Friday, April 19, 2024
Homeព័ត៌មានជាតិប្រុសម្នាក់ ស្រី២នាក់ ស្លាប់ភ្លាមៗពេលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ

ប្រុសម្នាក់ ស្រី២នាក់ ស្លាប់ភ្លាមៗពេលមេឃកំពុងធ្លាក់ភ្លៀងរលឹមស្រិចៗ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដើរទៅមើលត្រាក់ទ័រភ្ជួរដី ចំណែកស្ត្រី២នាក់ទៀត ដែលសុទ្ធសឹងតែជាអ្នករស់នៅក្នុងភូមិជាមួយគ្នា កំពុងដាំដំឡូងនៅខាងក្រោយភូមិ ក៏ស្រាប់តែមេឃបានធ្លាក់ភ្លៀងរលឹមស្រិចៗ រួចក៏កើតជាបាតុភូតធម្មជាតិ រន្ទះបាញ់ប្រហារអ្នកទាំង៣នាក់ នៅកន្លែងផ្សេងៗគ្នា បណ្តាលឱ្យស្លាប់ក្នុងពេលតែមួយយ៉ាងអាណោចអាធ័ម។

ករណីរន្ទះបាញ់មនុស្ស៣នាក់ស្លាប់ព្រមគ្នា ត្រឹមមួយប៉ព្រិចភ្នែកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ។

ជនរងគ្រោះទាំង៣នាក់ ដែលត្រូវរន្ទះបាញ់ស្លាប់ រួមមាន ទី១-ឈ្មោះឆម សំណាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ ត្រូវរន្ទះបាញ់ស្លាប់នៅចំណុចព្រំជ័យ ស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ  ទី២-ឈ្មោះវ៉ិន សុណុំ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរកសិករ និងទី៣-ឈ្មោះសាម លីដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ។ អ្នកទាំងពីរត្រូវរន្ទះបាញ់ស្លាប់នៅចំណុចអូរឆ្ពេះ ខាងកើតភ្នំ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះអ្នកទាំង៣នាក់ ម្នាក់ឈរមើលត្រាក់ទ័រភ្ជួរដី ចំណែក២នាក់ទៀត កំពុងដាំដំឡូងមី នៅកន្លែងផ្សេងគ្នា តែនៅក្នុងភូមិសាស្ត្រភូមិអូរបាក់ត្រាជាមួយគ្នា ស្រាប់តែមួយសន្ទះក្រោយមក គេឃើញផ្ទៃមេឃបានចាប់ផ្តើមខ្មៅងងឹត លាយឡំជាមួយភ្លៀងរលឹមស្រិចៗ ព្រមទាំងមានខ្យល់ និងផ្គររន្ទះទៀតផង ស្រាប់តែមិនបានប៉ុន្មាន រន្ទះក៏បានឆក់យកជីវិតកសិករទាំង៣ខាងលើ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសពជនរងគ្រោះទាំង៣នាក់ និងធ្វើកំណត់ហេតុរួច ក៏ប្រគល់សពជនរងគ្រោះទាំង៣នាក់ ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានអំពាវនាវដល់បងប្អូនប្រជាកសិករ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីបាតុភូតធម្មជាតិនេះ ដោយមិនត្រូវជ្រកភ្លៀងនៅក្រោមដើមឈើ ឬកាន់វត្ថុអ្វីដែលអាចងាយឆ្លងចរន្ត ដើម្បីចៀសវាងផុតពីគ្រោះថ្នាក់ ជាយថាហេតុ៕

RELATED ARTICLES