Saturday, April 20, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ លែងស្និទ្ធគូដណ្តឹងមេ បានតំណែងធំ

ឆន សុវណ្ណរាជ លែងស្និទ្ធគូដណ្តឹងមេ បានតំណែងធំ

ឆន សុវណ្ណរាជ ដែលស្ទើរតែបាត់បង់ភាពផ្អែមល្ហែមទាំងស្រុងជាមួយដៃគូ នាងឱក សុគន្ធកញ្ញា  ព្រោះលែងហ៊ានឱបគ្នាលើឆាកដូចមុនទៀត ដោយសារខ្លាច “មេ” ជាអនាគតស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ប្រចណ្ឌនោះ ថ្មីៗនេះ ត្រូវបានហង្សមាស លើកបន្តុបថែមមួយក្រឺតទៀត តាមរយៈការឱ្យតំណែងធំជាគណៈកម្មការ កម្មវិធី Cambodian Got’s Talent រដូវកាលទី២ ដោយចាប់ដៃជាមួយព្រាប សុវត្ថិ, នាយកុយ, នាយក្រឹម និងខាត់ សុឃីម។ នេះជាការបន្ថែមទំនុកចិត្តថែមទៀតទៅលើឆន សុវណ្ណរាជ បន្ទាប់ពីអ្នកចម្រៀងរូបនេះ កំពុងតែកាន់កាប់តំណែងធំ២ រួចជាស្រេច ដែលហង្សមាស បានទិញសិទ្ធិពីបរទេសនោះ គឺជាគ្រូបង្វឹក (Coach) ក្នុងកម្មវិធី The Voice Cambodia និង Cambodian Idol។

មហាជនបានលើកឡើងថា ឆន សុវណ្ណរាជ មិនមែនជាគ្រូបង្វឹកដែលសម្បូរវោហារស័ព្ទដូចលោកណុប បាយ៉ារិទ្ធ ដែលនិយាយដោយពាក្យបច្ចេកទេសនោះទេ ព្រោះកន្លងមក គេឃើញសុវណ្ណរាជ ច្រើនតែនិយាយរាងរដាក់រដុបជាងគេ ក្នុងចំណោមគ្រូបង្វឹកទាំងអស់ ប៉ុន្តែ តាមក្រុមការងារហង្សមាស បានឱ្យដឹងថា មូលហេតុដែលផលិតកម្មធំនេះ លើកនិងទុកចិត្តសុវណ្ណរាជ ឱ្យកាន់កម្មវិធីធំនោះ ដោយសារតែតារាចម្រៀងរូបនេះ មានចរិតថ្លៃថ្នូរធ្វើការគោរពពេលវេលាបានជាហង្សមាស ឱ្យកាន់កម្មវិធីធំទាំងនេះ ដោយមិនព្រមទម្លាក់ឱ្យទៅតារាផ្សេងទៀតធ្វើជំនួសនោះ។

ថ្វីត្បិតតែមានការអះអាងយ៉ាងនេះក្តី តែមហាជនបានមើលឃើញថា ឆន សុវណ្ណរាជ ត្រូវបានហង្សមាស លើកតម្កើងកាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោក ដល់ទៅ៣ព្រមគ្នានេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការប្រឹងទប់ទីផ្សារតារាចម្រៀងរោមទ្រូងច្រើននេះ កុំឱ្យធ្លាក់ចុះថែមទៀតប៉ុណ្ណោះ។

ប្រភពនោះបានឱ្យដឹងថា ឆន សុវណ្ណរាជ មិនមានបទចម្រៀងណាផ្ទុះដូចមុនទៀតទេ នារយៈពេលចុងក្រោយនេះ ជាពិសេស តាំងពីការមកដល់របស់តារាចម្រៀងជើងខ្លាំងខេមរៈ សិរីមន្ត នោះ ធ្វើឱ្យសុវណ្ណរាជ កាន់តែពិបាកទប់លំនឹងទីផ្សារថែមទៀត បូករួមទាំងណុប បាយ៉ារិទ្ធ ផងដែរ គឺមិនអាចតទល់ជាមួយសិរីមន្ត បានទេ។ ហេតុនេះហើយការលើកឆន សុវណ្ណរាជ ឱ្យកាន់កម្មវិធីធំៗទាំងនោះ គឺដើម្បីចៀសវាងកុំឱ្យទីផ្សារអ្នកចម្រៀងរូបនេះ បន្តធ្លាក់ចុះថែមទៀតប៉ុណ្ណោះ។

