ប្រពន្ធនាំទៅស្រោចទឹកបាន១ថ្ងៃ ប្តីចងកស្លាប់

0
2229

ខេត្តកំពង់ធំ ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិគ្រួរ  ឃុំដូង  ស្រុកប្រាសាទបល្ល័ង្គ។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះហាប ហាវ អាយុ៣០ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះកែវ កេន អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងតែងតែនិយាយប្រាប់គាត់ថា មិនចង់រស់ទេ ចង់តែស្លាប់ លុះនាងសួរ ទៅប្តីវិញថា ម៉េចចឹង? ប្តីក៏និយាយតបវិញថា ដូចជាមិនស្តាយអ្វីទេ គឺចង់តែស្លាប់ ក្រោយមកនាងក៏បាននាំប្តីចេញទៅរកស៊ីនៅប្រទេសថៃបាត់ទៅ នឹកថា ប្តីអាចនឹងភ្លេចរឿងដែលចង់ស្លាប់នេះ។

ស្ត្រីជាប្រពន្ធបន្តថា លុះមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នាងនិងប្តី ទើបនឹងត្រឡប់មក ពីរកស៊ីនៅប្រទេសថៃវិញ រួចក៏បបួលប្តីទៅលេងផ្ទះឪពុកក្មេកនៅភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ តែប្តីប្រកែកមិនព្រមទៅនោះទេ លុះនាង ប្រាប់ប្តីថា ជូនឯងទៅរកគ្រូខ្មែរស្រោចទឹក ក្រែងឈឺទៀត ទើបប្តីនាងក៏ព្រមទៅជាមួយ និងបានធ្វើដំណើរទៅដល់ផ្ទះឪពុកក្មេកនៅម៉ោងប្រហែល ៣រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។

ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា ក្រោយពីទៅដល់ផ្ទះឪពុកក្មេកហើយ នាងក៏បាននាំប្តីទៅស្រោចទឹក រួចត្រឡប់មកហូបបាយជុំគ្នាវិញ ស្រាប់តែហូបបាយល្ងាចរួច ប្តីនាងបានប្រាប់ថា ដូចជាមិនស្រួលខ្លួន ទើបនាងបានកោសខ្យល់ឱ្យប្តី បន្ទាប់មកក៏នាំគ្នាដេកលង់លក់ទៅ។ លុះព្រឹកឡើងម៉ោងប្រហែល៥ទៀបភ្លឺ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ គាត់ក្រោកពីដេកក៏បាត់មិនឃើញប្តី ក៏ដើររកលើផ្ទះមិនឃើញ ចុះមកដីស្រាប់តែឃើញប្តី ចងកនឹងខ្សែនីឡុងពណ៌ខៀវ ចងកស្លាប់តែម្តង៕