Friday, March 29, 2024
Homeព័ត៌មានជាតិជំពាក់បំណុលគេខ្លាំងពេក អត់លុយសង លោតទឹកសម្លាប់ខ្លួន

ជំពាក់បំណុលគេខ្លាំងពេក អត់លុយសង លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសដែលគំនិតខ្លី ប៉ុនប៉ងធ្វើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះលឹម សម្បត្តិ អាយុ៣០ឆ្នាំ ជាអ្នកលក់ផលិតផលប្រេងកូឡា មានលំនៅផ្ទះលេខ៧អា ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ១គ្រឿងម៉ាកធូដេ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CJ-3086 ធ្វើដំណើរឡើងស្ពានជ្រោយចង្វា ក្នុងទិសដៅពីកើតទៅលិច។ លុះទៅដល់ពាក់កណ្តាលស្ពាន ជនរងគ្រោះក៏បានឈប់ម៉ូតូចោល ហើយបានតោងបង្កាន់ដៃស្ពាន រួចក៏លោតចូលទៅក្នុងទឹកសម្លាប់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា នៅពេលដែលលោតសម្លាប់ខ្លួននោះ គេឃើញបុរសរងគ្រោះ ដោយសារតែចេះហែលទឹក ទើបមិនលិចចូលទឹកនោះ ទេ បានអណ្តែតឡើងមកវិញ និងប្រឹងហែលខ្វៃៗ ខណៈដែលផ្ទៃទឹកទន្លេ កំពុងហូរកួចត្របាញ់យ៉ាងខ្លាំង ហើយភ្លាមនោះ គេឃើញប្រជានេសាទ ដែលនៅក្បែរស្ពានប្រទះឃើញ ក៏ចេញទៅជួយស្រង់សង្គ្រោះ រួចនាំជនរងគ្រោះរូបនោះ ទៅប្រគល់ឱ្យនគរបាលប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនរងគ្រោះ បានឆ្លើយយ៉ាងខ្លីថា មូលហេតុដែលខ្លួនមកលោតទឹកសម្លាប់ខ្លួន គឺដោយសារមានបញ្ហាក្នុង គ្រួសារផង និងជំពាក់លុយគេចំនួន១១០ដុល្លារ អត់លុយសងគេផង។ និយាយបានតែប៉ុណ្ណេះ បុរសរូបនោះបានខ្ចប់មុខ លែងនិយាយស្តីអ្វីទាំងអស់៕

RELATED ARTICLES