Friday, April 26, 2024
Homeតារាខ្មែរកែវ ពេជ្រពិសី ប្រឹងធ្វើបុណ្យ ប៉ងជួបស្នេហ៍ពិត

កែវ ពេជ្រពិសី ប្រឹងធ្វើបុណ្យ ប៉ងជួបស្នេហ៍ពិត

កែវ ពេជ្រពិសី បាត់ខ្លួនតាមកម្មវិធីសិល្បៈជាយូរខែមកហើយ ព្រោះតែនាងបានផ្តោតលើការពង្រឹងលើមុខជំនួញជាជាងការលេងសិល្បៈ ហើយពេលនេះ ហាងសម្អាងការនាងដែលបានបើកជិត៧ឆ្នាំនោះ បានរើពីផ្លូវកម្ពុជាក្រោម ទៅព្រែកលៀប វិញ។ ការលែងអើពើនឹងអាជីពចាស់ដែលពេជ្រពិសី ប្រឹងតស៊ូជាង១០ឆ្នាំនោះ នាំឱ្យមានការសង្ស័យថា អ្នកមេម៉ាយរូបស្រស់នេះ ជាប់ទ្រុងគូស្នេហ៍ថ្មីរើខ្លួនមិនរួចឡើយ ដែលបុរសដែលចូលខ្លួនសុំធ្វើជាអ្នកស្អំរបួសបេះដូងពិសី នោះ ត្រូវបានគេបង្ហើបឱ្យដឹងថា ជាមន្ត្រីធំផ្កាយ៣ម្នាក់ ដែលមានទ្រព្យស្តុក។

ទោះជាយ៉ាងណា កែវ ពេជ្រពិសី តែងច្រានចោលដំណឹងនេះជានិច្ច ដោយអះអាងថា នាងឈប់ពីសិល្បៈពេលនេះមិនមែនទាំងស្រុងនោះទេ គឺគ្រាន់តែផ្អាកមួយរយៈពេលប៉ុណ្ណោះ ដោយចង់ផ្តល់ឱកាសឱ្យប្អូនៗតារាជំនាន់ក្រោយ ដែលមានសមត្ថភាពវិញម្តង ព្រោះពេលនេះ នាងវ័យរាងជ្រេទៅហើយ មិនអាចយកការងារសិល្បៈ ជាជំហានទី១ ដូចមុនទៀតទេ គឺការរកស៊ីជម្រើសដំបូង ចំណែកអាជីពសិល្បៈ នាងនៅតែឆ្លៀតបន្ត បើសិនជាមានគេហៅឱ្យធ្វើជាពិធីការិនី និងការថតភាពយន្តណាមួយដែលស័ក្តិសមជាមួយនាងសម្តែងនោះ។

ក្រោយលែងចង់មានការប្រកួតប្រជែងយកភាពល្បីល្បាញក្នុងអាជីពសិល្បៈទៀត ហើយគិតតែលើការពង្រឹងហាងសម្អាងការនោះ កាលពីព្រឹកថ្ងៃទី០៥ ខែតុលា នេះ កែវ ពេជ្រពិសី  បានលេចមុខនៅដាក់បាត្រកាន់បិណ្ឌទី១០ ក្នុងវត្តមួយ នៅរាជធានីភ្នំពេញ ហើយអ្នកដែលស្គាល់ពិសី បានសួរសុខទុក្ខតារារូបនេះពីមូលហេតុនៃការដកខ្លួនចេញពីអាជីពសិល្បៈនេះ ហើយពួកគេសរសើរថា ពិសី នៅតែស្អាតដូចមុនទៀតផង គ្រាន់តែរាងឡើងគីឡូជាងមុនបន្តិច។ ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងចែកទានដល់ចាស់ជរាមួយចំនួននេះ កែវ ពេជ្រពិសី មានបំណងប្រាថ្នាតែមួយគត់ គឺសូមកុំឱ្យនាងជួបរឿងអភ័ព្វស្នេហ៍ដូចពេលនេះទៀត និងសូមឱ្យក្រុមគ្រួសាររបស់នាងបានសុខសប្បាយដូចគេ។ ពេជ្រពិសី ក្នុងឈុតអាវប៉ាក់សំពត់ហូលនោះ មិនមានបណ្តើរគូស្នេហ៍ថ្មីជាសាធារណៈឱ្យគេបានស្គាល់ឡើយ គឺនាងទៅវត្តជាមួយប្អូនស្រីនាង កញ្ញាកែវ ពេជ្ររចនា ហើយគេឃើញពិសី មានទឹកមុខស្រស់ថ្លាខ្លាំងណាស់។

កែវ ពេជ្រពិសី បានរៀបការជាមួយអាណិកជនខ្មែរ នៅអូស្ត្រាលី លោកចន្ថា ស្រី កាលពីឆ្នាំ២០១០ អំឡុងពេលដែលអាជីពសិល្បៈរបស់នាងកំពុងហក់ឡើងខ្លាំង។ ប៉ុន្តែ ចំណងស្នេហាជាមួយថៅកែឡនំប៉័ងនោះ មានអាយុតែជាង២សប្តាហ៍ប៉ុណ្ណោះ ពួកគេបានលែងលះគ្នាយ៉ាងទាន់ហន់ ខណៈដែលភាគីអតីតប្តីនាង បានចោទប្រកាន់ពិសី ថា នាងបានបោកលុយ១០ម៉ឺនដុល្លារ ដើម្បីយកលុយមកបើកហាងសម្អាងការ តែពិសី ច្រានចោល ដោយនាងអះអាងថា មិនបានទទួលលុយពីអតីតប្តីដូចសាច់ញាតិបានចោទនោះទេ ហើយលុយបើកសម្អាងការនោះ គឺបានមកពីនាងដាក់ប្លង់ផ្ទះបញ្ចាំនៅធនាគារ។

កែវ ពេជ្រពីសី ដែលធ្លាក់ខ្លួនមេម៉ាយ ស្ទើរតែមិនគួរឱ្យជឿនោះ មកនាងបានដកឃ្លាពីសិល្បៈបន្តិចម្តងៗ និងមិនព្រមចេញទៅច្រៀងសម្តែងនៅប្រទេសអូស្ត្រាលី ទៀតឡើយ ព្រោះមិនចង់ប្រឈមជាមួយអតីតប្តី បើទោះជាពេលនេះថៅកែឡនំប៉័ងរូបនោះ មានភរិយាថ្មីទៀតទៅហើយក្តី។

ប្រភពបានឱ្យដឹងថា ពេលនេះកែវ ពេជ្រពិសី មានប្រុសដល់ទៅ៣នាក់ តាមប្រជែងគ្នាសុំស្នេហ៍ ក្នុងនោះ ត្រូវបានគេបង្ហើបឱ្យដឹងថា លោកផ្កាយ៣ និងលោកឧកញ៉ា២ រូបផ្សេងទៀត។

 

RELATED ARTICLES