Friday, April 19, 2024
Homeព័ត៌មានជាតិចាប់ខ្លួនអ្នកកាសែត ប្រើឈ្មោះមន្ត្រីសាលាខេត្ត ដើរសុំលុយជប់លៀង

ចាប់ខ្លួនអ្នកកាសែត ប្រើឈ្មោះមន្ត្រីសាលាខេត្ត ដើរសុំលុយជប់លៀង

ខេត្តសៀមរាប ៖ ហេតុការណ៍ឃាត់ខ្លួនអ្នកកាសែត២នាក់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ាន សុខា ហៅពៅ ហៅសានពៅ អាយុ៤៣ឆ្នាំ មុខរបរ អ្នកសារព័ត៌មានគេហទំព័រការពិត ស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប និង២-ឈ្មោះគឹម ហាន អាយុ៣៨ឆ្នាំ មុខរបររត់ម៉ូតូ ឌុប (ជាអ្នកដើរយកលុយ) ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ អ្នកទាំងពីរ បានដើរធ្វើសកម្មភាពយកឈ្មោះលោកធូ ចន្តុល ជាមន្ត្រីនៃការិយាអន្តរវិស័យរបស់សាលាខេត្តសៀមរាប កុហកបោកប្រាស់ប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មជាច្រើនក្នុងខេត្តសៀមរាប ថា លោកធូ ចន្តុល ឱ្យមកយកស្រាបៀរដើម្បីយកទៅជប់លៀងនៅសាលាខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ បានបញ្ជាក់ប្រាប់ថា ដោយពលរដ្ឋមានការសង្ស័យ រាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានថា មានជនសង្ស័យ២នាក់បានយកឈ្មោះថ្នាក់ដឹកនាំខេត្ត ជិះម៉ូតូដើរសុំលុយ និងសុំស្រាបៀរពីអាជីវករនៅក្នុងសង្កាត់សាលា កំរើក ខណៈនោះលោកបានខលទៅសួរខាងសាលាខេត្តថា នៅសាលាខេត្តមានជប់លៀងដែរឬអត់? ហើយខាងនោះបានឆ្លើយវិញថា អត់មានទេ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា រូបគេទាំង២ពិតជាបានយកឈ្មោះលោកធូ ចន្តុល ជាមន្ត្រីសាលា ខេត្តសៀមរាប ទៅកុហកអាជីវករលក់ដូរ ដើម្បីយកស្រាបៀរចំនួន៧កេសពិតប្រាកដមែន៕

RELATED ARTICLES