Saturday, April 20, 2024
Homeព័ត៌មានជាតិរថយន្តទំនើប Ferrari ជ្រុលចង្កូតបុកលូមុខផ្ទះលោកជា សុផារ៉ា

រថយន្តទំនើប Ferrari ជ្រុលចង្កូតបុកលូមុខផ្ទះលោកជា សុផារ៉ា

ភ្នំពេញ ៖ រថយន្តទំនើបម៉ាកហ្វើរ៉ារីមួយគ្រឿង (Ferrari) បើកបរក្នុងល្បឿនលឿនដូចហោះ បានបោះពួយជ្រុលចង្កូត រេពេញផ្លូវ រួចក៏ឡើងលើខឿនថ្មចិញ្ចើមផ្លូវ បន្តទៅបុករីហ្គាលូទឹកស្អុយ កៀបជាប់នឹងដើមត្នោត តាមចិញ្ចើមផ្លូវមុខភូមិគ្រឹះលោកជា សុផារ៉ា ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសស្រាលស្រាលប៉ុណ្ណោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ត្រង់ចំណុចមុខភូមិគ្រឹះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់។

រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះ ម៉ាក ហ្វើរ៉ារី (Ferrari) ពណ៌ក្រហម ជាប្រភេទរថយន្តទំនើប និងមានតម្លៃកប់ពពក ពាក់ស្លាកលេខភ្នំពេញ 2AJ-7777 បើកបរដោយបុរសម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្ត ក៏ស្រាប់តែរេចង្កូតទៅឆ្វេងដៃបន្តិច ភ្លាមៗនោះអ្នកបើកបរក៏បួងចង្កូតមកខាងស្តាំដៃវិញ ធ្វើឱ្យជ្រុលទៅបុកឡើងលើខឿនផ្លូវ និងជ្រុលទៅបុកគម្របលូ ដែលនៅអែបចិញ្ចើមផ្លូវ បណ្តាលឱ្យរថយន្តកៀបជាប់នឹងដើមត្នោត ទៅមុខលែងរួចតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ និងសមត្ថកិច្ចជំនាញក្រុងបានមកដល់កន្លែងកើតហេតុ ពិនិត្យមើល ប៉ុន្តែដោយឃើញរថយន្តខាងលើមិនបង្កឱ្យប៉ះពាល់រងការខូចខាតទ្រព្យសម្បត្តិរដ្ឋ ប៉ះពាល់តែសម្បត្តិឯកជនរបស់ខាងផ្ទះលោកជា សុផារ៉ា ហើយម្ចាស់រថយន្តបានចេញមុខ មកដោះស្រាយជាមួយតំណាង ដោយយល់ព្រមជួសជុលឱ្យម្ចាស់ផ្ទះទាំងស្រុង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ទើបអនុញ្ញាតិឱ្យម្ចាស់រថយន្ត ហៅរថយន្តស្ទូចមកធ្វើការស្ទូចរថយន្តទំនើបខាងលើ យកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES