Thursday, April 25, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ប្រកាសបោះបង់អាជីពចាស់លើកទី២

ចន ច័ន្ទលក្ខិណា ប្រកាសបោះបង់អាជីពចាស់លើកទី២

ចន ច័ន្ទលក្ខិណា ហៅមុំ បានប្រកាសជំហរសាជាថ្មីថា អ្នកនាងនឹងសម្រចចិត្តដើរចេញពីអាជីពភាពយន្តសាជាថ្មីយ៉ាងពិតប្រាកដ ហើយគិតចាប់ពីពេលនេះតទៅ ព្រោះអ្នកនាងចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយ ដែលមានទេពកោសល្យបានសាងស្នាដៃម្តង។

អ្នកនាងចន ច័ន្ទលក្ខិណា បានថ្លែងសារនេះ នៅក្នុងកម្មវិធីសម្ពោធរឿង “កូនពស់កេងកង” របស់ផលិតកម្មរស្មីហង្សមាស នៅផ្សារទំនើបអ៊ីអន សែន សុខ កាលពីថ្ងៃទី២៨ ខែតុលា ខណៈដែលការជម្រាបលាពីអាជីពសម្តែងនេះ កាលពីឆ្នាំមុន អតីតភរិយាលោកយុត្ថារ៉ា ឆាន្នី នេះ ក៏ធ្លាប់លើកឡើងម្តងដែរហើយ។

ចន ច័ន្ទលក្ខិណា វាចាថា “កាលពីឆ្នាំមុន ខ្ញុំធ្លាប់ប្រាប់អ្នកកាសែតម្តងរួចទៅហើយថា ខ្ញុំឈប់ថតកុនទៀត ហើយតែចៃដន្យអី ខាងហង្សមាស ហៅថត ដោយស្តាយរឿងល្អ និងមានអ្នកដឹកនាំល្បីឈ្មោះ ជាលោកហ្វៃ សំអាង ក្នុងរឿង “កូនពស់កេងកង” នេះ ខ្ញុំក៏ត្រឡប់មកថតភាពយន្តម្តងទៀត ព្រោះខ្ញុំនឹងគាត់ធ្វើការជាមួយគ្នាជិត២០ឆ្នាំមកហើយ។ ខ្ញុំក៏បានថតរឿងមួយទៀត ឱ្យហង្សមាស ដែរ គឺរឿង “រាជិនីភូមិគ្រឹះ” អ៊ីចឹងខ្ញុំសូមប្រកាសសាជាថ្មីថា រឿង២នេះជាស្នាដៃចុងក្រោយរបស់នាងខ្ញុំ ហើយចាប់ពីពេលនេះតទៅ ខ្ញុំសូមផ្អាកការសម្តែងភាពយន្តត្រឹមហ្នឹងហើយ”។

ការបោះបង់អាជីពសម្តែងរបស់អ្នកនាងចន ច័ន្ទលក្ខិណា នៅពេលនេះ ក្រោយពេលដែលអ្នកនាងបានក្លាយទៅជាថៅកែផលិតកម្មសិល្បៈខ្មែរភាពយន្ត ហើយអ្នកនាងក៏ជាប្រធានសមាគមសិល្បករខ្មែរផងដែរ។ បន្ទាប់ពីអ្នក្មនាងចន ច័ន្ទលក្ខិណា បានលែងលះជាមួយអតីតប្តី លោកយុត្ថារ៉ា ឆាន្នី កាលពីឆ្នាំ២០១១ និងបន្សល់ចំណងដៃកូនស្រីម្នាក់នោះ ពេលនេះអ្នកនាងបានភ្ជាប់ស្នេហ៍ថ្មីជាមួយពោះម៉ាយកូន១ លោកហេង ឡុង ដែលជាប្រធានសមគមមិត្តសិល្បៈស្មគ្រ័ចិត្តជួយសង្គម តែចំណងស្នេហ៍រស់ក្រោមដំបូលតែមួយ ជាង៦ឆ្នាំនេះ មិនទាន់មានពន្លឺនៃការចូលរោងការឡើយ ស្របពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា ធ្លាប់អះអាងថា នឹងរៀបការ ក្រោយពេលសាងសង់វីឡាទ្រនំស្នេហ៍ដែលជាកាដូគូស្នេហ៍ថ្មីរួច៕

RELATED ARTICLES