Thursday, March 28, 2024
Homeតារាខ្មែរខេមរៈ ស្រីពៅ បងប្រុសព្យាយាមលាក់ជំងឺ

ខេមរៈ ស្រីពៅ បងប្រុសព្យាយាមលាក់ជំងឺ

ការធ្លាក់ខ្លួនដេកលើគ្រែពេទ្យក្នុងបន្ទប់សង្គ្រោះបន្ទាន់ របស់អតីតតារាចម្រៀងសាន់ដេ នាងខេមរៈ ស្រីពៅ នោះ ធ្វើឱ្យមហាជន និងអ្នកសិល្បៈជាច្រើនបានសម្តែងការអាណិតអាសូរចំពោះប្អូនស្រីខេមរៈ សិរីមន្ត នេះជាខ្លាំង សូម្បីតែតារាកំពូលទើសម៉ៃ សុគន្ធ ដែលធ្លាប់តែវាយប្រហារសិរីមន្ត ឡើងស្ពឹកមុខនោះ ក៏បានចេញមកបួងសួងសូមឱ្យស្រីពៅ ឆាប់ជាសះស្បើយ និងបានឡើងឆាកតន្ត្រី បម្រើអារម្មណ៍ទស្សនិកជន ដូចមុនវិញដែរ។

ប៉ុន្តែអ្វីដែលចម្លែក គឺរហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់ខេមរៈ ស្រីពៅ នៅតែមិនព្រមបញ្ជាក់ពីប្រភេទជំងឺរបស់នាងពិតឱ្យគេបានដឹងឡើយ។ តាមរយៈការថ្លែងសារអាណិតប្អូនស្រីជាខ្លាំង របស់តារាចម្រៀងល្បីឈ្មោះផលិតកម្មរស្មីហង្សមាស ខេមរៈ សិរីមន្ត មិនបានអះអាងថា ស្រីពៅ កើតជំងឺអីឱ្យពិតប្រាកដនោះឡើយ គឺគ្រាន់តែអះអាងថា ត្រូវវះកាត់ដែលមិនអាចគេចផុត ខណៈដែលអ្នកយកព័ត៌មានយើងបានសាកសួរទៅលោកខេមរៈ ភារុណ ដែលជាអ្នកនិពន្ធ និងបងប្រុសបង្កើតរបស់ស្រីពៅ នោះ ក៏លោកភារុណ មិនបង្ហាញថា ប្អូនស្រីរបស់លោកកំពុងតែមានជំងឺអ្វីឱ្យពិតប្រាកដនោះដែរ ដោយអះអាងតាមសិរីមន្ត ថា ជំងឺនោះត្រូវវះកាត់មិនអាចចៀសបាន ហើយលោកមិនហ៊ានសន្និដ្ឋានថា ក្នុងដំណាក់កាលនោះ ធ្ងន់ធ្ងរកម្រិតណា ឬក៏ជាជំងឺអ្វីឱ្យពិតដែរ ព្រោះមិនចង់ថាមុនគ្រូពេទ្យ បើទោះជាខេមរៈ ស្រីពៅ បានបាត់ខ្លួនពីឆាកតន្ត្រីជាច្រើនឆ្នាំទៅហើយក្តី។

លោកភារុណ ថែមទាំងមិនច្បាស់លាស់ថា តើប្អូនស្រីលោកស្រីពៅ នឹងអាចវិលចូលសិល្បៈវិញបាន ឬយ៉ាងណានោះទេ ព្រោះលោកថា ការវះកាត់អ៊ីចឹង ក៏ត្រូវព្យាបាលយូរដែរ។

គួរបញ្ជាក់ថា អំឡុងពេលឡើងកូដនៅសាន់ដេ នោះ ខេមរៈ ស្រីពៅ ស្រាប់តែដកខ្លួនចេញពីអាជីពចម្រៀងជាបន្ទាន់ ហើយពេលនោះមានព័ត៌មានថា ស្រីពៅ ប្រើឡេបកស្បែកខុស ប្រតិកម្មរលេះរលួយស្បែក ហើយសម្ងំព្យាបាលដេកលើកន្ទេលស្លឹកចេក នៅស្រុកកំណើតរបស់នាងខេត្តកំពង់ចាម។ ប៉ុន្តែ ភ្លាមៗនោះ សិរីមន្ត បានចេញវីដេអូអះអាងថា ខេមរៈ ស្រីពៅ មានជំងឺក្រពះ និងរលាកបំពង់កតម្រូវឱ្យព្យាបាលនៅប្រទេសថៃ ហើយតារាចម្រៀងរូបនេះ បានព្រមានថា បើសិនជាមានផលិតផលណាមួយ ដែលប្អូនស្រីលោកប្រើទៅនាំឱ្យរលួយស្បែក ដូចការលេចឮមែននោះ ក្នុងនាមលោកជាបងប្រុសម្នាក់របស់នាង គឺសូមប្តូរហើយ គឺមិនអនុញ្ញាតឱ្យផលិតផល ឬគ្លីនិកនោះ មានចរាចរលើទីផ្សារជាដាច់ខាត៕

RELATED ARTICLES