្រហម ធញ្ញជាតិ សណ្តែកក្រហម ល្ពៅ ប៉េងប៉ោះ ជាដើម។

៥-លាបថ្នាំសក់ ៖ ស្ត្រីទាំងឡាយណាដែលចូលចិត្តលាបថ្នាំពណ៌សក់ញឹកញាប់ នឹងមានផលប៉ះពាល់ដោយផ្ទាល់ដល់សុខភាពសក់ ធ្វើឱ្យស្បែកក្បាលកើតអាការរមាស់ បណ្តាលឱ្យជ្រុះសក់។ ដូច្នេះ គួរចៀសវាងការធ្វើគីមីចំពោះសក់ បើចង់ប្តូរពណ៌សក់ គួរធ្វើយូរៗម្តងបានហើយ និងត្រូវជ្រើសប្រើថ្នាំពណ៌លាប ដែលមិនមានសារធាតុគីមីខ្លាំងពេក៕

RELATED ARTICLES