ក្រៅពីក្តាប់តំណែងធំ៣ព្រមគ្នានៅពេលនេះ ឆន សុវណ្ណរាជ ក៏ត្រូវហង្សមាស រុញឱ្យទៅថតតួឯកដល់ទៅ២រឿងផងដែរ គឺរឿង “សិសិររដូវក្នុងបេះដូង” ដែលបានដាក់បញ្ចាំងរួច និងរឿង “ខ្ញុំមានញាណលើស” កំពុងដំណើរការថត ហើយតាមក្រុមការងារហង្សមាស បានឱ្យដឹងដែរថា ហង្សមាស នឹងមានភាពយន្តភាគរបស់ខ្លួនក្រោយៗទៀត សម្រាប់សុវណ្ណរាជ ផងដែរ ដោយផ្អែកថា សុវណ្ណរាជ ច្រៀងក៏បាន សម្តែងក៏បាននោះ អ៊ីចឹងហើយជាមើលរំលងតារាមួយចំនួនទៀតរបស់ខ្លួន។

ឆន សុវណ្ណរាជ ធ្លាប់ប៉ះរឿងស្នេហាដ៏រសើបថា តារាចម្រៀងល្បីឈ្មោះរូបនេះ មានប្រុសតាមស្រលាញ់ច្រើនជាងស្រី តែសុវណ្ណរាជ ធ្លាប់ច្រានចោល ហើយបានប្រកាសនៅលើឆាកតន្ត្រីថា ខ្លួនស្រលាញ់តារារួមទ្រនំ នាងឱក សុគន្ធកញ្ញា ពេញៗមាត់ ដោយពេលខ្លះពេលពួកគេច្រៀងសម្តែងរួមគ្នា ស្រាប់តែឱបគ្នាលើឆាកយ៉ាងស្អិតល្មួតទៀតផង។

ប៉ុន្តែពេលថ្មីៗនេះ ឱក  សុគន្ធកញ្ញា លេងមួយក្បាច់ដាច់ផ្ងារសុវណ្ណរាជ តាមរយៈការទៅភ្ជាប់ពាក្យជាមួយមេរបស់សុវណ្ណរាជ គឺលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា នោះ ធ្វើឱ្យសុវណ្ណរាជ លែងហ៊ានស្និទ្ធស្នាល ឬឱប សុគន្ធកញ្ញា ដូចមុនទៀតហើយ ព្រោះខ្លាចមេប្រចណ្ឌ។

ទស្សនិកជននិយាយថា ពេលនេះ សុវណ្ណរាជ បាត់បង់ភាពផ្អែមល្ហែមជាមួយសុគន្ធកញ្ញា មែន តែហង្សមាស បានលួងចិត្តតាមរយៈការឱ្យតំណែងធំជាគណៈកម្មការកម្មវិធី Cambodian Got’s Talent ដោយបង្ហាញខ្លួនជាផ្លូវការកាលពីសប្តាហ៍មុននេះ ទើបធ្វើឱ្យអតីតតារាចម្រៀងផលិតកម្ម U2 រូបនេះ ស្រស់ថ្លាឡើងវិញ ហើយថែមទាំងបានធ្វើខួបកំណើតឱ្យសុគន្ធកញ្ញា និងអនាគតប្តីនាង លោកអ៊ឹង សុខលី ទៀតផង។

ទស្សនិកជនរង់ចាំមើល ថា គូស្នេហ៍សុវណ្ណរាជ ជាប្រុសឬស្រី នៅពេលដែលមានទាំង២ភេទ តាមស្នេហ៍ព្រមគ្នាបែបនេះ?៕

RELATED ARTICLES